សេដ្ឋកិច្ច​អាមេរិក​មានកំណើន ​៣,២%​នៅ​ចុងឆ្នាំ​២០១៣​ទោះបី​មាន​វិបត្តិថវិកា



ការកើនឡើង​ក្នុង​វិស័យ​នាំចេញ និង​ការចំណាយ​ទូទៅ​របស់​ប្រជាជន​ជួយ​ឲ្យ​អាមេរិក​អាច​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​ថវិកា
ដោយ សេង ឌីណា
សេដ្ឋកិច្ច​អាមេរិក នៅ​ត្រីមាស​ចុងក្រោយ នៃ​ឆ្នាំ​២០១៣ មាន​អត្រា​កំណើន​​​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​សេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ច ដែល​​ធ្លាប់​ព្យាករ​ថា កំណើន​អត្រា​កំណើន​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​​ធ្លាក់ចុះ​ ដោយ​សារ​ត្រូវ​​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ថវិកា កាល​ពី​ខែ​តុលា។ កំណើន​សេដ្ឋកិច្ច​អាមេរិក សម្រាប់​ឆ្នាំ​២០១៤​នេះ ក៏​ត្រូវ​បាន​គេ​ព្យាករថា​នឹង​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ដែរ។
តួលេខ​ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក កាល​ពីថ្ងៃ​ព្រហស្បតិ៍​ បង្ហាញ​ថា នៅ​ក្នុង​ត្រីមាស​ចុងក្រោយ នៃ​ឆ្នាំ​២០១៣​កន្លងទៅនេះ ​ផលិតផល​ក្នុងស្រុក​សរុប​របស់​​អាមេរិក​មាន​កំណើន​រហូតដល់​ទៅ ៣,២% បើ​គិតជា​អត្រា​ប្រចាំឆ្នាំ។ អត្រា​កំណើន​នេះ​​ ថ្វីដ្បិតតែ​ទាប​ជាង កាល​ពី​ត្រីមាស​ទី៣ ដែល​មាន​រហូតដល់​ទៅ ៤,១% ក៏ប៉ុន្តែ វាខ្ពស់​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​សេដ្ឋកិច្ច។

អ្នក​សេដ្ឋកិច្ច​ជាច្រើន​បាន​ព្យាករ​​ថា អត្រា​កំណើន​សេដ្ឋកិច្ច​អាមេរិក នៅ​ត្រីមាស​ទី៤ ឆ្នាំ​២០១៣ មាន​​ត្រឹមតែ ៣% ប៉ុណ្ណោះ ដោយ​គេ​គិត​ថា សកម្មភាព​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​ថយចុះ​ខ្លាំង ដោយសារ​តែ​វិបត្តិ​ថវិកា ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​​មួយ​ផ្នែក​ត្រូវ​បិទទ្វារ​ផ្អាក​ដំណើរការ កាលពីថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១៦ ខែ​តុលា។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ការបិទទ្វារ​រដ្ឋាភិបាល​សហព័ន្ធ​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​មែន ក៏ប៉ុន្តែ ផលប៉ះពាល់​នេះ​ត្រូវ​បាន​កាត់បន្ថយ​មកវិញ ដោយសារ​​ការ​កើនឡើង​​ក្នុង​វិស័យ​នាំចេញ និង​ការ​កើនឡើង​នៃ​ការ​ចំណាយ​ទូទៅ​របស់​ប្រជាជនអាមេរិក។

បើគិត​ពេញ​មួយ​ឆ្នាំ​២០១៣ ផលិតផល​ក្នុងស្រុក​សរុប​របស់​អាមេរិក មាន​អត្រា​កំណើន​ ១,៩% ហើយ​គេ​បាន​ព្យាករ​ថា នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ សេដ្ឋកិច្ច​អាមេរិក​នឹង​មាន​អត្រា​កំណើន​រហូតដល់​ទៅ ៣% ដែល​ជា​អត្រា​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ចាប់តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០០៨។

ក៏ប៉ុន្តែ មាន​អ្នក​សេដ្ឋកិច្ច​ខ្លះ​បាន​សម្តែង​នូវ​​ភាព​ប្រយ័ត្នប្រយែង ដោយ​លើកឡើង​ថា សេដ្ឋកិច្ច​អាមេរិក​ពឹងផ្អែក​ខ្លាំង​លើ​ការ​ចំណាយ​របស់​ប្រជាជន ហើយ​​ការ​ចំណាយ​ទាំងនេះ​​មិន​ប្រាកដ​ថា​នឹង​បន្ត​កើនឡើង​ខ្ពស់​នៅ​ឆ្នាំ​២០១៤​នេះ​ទេ ដោយសារ​តែ​ប្រាក់ឈ្នួល​ទូទៅ​របស់​និយោជិត​អាមេរិក​មិនមាន​កំណើន៕




 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors