អាស៊ាន​ប្រឈម​មុខ​នឹង​សង្គ្រាម​ព្រម​ទាំង​វិបត្តិ នៅ​ឥណ្ឌូចិន​



ទស្សនកិច្ចជុំវិញបណ្តាប្រទេសអាស៊ានរបស់នាយករដ្ឋមន្ត្រីវៀតណាមPham Van Dong (ឆ្វេងដៃ) នៅឆ្នាំ១៩៧៨។
ដោយ តាន់ ហ្សង់-ហ្វ្រង់ស័រ
ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី
​អាគ្នេយ៍​​ត​ទៅ​ទៀត ដោយ​សូម​បន្ត​និយាយ​បក​ស្រាយ​ត្រួសៗពី​ប្រវត្តិ​នៃ​ការ​កសាង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន។ ក្រោយ​ពី​ត្រូវ​បាន​បង្កើត​ហើយ​នៅ​ឆ្នាំ​១៩៦៧ អាស៊ាន​ត្រូវ​ស្ពឹក​គាំង​ដំណើរ​នៅ​មួយ​កន្លែង។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៧៥ ទើប​ឃើញ​បណ្តា​ប្រទេស​សមាជិក​
ស្ថាបនិក​អាស៊ាន​ទាំង​ប្រាំ​ប្រញាប់​រួសរាន់​ផ្តល់​​សន្ទុះ​ថ្មី​ដល់​អង្គការ​តំបន់​មួយ​នេះ។ តើ​មក​ពី​មូលហេតុ​អ្វី? សូម​ស្តាប់​ការ​បក​ស្រាយ​របស់​ហ្សង់-ហ្វ្រង់ស័រ តាន់
បង្កើត​នៅ​ឆ្នាំ​១៩៦៧​រួច​ហើយ អាស៊ាន​បែរ​ជា​ស្ពឹក​គាំង​ដំណើរ​នៅ​មួយ​កន្លែង។ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៧៥ ទើប​ឃើញ​បណ្តា​ប្រទេស​សមាជិក​ស្ថាបនិក​អាស៊ាន​ទាំង​ប្រាំ គឺថៃ​ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន ប្រញាប់​រួសរាន់​ផ្តល់​សន្ទុះ​ថ្មី​ដល់​អង្គការ​តំបន់​មួយ​នេះ។

មាន​ព្រឹត្តិការណ៍​មួយ​សំខាន់​ដែល​ជំរុញ​ឱ្យ​ប្រទេស​ស្ថាបនិក​ទាំង​ប្រាំផ្តល់​សន្ទុះថ្មី​ដល់ ​ការ​បន្ត​កសាង​អាស៊ាន​នៅ​ឆ្នាំ​១៩៧៥។ នោះ​គឺ​ជ័យ​ជំនៈ​របស់​ទ័ព​ព្រៃ​កុម្មុយនិស្ត​នៅ​ឥណ្ឌូចិន ពោលគឺការ​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ដោយ​ខ្មែរ​ក្រហម​ ​ទីក្រុង​សៃហ្កុង​ដោយទ័ព​វៀតកុង​ និង​ទីក្រុង​វៀងចន្ទន៍​ដោយ​កងទ័ពប៉ាថេត​ឡាវ។ ព្រឹត្តិការណ៍នេះ បានបណ្តាល​ឱ្យ​អាស៊ាន​បារម្ភ​ខ្លាំង។ ពីព្រោះ​ដូច​ដែល​បាន​លើក​ឡើង​រួច​ហើយ​ថា គោលដៅ​ធំ​ជាង​គេ​នៃ​ការ​បង្កើត​អាស៊ាន​ឡើងនៅឆ្នាំ១៩៦៧គឺ​ប្រយុទ្ធ​ទប់​ទល់​នឹង ​គ្រោះថ្នាក់​កុម្មុយនិស្ត​នៅ​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ​អាស៊ាន​បាន​សម្រេច​ចិត្ត​បង្កើត​អគ្គលេខា​ធិការ​ដ្ឋាន
​អចិន្ត្រៃយ៍​របស់​ខ្លួន​ឡើង នៅ​ទី​ក្រុង​យ៉ាការតា(Jakarta) ប្រទេស​ឥណ្ឌូណេស៊ី។

