នៅក្នុងត្រីមាសទី៤ ឆ្នំា ២០១៣ កំណើនសេដ្ឋកិច្ចដែលកូរ៉េខាងត្បូងទទួលបានមានចំនួន ៣,១% ទល់នឹង ៣,៩% កាលពីត្រីមាសទី៤ ក្នុងឆ្នំា ២០១២។ តួលេខនេះពិតជាមិនខុសគ្នានឹងតួលេខដែលក្រុមអ្នកសេដ្ឋកិច្ចបានទាយទុកនោះទេ។ នៅក្នុងសេចក្តីជូនដំណឹងចេញផ្សាយថ្ងៃនេះ ធនាគារកណ្តាលបានប្រាប់ឲ្យដឹងថា ការចំណាយនៅក្នុងវិស័យសាងសង់មានការថយចុះប្រមាណជា ៣,៨% នៅក្នុងត្រីមាសទី៤ ដោយសារតែការធ្លាក់សន្ទុះរបស់ទីផ្សារអចលនទ្រព្យ។ តែទន្ទឹមគ្នានេះ ការធ្វើវិនិយោគរបស់ក្រុមហ៊ុននៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធមានការកើនឡើង។ ចំណែកការចំណាយរបស់ប្រជាពលរដ្ឋក៏មានការកើនឡើងប្រមាណជា ០,៩% ដែរ នៅក្នុងត្រីមាសទី៤ ឆ្នំា ២០១៣។
ងាកទៅមើលវិស័យនំាចេញដែលតំណាងឲ្យជិតពាក់កណ្តាលនៃប្រភពចំណូលសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងនោះ គឺមានការកើនឡើងប្រមាណជា ២% ក្នុងត្រីមាសទី៤ និងបើគេគិតសម្រាប់ពេញមួយឆ្នំា ២០១៣ គឺមានការកើនឡើងចំនួន ៥,៥% ពោលមានទឹកប្រាក់សរុបចំនួន ៥៥ ៩៧២លានដុល្លារ។ ផលិតផលដែលកូរ៉េខាងត្បូងបាននំាចេញច្រើនជាងគេ គឺរថយន្ត និងគ្រឿងបន្លាស់រថយន្ត ព្រមទំាងផលិតផលផ្សេងៗមួយចំនួនទៀត។
ដូច្នេះបើគិតសរុបពេញមួយឆ្នំា ២០១៣ កូរ៉េខាងត្បូងទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ២,៨% ទល់នឹង ២% ក្នុងឆ្នំា ២០១២។ តែជាមួយនឹងផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរបស់រដ្ឋាភិបាល រួមផ្សំជាមួយនឹងស្ថានភាពសុខភាពសេដ្ឋកិច្ចពិភពលោកល្អប្រសើរបន្តិចនាពេលនេះ ធនាគារកណ្តាលកូរ៉េខាត្បូងបានប្រមើលមើលថា អត្រាកំណើនសេដ្ឋកិច្ចក្នុងឆ្នំា ២០១៤ នេះនឹងអាចមានរហូតដល់ទៅ ៣,៨%៕
Labels: ព័ត៌មានអន្តរជាតិ