ភ្នំពេញ — ប្រទេសកម្ពុជាកំពុងរៀបចំលក់កាបូនអំពីព្រៃឈើជាលើកដំបូងនៅក្នុងខេត្តឧត្តមានជ័យក៏ប៉ុន្តែនីតិវិធីនៃការលក់ស្ថិតក្នុងភាពមិនចុះសម្រុងគ្នានៅឡើយ។
ការលក់កាបូនគឺជាវិធីសាស្ដ្រអភិរក្សបរិដ្ឋានតាមរយៈការថែរក្សាព្រៃដែលមានអានុភាពស្រូបឬបំផ្លាញកាបូនដើម្បីធានាតុល្យភាពរវាងការបញ្ចេញកាបូនក្នុងប្រទេសឧស្សាហកម្មជឿនលឿននិងប្រទេសថែរក្សាព្រៃឈើ។
ដូច្នេះប្រទេសជឿនលឿនត្រូវចំណាយលុយទិញកាបូនពីប្រទេសដែលថែរក្សាគម្របព្រៃឈើបានគង់វង្សដើម្បីរក្សាតុល្យភាពធម្មជាតិក្នុងពិភពលោក។ ទំហំព្រៃឈើដែលរក្សាទុកត្រូវគេគិតជាទំហំកាបូនដើម្បីទូទាត់ជាថវិកាសម្រាប់ការថែរក្សាបរិដ្ឋាន។ការលក់កាបូនគឺជាវិធីសាស្ដ្រអភិរក្សបរិដ្ឋានតាមរយៈការថែរក្សាព្រៃដែលមានអានុភាពស្រូបឬបំផ្លាញកាបូនដើម្បីធានាតុល្យភាពរវាងការបញ្ចេញកាបូនក្នុងប្រទេសឧស្សាហកម្មជឿនលឿននិងប្រទេសថែរក្សាព្រៃឈើ។
ដោយឡែកព្រៃឈើនៅក្នុងខេត្តឧត្តរមានជ័យមានទំហំជាង៦៤.០០០ហិកតាហើយព្រៃទាំងនេះកំពុងអភិរក្សជាព្រៃសហគមន៍ចំនួន១៣។
លោកស្រី ឡេសលី ដឺសឆីងហ្គឺ (Leslie Durschinger) ស្ថាបនិកនិងនាយកគ្រប់គ្រងក្រុមហ៊ុនTerra Global Capitalដែលជាក្រុមហ៊ុនស្វែងរកទីផ្សារលក់កាបូនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្លែងប្រាប់វីអូអេ ខ្មែរតាមទូរស័ព្ទថាគម្របព្រៃឈើនេះអាចលក់បានពី៤,២លានដុល្លារទៅ៥,៤លានដុល្លារអាមេរិក។
ប៉ុន្តែបើតាមលោកស្រី Sarah Sitts ប្រធានអង្គការPactប្រចាំកម្ពុជាដែលទទួលបន្ទុកអនុវត្តគម្រោងអភិរក្សព្រៃឈើសហគមន៍ក្នុងខេត្តឧត្តរមានជ័យនេះ រដ្ឋបាលព្រៃឈើដែលមានសមត្ថកិច្ចក្នុងការលក់ឥណទានកាបូនមិនព្រមលក់ ស្របពេលដែលតម្រូវការផ្នែកហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនេះបន្តកំពុងត្រូវការជាចាំបាច់។
លោកស្រី Leslie Durschinger ថ្លែងថានាពេលនេះទីផ្សារលក់កាបូនគឺមិនសូវសម្បូរទេ។
«ទីផ្សារសម្រាប់លក់កាបូនគឺចង្អៀតណាស់។ វាពិបាកលក់ដោយសារគម្រោងអញ្ចឹងមានច្រើន ហើយអ្នកទិញមានតិចជាង ដូច្នេះវាត្រូវការពេលវេលាក្នុងការលក់»។
ឥណទានកាបូនត្រូវបានដាក់លក់នៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ទៅឱ្យអ្នកទិញដែលជាក្រុមហ៊ុនធំៗភាគច្រើនស្ថិតក្នុងសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក ដែលចង់បង្ហាញពីទំនួលខុសត្រូវសង្គមរបស់ខ្លួន។
សព្វថ្ងៃប្រទេសកម្ពុជាមានគម្របព្រៃឈើដែលបម្រុងទុកសម្រាប់លក់កាបូននៅក្នុងខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី កោះកុង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម ប៉ុន្តែកាបូនដែលអាចលក់បាននៅក្នុងពេលនេះមានតែក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះ។