យ៉ាង​ណា​ក៏​ដោយ ដើម​ដំបូង​បង្អស់ ប្រទេស​ស្ថាបនិក​អាស៊ាន​ទាំង​ប្រាំ​​ចង់​សម្រុះ​សម្រួល​ជាមួយ​ប្រទេស​ឥណ្ឌូចិន​កុម្មុយនិស្ត​ទាំង​បី ជាពិសេស​ជាមួយ​វៀតណាម​ដែល​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​យោធា​ទីមួយ​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ ជាក់ស្តែង នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​១៩៧៥ អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកាស​ថា«ខ្លួន​ត្រៀម​រៀប​ចំ​ទំនាក់​ទំនង​មិត្តភាព»ជាមួយ​វៀតណាម កម្ពុជា និង​ឡាវ។

ដូច​គ្នាអ៊ីចឹង ​ដែរ នា​ឱកាស​ជំនួប​កំពូល​នៅ​បាលី​(Bali)​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៦ អាស៊ាន​បាន​ប្រកាស​ជា​ថ្មី​ថា ខ្លួន​មិន​ចង់ក្លាយ​ទៅ​ជា​អង្គការ​យោធា​តំបន់​មួយ​ឡើយ។ និយាយ​បែប​ផ្សេង

អាស៊ាន​ដែល​កំពុង​ភិត​ភ័យ​នឹង​គ្រោះថ្នាក់​កុម្មុយនិស្ត​នៅ​ឥណ្ឌូចិន មិន​ចង់​ចាត់​ទុក​វៀតណាម​ថា​ជា​សត្រូវ​ទេ។ មិន​តែ​ប៉ុណ្ណោះ នា​ឱកាស​ជំនួប​កំពូល​នៅកូឡាឡាំពូរ​(Kuala Lumpur) ក្នុង​ខែ​សីហា​ឆ្នាំ​១៩៧៧ អាស៊ាន​បាន​បោះ​ដៃ​ជា​ផ្លូវការ​និង​ជា​ថ្មី​ម្តង​ទៀត​ទៅ​ឱ្យ​វៀតណាម ទោះ​បី​កាល​ណោះ ​វៀតណាម​កុម្មុយនិស្ត​បាន​ផ្តើម​ពង្រឹង​ឥទ្ធិពល​នយោបាយ​និង​យោធា​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ឡាវ​កុម្មុយនិស្ត​ក៏​ដោយ។

ក៏​ប៉ុន្តែ វៀតណាម​ធ្វើ​មិន​ដឹង ប្រកាន់​អាកប្បកិរិយា​ឆ្មើង​ឆ្មៃ មិន​ព្រម​បោះ​ដៃ​ទៅ​ឱ្យ
​អាស៊ាន​វិញ​ទេ។ មូលហេតុ​ចំបង គឺ​មក​ពី​ទីក្រុង​ហាណូយ​នៅ​មិន​ទុក​ចិត្ត​អាស៊ាន បន្ត​វាយ​តម្លៃ​ដោយ​ភាន់​ច្រឡំ​ទាំង​ស្រុង​ថា អង្គការ​តំបន់​មួយ​នេះ ជា​ឧបករណ៍​នយោបាយ​របស់​«ចក្រពត្តិ​អាមេរិក»។

តាម​ការ​ពិត នៅ​ក្នុង​ទសវត្សរ៍​ទី​៧០ ជាពិសេស​ចាប់​ពី​ឆ្នាំ​១៩៧៥​ទៅ ប្រទេស​ស្ថានិក​អាស៊ាន​ទាំង​ប្រាំ​ពិត​ជា​ចង់​ប្រកាន់​ជំហរ​អព្យាក្រឹត និង​ពិត​ជា​ចង់​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​សហរដ្ឋអាមេរិក។ ពីព្រោះ​ម្យ៉ាង អាស៊ាន​អន់​ចិត្ត​នឹង​សហរដ្ឋអាមេរិក​ដែល​បាន​ងាក​ទៅ​ត្រូវ​គ្នា​នឹង​ចិន​កុម្មុយនិស្ត​ដើម្បី​ទប់​ទល់​នឹង​សហ​សូវៀត។ ពីព្រោះ​ម្យ៉ាង​ទៀត អាស៊ាន​ដែល​ខ្លាច​វៀតណាម​កុម្មុយនិស្ត ពិត​ជា​ចង់​ឱ្យ​ប្រទេស​មួយ​នេះ​ក្លាយ​ទៅជា​មិត្ត​របស់​ខ្លួន​ដើម្បី​ចាប់​ដៃ​គ្នា​កសាង​សន្តិភាព​និង​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍។

