វ៉ាស៊ីនតោន៖ ក្រុមអ្នកតស៊ូមតិចង់ឃើញធនាគារ ANZ គិតគូរឡើងវិញចំពោះការផ្តល់ថវិកា កម្ចីដល់ក្រុមហ៊ុនដែលរំលោភបំពានសិទ្ធិមនុស្សនិងរំលោភបំពានដីធ្លី។
អង្គការសមធម៌កម្ពុជា (Equitable Cambodia) បានរកឃើញថា ក្រុមហ៊ុនធនាគារ ANZ របស់ប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ (New Zealand) ដែលរកស៊ីចូលគ្នាជាមួយក្រុមហ៊ុនកម្ពុជាបានផ្តល់កម្ចី
ដល់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឈ្មោះ Phnom Penh Sugar ដើម្បីអភិវឌ្ឍតំបន់សម្បទានសេដ្ឋកិច្ចក្នុងខេត្តកំពង់ស្ពឺដែលប្រជាសហគមន៍ចាត់ទុកថា បានរំលោភបំពានដីធ្លីរបស់ពួកគេ បំផ្លាញបរិស្ថាន ផលប្រយោជន៍សារធារណៈដែលជាការផ្ទុយពីគោលនយោបាយរបស់ធនាគារនេះ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាបានអះអាងប្រាប់កម្មវិធីហេឡូវីអូអេថា៖ «ការឲ្យខ្ចីមិនមែនជាការខុសទេ តែក្រុមហ៊ុនមួយៗ គេមានច្បាប់របស់គេ ហើយប្រទេសកម្ពុជាក៏មានច្បាប់។ ប្រសិនបើក្រុមហ៊ុននោះមានការរំលោភសិទ្ធិមនុស្ស ហើយអ្នកដែលឲ្យលុយខ្ចីមិនបានសិក្សាឲ្យបានស៊ីជម្រៅ ហើយឲ្យលុយទៅដល់ក្រុមហ៊ុនដើម្បីធ្វើការរំលោភមកលើសិទ្ធិប្រជាពលរដ្ឋ នោះក្រុមហ៊ុននោះឯងឬធនាគារនេះ គឺបានចូលរួមនៅក្នុងការធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋ»។
ពលរដ្ឋជាច្រើនត្រូវគេបណ្តេញចេញពីលំនៅដ្ឋាន បាត់បង់ដីស្រែចម្ការ មុខរបរ អនុផលព្រៃឈើដោយសារតែការរំលោភបំពានដីធ្លីក្រុមហ៊ុនដាំស្ករអំពៅនេះ។
លោក ផល វណ្ណៈ តំណាងសហគមន៍ស្ពង់ ខេត្តកំពង់ស្ពឺ ដែលរងផលប៉ះពាល់ មួយកន្លែងក្នុងចំណោមជាច្រើនកន្លែងទៀតបានអះអាងថា ការផ្តល់កម្ចីទៅដល់ ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺរបស់លោកឧកញ៉ាលី យ៉ុងផាត់ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដោយគ្មានការវាយតម្លៃឲ្យបានច្បាស់លាស់នោះ គឺជាការរំលោភគោលការណ៍របស់ខ្លួនយ៉ាងខ្លាំង។
«ត្បិតថាវាជាគម្រោងចងការ យកការប្រាក់មែន តែសួរថា ចុះបើលុយហ្នឹងអ្នកទាំងនោះយកទៅដាំកញ្ឆា យកទៅធ្វើគ្រឿងញៀន យកទៅសម្លាប់មនុស្សឲ្យ ឬអត់? អញ្ចឹងបកមកវិញឲ្យលុយមក លី យ៉ុងផាត់ ធ្វើការអភិវឌ្ឍដីសម្បទាន តែលី យ៉ុងផាត់មកយកដីប្រជាពលរដ្ឋ ដែលធ្វើស្រែចម្ការប្រចាំឆ្នាំ ហើយបំផ្លាញ ធនធានធម្មជាតិដូចជាតំបន់អភិរក្សព្រៃសហគមន៍ បំពុលបរិស្ថានដូចជាបង្ហូរ ជាតិពុល ធ្វើឲ្យងាប់ត្រី គោផឹកទឹកទៅងាប់គោ។ អញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋមាន ជំងឺជាច្រើនថ្មីៗនេះ។ នេះជាកំហុសឆ្គងធ្ងន់ធ្ងររបស់ ANZ។ អញ្ចឹងទេ ខ្ញុំសំណូមពរទៅ ANZ លោករួសរាន់ធ្វើការដាក់សម្ពាធឬក៏ធ្វើការនិយាយជាមួយខាងក្រុមហ៊ុនភ្នំពេញ Sugar ធ្វើម៉េចឲ្យប្រជាពលរដ្ឋនៅអមលាំងហ្នឹងឲ្យទាន់ពេលវេលា ព្រោះអីប្រជាពលរដ្ឋកំពុងជួបប្រទះការខ្វះស្បៀងហូបចុក»។
លោកថា ពលរដ្ឋពេលនេះគ្មានស្រែ បាត់បង់របរផ្អែកលើការងារលោក លី យ៉ុងផាត់ ឲ្យបានកំរ៉ៃ១ម៉ឺន៥ពាន់ មិនអាចធៀបនឹងទំនិញទីផ្សារ។ លោកថា ធនាគារត្រូវតែទទួលខុសត្រូវទាំងស្រុងរឿងនេះ។ លោកក៏បានព្រមានថានឹងប្តឹងឲ្យមានអន្តរាគន៍បន្ថែមទៀតបើគ្មានការដោះស្រាយ។ តែមន្ត្រីធនាគារ ANZ បាន អះអាងថានឹងតាមដានហើយទទូចឲ្យមានការដោះស្រាយរឿងនេះរវាងក្រុមហ៊ុននិងសហគមន៍៕