លោក ឡុង រតនៈកុមារ មន្ត្រីសម្របសម្រួលគម្រោងនេះនៅរដ្ឋបាលព្រៃឈើមិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបានទេ។ ប៉ុន្តែបើតាមការបញ្ជាក់របស់លោកស្រី សារ៉ា សីតដ ភាគីរដ្ឋបាលព្រៃឈើបានព្រមព្រៀងលក់កាបូននេះនៅពេលខាងមុខក្នុងតម្លៃអប្បបរមាដែលបានកំណត់។
យោងតាមសារាចរមួយរបស់រដ្ឋាភិបាលនៅឆ្នាំ២០០៩ ចំណូលដែលបានមកពីការលក់កាបូននឹងត្រូវបែងចែកសម្រាប់ការប្រើប្រាស់បីប្រភេទគឺធ្វើឱ្យប្រសើរឡើងគុណភាពព្រៃឈើ ផ្តល់ប្រយោជន៍ជាអតិបរមាដល់សហគមន៍មូលដ្ឋាន និងទុកសម្រាប់ការសិក្សាតំបន់សក្តានុពលសម្រាប់គម្រោងREDD ដែលជាគម្រោងក្រោមការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ។
REDD ដែលមានពាក្យពេញថា«ការកាត់បន្ថយការបញ្ចេញឧស្ម័នពីការបាត់បង់និងរិចរិលព្រៃឈើនៅប្រទេសកំពុងអភិវឌ្ឍន៍»ហើយគម្រោងនេះទទួលបន្ទុកគ្រប់គ្រងដោយអង្គការក្នុងស្រុកមួយចំនួនជាដៃគូ ដូចជាអង្គការ Pactអង្គការFuana & Flora International (FFI) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ជាដើម។
យោងតាមគម្រោងREDDចំណូលយ៉ាងតិចណាស់៥០ភាគរយនឹងត្រូវបែងចែកឱ្យទៅសហគមន៍មូលដ្ឋានសម្រាប់ប្រើប្រាស់ដើម្បីបង្កើនទិន្នផលកសិកម្មនិងការប្រើប្រាស់ដីដោយនិរន្តរភាព បង្កើតការងារតាមរយៈការល្បាតព្រៃនិងការដាំកូនឈើជាដើម។
លោកស្រី Sarah Sitts អះអាងថាក្រៅពីចំនួនអ្នកទិញកាបូនមានកំណត់ ការកាប់ព្រៃឈើខុសច្បាប់និងការធ្វើឱ្យខូចទ្រង់ទ្រាយព្រៃឈើក៏អាចប៉ះពាល់ដល់គម្រោងនេះដែរដោយសារការថយចុះចំនួនកាបូន។
«មិនទាន់ច្បាស់ទេថាតើពួកអ្នកកាប់ឈើនោះជាអ្នកណា ទោះបីជាប្រជាពលរដ្ឋក្នុងសហគមន៍ជារឿយៗកំណត់អត្តសញ្ញាណពួកគេថាជាជនភៀសខ្លួន។ កងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងប្រតិបត្តិក្នុងព្រៃជាច្រើន ហើយបានហាមមិនអ្នកល្បាតព្រៃសហគមន៍ចូលល្បាតហើយមានពេលមួយនោះឃាត់ខ្លួនអ្នកល្បាតព្រៃទៀតផង»។
លោកផុន សោភ័ន តំណាងសហគមន៍ដួង បេង ក្នុងខេត្តឧត្តរមានជ័យក៏បានបញ្ជាក់ដូចគ្នានេះដែរ។
«សហគមន៍របស់ខ្ញុំដែលការពារគម្រោងREDDនេះបានចុះល្បាតនិងឃ្លាំមើលប៉ុន្តែការចុះល្បាតនិងឃ្លាំមើលនេះក៏មិនបានញឹកញាប់ទេ ដោយសារមានកងទ័ពនៅសហគមន៍ដួងបេង។ កងទ័ពគាត់កាប់បំផ្លាញរហូតយកដីសហគមន៍ទៀត។ ប៉ុន្តែបើគម្រោងREDDដំណើរការលេចធ្លោមក អាចបានជោគជ័យ។ បើឃើញលេចធ្លោមែន ទាហាននឹងជួយការពារយើង ប៉ុន្តែនៅពេលនេះនៅទ្រឹងទាំងអស់គ្នា»។
លោកស្រី Sarah Siths ថ្លែងថាប្រសិនបើគ្មានចំណូលពីការលក់កាបូនទេនោះ និរន្តរភាពនៃគម្រោងនេះនៅតែជាការប្រឈមដ៏ខ្លាំង ស្របពេលដែលជំនួយសម្រាប់អនុវត្តន៍គម្រោងនេះបានបញ្ចប់តាំងពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៣មកម៉្លេះ៕
VOA
Labels: ព័ត៌មានជាតិ