យ៉ាង​ណា​ក៏​ដោយ បន្តិច​ម្តងៗ វៀតណាម​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ទន់​គោល​ជំហរ​និង​ងាក​មក​រក​អាស៊ាន ជា​ពិសេស​ចាប់​ពី​ចុង​ឆ្នាំ​១៩៧៦​ទៅ។ នេះ គឺ​មក​ពី​ទីក្រុង​ហាណូយ​ទទួល​សម្ពាធ​នយោបាយ​និង​ទូត​មក​ពី​គ្រប់​ច្រក​ល្ហក។ ជាក់​ស្តែង ទីក្រុង​ហាណូយ​មាន​ទំនាក់​ទំនង​មិន​ល្អ​ជា​មួយ​ចិន។ ចិន​ដែល​គាំទ្រ​របប​ខ្មែរ​ក្រហមស្អប់​ខ្ពើម​វៀតណាម​ដែល​រណប​សហភាព​សូវៀត។

ទន្ទឹម​នេះ អាមេរិក​ដែល​បាន​ចាញ់​សង្គ្រាម​នៅ​ឥណ្ឌូចិន​និង​ដែល​បាន​ទៅ​ត្រូវ​គ្នា​ជាមួយ​ចិន​ដើម្បី​ប្រឆាំង​នឹង​សហភាព​សូវៀត បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​វៀតណាម។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​នៅ​ចន្លោះ​ខែ​កញ្ញា​និង​ខែ​តុលា​ឆ្នាំ​១៩៧៨ នាយក​រដ្ឋមន្ត្រី​វៀតណាម​ផាំ វ៉ាន់ឌុង(Pham Van Dong) បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ប្រាំ គឺ​ថៃ​ ម៉ាឡេស៊ី សិង្ហបុរី​ ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន។

ប៉ុន្តែ ទស្សនកិច្ច​នេះ​ដែល​ជា​ការ​ដើរ​ចែចូវ​បណ្តា​សមាជិក​អាស៊ាន ជា​ការ​មួយ​យឺត​យ៉ាវ​បន្តិច​ទៅ​ហើយ ដ្បិត​សង្គ្រាម​រវាង​វៀតណាម​ និង​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​បាន​ផ្តើម​ឡើង។

នៅ​ដើម​ឆ្នាំ​១៩៧៩ ការ​រលំ​រលាយ​ទៅ​នៃ​របប​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម​រណប​ចិន​ ក្រោម​ការ​វាយ​លុក​ឈ្លានពាន​ពី​សំណាក់​កងទ័ព​នៃ​ប្រទេស​វៀតណាម​រណប​សូវៀត​បណ្តាល​​ឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍​រំជើ់ប​រំជួល​ឡើង​វិញ​ជា​ថ្មី។ វា​ក៏​បណ្តាល​ឱ្យ​អាស៊ី​អាគ្នេយ៍​ពើប​ប្រទះ​នឹង​វិបត្តិ​សែន​ធ្ងន់ធ្ងរ​ផង​ដែរ។ វិបត្តិ​ធ្ងន់ធ្ងរ មាន​ជាពិសេស​នៅ​លើ​វិស័យ​សន្តិសុខ។

ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ​១៩៧៩​ដដែល​នោះ ចិន​មិន​សុខ​ចិត្ត​ឱ្យ​កម្ពុជា​របស់​ប៉ុលពត​ដែល​ជា​កូន​អុក​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដួល​រលំ និង​សម្រេច​ចិត្ត​ធ្វើ​សង្គ្រាម​វាយ​ប្រហារ​យ៉ាង​លឿន​រហ័ស​ទៅ​លើ​វៀតណាម ដើម្បី​ជា​មេរៀន​ធម៌​ក្តៅ​ប្រដៅ​ទីក្រុង​ហាយណូយ។ មិន​តែ​ប៉ុណ្ណោះ អសន្តិសុខ​ក៏​កើត​ឡើង​ដែរ​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ។

មូលហេតុ គឺ​មក​ពី​កង​យោធា​និង​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម​បាន​ភៀស​ខ្លួន​ទៅជ្រក​នៅ​ទី​នោះ​ ជាហេតុ​ធ្វើ​ឱ្យ​ថៃ​បារម្ភ​ខ្លាច​វៀតណាម​ដែល​កាល​នោះ​កំពុង​កាន់​កាប់​កម្ពុជា ធ្លោយ​ចូល​មក​ដល់​ទឹក​ដី​ខ្លួន ដើម្បី​តាម​ដេញ​វាយ​ប្រហារ​យោធាខ្មែរ​ក្រហម។

