តួលេខចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០១៣កន្លងទៅនេះ ផលិតផលក្នុងស្រុកសរុបរបស់អាមេរិកមានកំណើនរហូតដល់ទៅ ៣,២% បើគិតជាអត្រាប្រចាំឆ្នាំ។ អត្រាកំណើននេះ ថ្វីដ្បិតតែទាបជាង កាលពីត្រីមាសទី៣ ដែលមានរហូតដល់ទៅ ៤,១% ក៏ប៉ុន្តែ វាខ្ពស់ជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច។
អ្នកសេដ្ឋកិច្ចជាច្រើនបានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចអាមេរិក នៅត្រីមាសទី៤ ឆ្នាំ២០១៣ មានត្រឹមតែ ៣% ប៉ុណ្ណោះ ដោយគេគិតថា សកម្មភាពសេដ្ឋកិច្ចអាមេរិកត្រូវថយចុះខ្លាំង ដោយសារតែវិបត្តិថវិកា ដែលនាំឲ្យរដ្ឋាភិបាលសហព័ន្ធអាមេរិកមួយផ្នែកត្រូវបិទទ្វារផ្អាកដំណើរការ កាលពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែតុលា។
យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ការបិទទ្វាររដ្ឋាភិបាលសហព័ន្ធនេះពិតជាបានធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចមែន ក៏ប៉ុន្តែ ផលប៉ះពាល់នេះត្រូវបានកាត់បន្ថយមកវិញ ដោយសារការកើនឡើងក្នុងវិស័យនាំចេញ និងការកើនឡើងនៃការចំណាយទូទៅរបស់ប្រជាជនអាមេរិក។
បើគិតពេញមួយឆ្នាំ២០១៣ ផលិតផលក្នុងស្រុកសរុបរបស់អាមេរិក មានអត្រាកំណើន ១,៩% ហើយគេបានព្យាករថា នៅក្នុងឆ្នាំ២០១៤នេះ សេដ្ឋកិច្ចអាមេរិកនឹងមានអត្រាកំណើនរហូតដល់ទៅ ៣% ដែលជាអត្រាមួយខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០០៨។
ក៏ប៉ុន្តែ មានអ្នកសេដ្ឋកិច្ចខ្លះបានសម្តែងនូវភាពប្រយ័ត្នប្រយែង ដោយលើកឡើងថា សេដ្ឋកិច្ចអាមេរិកពឹងផ្អែកខ្លាំងលើការចំណាយរបស់ប្រជាជន ហើយការចំណាយទាំងនេះមិនប្រាកដថានឹងបន្តកើនឡើងខ្ពស់នៅឆ្នាំ២០១៤នេះទេ ដោយសារតែប្រាក់ឈ្នួលទូទៅរបស់និយោជិតអាមេរិកមិនមានកំណើន៕
Labels: ព័ត៌មានអន្តរជាតិ