បរិបទ​អាសន្ន​បែប​នេះ​ដែល​អាច​នឹង​បណ្តាល​ឱ្យ​ស្ថានភាព​សន្តិសុខ​របស់​អាស៊ី​អាគ្នេយ៍​ខូច​ខាត​ខ្លាំង បាន​ជំរុញ​អាស៊ាន​ឱ្យ​ថ្កោលទោស​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ទីក្រុង​ហាណូយ។ ប៉ុន្តែ​ទន្ទឹម​នេះ អាស៊ាន​បែរ​ជា​មិន​ព្រម​ថ្កោល​ទោស​ឡើយ​ទៅ​លើ​ចិន​ ចិន​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៧៩។ នេះ​មិនមែន​ចៃដន្យ​ឡើយ ដ្បិត​អាស៊ាន​បាន​ជ្រើស​រើស​យក​ជំហរ​ផ្លូវការ​មួយ​ដូច​គ្នា​ទៅ​នឹង​ជំហរ​របស់​អាមេរិក​និង​ចិន នោះ​គឺ​ការ​ទាមទារ​ឱ្យ​វៀតណាម​ដក​ទ័ព​ចេញ​ពី​កម្ពុជា​និង​ការ​ទាមទារ​ឱ្យ​វៀតណាម​គោរព​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា។

តាម​ពិត​ទៅ​ នៅ​ក្នុង​សម័យ​ចុង​ទសវត្សរ៍​ទី​៧០​នោះ មិនមែន​ត្រឹម​តែ​សន្តិសុខ​របស់​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ប៉ុណ្ណោះ​ទេ តែ​គឺ​សន្តិសុខ​របស់​អាស៊ី​ទាំង​មូល​តែ​ម្តង​ដែល​ទទួល​ការ​គំរាម​កំហែង។ ការ​រំលំ​រលាយ​ទៅ​នៃ​របប​ខ្មែរ​ក្រហម​ធ្វើ​ឱ្យ​ចិន​បារម្ភ​ពី​សន្តិសុខ​របស់​ខ្លួន ខ្លាច​ការ​ឡោមព័ទ្ធ​ពី​សំណាក់​សហភាព​​សូវៀត​ពី​ប៉ែក​ខាង​ជើង ​និង​ពី​សំណាក់​វៀតណាម​​ពី​ប៉ែក​ខាង​ត្បូង។

អ៊ីចឹង​ហើយ​បាន​ជា​អគ្គមគ្គទេសក៍​ចិន តេង សៀវ​ផេង(Deng Xiaoping) បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​មួយ​បង្អស់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​មករា​ឆ្នាំ​១៩៧៩។ គោលដៅ គឺ​បង្ហើយ​ការ​សម្រួល​ទំនាក់​ទំនង​ទូត​ជា​ផ្លូវការ​ជាមួយ​អាមេរិក និង​ពង្រឹង​សម្ព័ន្ធភាព​ វ៉ាស៊ីន​តោន​-ប៉េកាំង-តូក្យូ ដើម្បី​ទប់​ទល់​នឹង​សម្ព័ន្ធភាព​ម៉ូស្គូ-ហាណូយ។

មែនទែន​ទៅ សង្គ្រាម​រវាង​ចិន​និង​វៀតណាម​និង​វិបត្តិ​រ៉ាំរ៉ៃ​អូស​បន្លាយ​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​សមាជិក​ស្ថាបនិក​ទាំង​ប្រាំ​របស់​អាស៊ាន​ខ្វែង​គំនិត​គ្នា​ខ្លាំង។ ពិត​ហើយ ជា​ផ្លូវការ អាស៊ាន​សម្រេច​ចិត្ត​ឋិត​នៅ​ខាង​សហរដ្ឋអាមេរិក​និង​នៅ​ខាង​ចិន​ដែល​ជួយ​ខ្មែរ​ក្រហម​ក្នុង​
សង្គ្រាម​​​ប្រឆាំង​នឹង​របប​រដ្ឋកម្ពុជា​ដែល​គេ​ហៅ​ថា​របបហេង សំរិន​ទ្រទ្រង់​ដោយ​វៀតណាម​រណប​សហភាព​សូវៀត។ ក៏​ប៉ុន្តែ​ក្រៅ​ផ្លូវ​ការ​វិញ មាន​មតិ​ពីរ​ខ្វែង​គ្នា​នៅ​ក្នុង​ជួរ​បណ្តា​​​ប្រទេស​សមាជិក​អាស៊ាន។

នៅ​ម្ខាង ថៃ​និង​សិង្ហបុរី​ខ្លាច​វៀតណាម​និង​ខ្លាចសហភាព​សូវៀត​ជាង​ខ្លាច​ចិន។ ថៃ​បារម្ភ​នឹង​កម្លាំងទ័ព​របស់​វៀតណាម​ដែល​កំពុង​ដេញ​វាយ​ប្រហារ​ខ្មែរ​ក្រហម​ចូល​មក​ដល់​ក្នុង​ទឹក​ដី​របស់​ខ្លួន​តែ​ម្តង។ សិង្ហបុរីក៏មិនសូវជាបារម្ភនឹងចិនដូចគ្នាអ៊ីចឹងដែរ ដ្បិត​ចិន​នៅ​ខ្សោយ​ទាំង​សេដ្ឋកិច្ច​និង​ទាំង​យោធា ប៉ុន្តែសិង្ហបុរីបារម្ភ​នឹង​អនុត្តរភាព​កុម្មុយនិស្ត​របស់​សហភាពសូវៀត​ទៅ​វិញ​ទេ ដែល​កំពុង​វាត​ទី​ចូល​មក​ដល់​អាស៊ី​អាគ្នេយ៍​តាមរយៈ​​​នយោបាយ ​របស់​វៀតណាម។

រី​ឯ​នៅ​ម្ខាង​ទៀត ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ខ្លាច​ចិន​ជាង​ខ្លាច​វៀតណាម​និងសហភាព​សូវៀត ពីព្រោះ​ចិន​បន្ត​ជួយ​គាំទ្រ​ទ័ពព្រៃ​កុម្មុយនិស្ត​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី និង​ពីព្រោះ​ចិន​បន្ត​លាត​​សន្ធឹង​ឥទ្ធិពល​របស់​ខ្លួន​ចូល​មក​ក្នុង​ប្រទេស​របស់​ពួក​គេ​តាម​រយៈការ​ប្រើប្រាស់​សហគមន៍​​ចិន​ដែល​រស់​នៅ​ឥណ្ឌូណេស៊ី​និង​នៅ​ម៉ាឡេស៊ី។

នៅ​ក្នុង​បរិបទ​បែប​នេះ និង​ដើម្បី​ជៀសវាង​កុំ​ឱ្យ​អាស៊ាន​ប្រេះ​ឆា សមាជិក​នៃ​អង្គការ​តំបន់​មួយ​នេះ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ន័យ​នេះ ទីក្រុង​យ៉ាកាតារ(Jakarta) និង​ទីក្រុងកូឡាឡាំពូរ​(Kuala Lumpur)​បាន​បង្ខំ​ចិត្ត​គាំទ្រ​នយោបាយ​របស់​ថៃ​និង​សិង្ហបុរី នយោបាយ​ដែល​លម្អៀង​ទៅរក​ខាង​ភាគី​ចិន​និង​ភាគី​សហរដ្ឋអាមេរិក នៅក្នុង​វិបត្តិ​នៃ​ប្រទេស​​កម្ពុជា។

ក៏​ប៉ុន្តែ ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី បាន​ច្រាន​ចោល​សំណើ​របស់​ថៃ​ដែល​ចង់​ឱ្យ​អាស៊ាន​ជួយ​ផ្តល់​អាវុធ​ទៅ​ឱ្យ​ទ័ព​ខ្មែរ​ក្រហម​និង​ចលនា​តស៊ូ​របស់​សម្តេច​សីហនុ​និង​លោក​ស៊ឺន សាន នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​របប​ហេង សំរិន ដែល​​បន្តុប​ដោយ​វៀតណាម​រណប​សហភាព​សូវៀត។

យ៉ាង​ណា​ក៏​ដោយ​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ចុង​ទសវត្សរ៍​ទី​៨០ ទើប​ឃើញ​អាស៊ាន​ចាក​ចេញ​បណ្តើរៗ​ពី​ភាព​ប្រេះឆា ដើម្បី​បោះ​ពួយ​ទៅ​រក​ទី​ដៅ​នៃ​ឯកភាព។ តើ​មក​ពី​មូលហេតុ​អ្វី? នេះ​ជា​ប្រធានបទ​ដែល​ខ្ញុំ​នឹង​លើក​យក​មក​បក​ស្រាយ​បន្ត​នៅ​សប្តាហ៍​​ក្រោយ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors