អតីត​អ្នកទទួលខុសត្រូវ​ក្រុមហ៊ុន​កុងតឺណឺវៀតណាម​​ Vinalines​ ពីររូប​ ទទួលទោស​ប្រហារ​ជីវិត​​​



Dương Chí Dũng អតីត​ប្រធាន​ក្រុមហ៊ុន​​ដឹកជញ្ជូន​កុងតឺណឺ Vinalines របស់​រដ្ឋវៀតណាម​
ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​ចន្ទ​នេះ តុលាការ​វៀតណាម​បាន​​​សំរេច​កាត់ទោស​​ប្រហារជីវិត​លើ​អតីត​អ្នក​ទទួលខុសត្រូវ​ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺណឺ Vinalines ​ពីររូប ពីបទ​កេងបន្លំ​ថវិកា​ជាតិ។ ការ​សំរេចដាក់ទោស​ប្រហារជីវិត​នេះ បង្ហាញ​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​វៀតណាម​ ក្នុង​ការ​កំចាត់​អំពើ​ពុករលួយ។
នៅថ្ងៃ​ចន្ទ​នេះ តុលាការ​វៀតណាម​បាន​​​សំរេច​កាត់ទោស​​ប្រហារជីវិត​លើ​អតីត​អ្នក​ទទួល​ខុសត្រូវ​ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺណឺ Vinalines ​ពីររូប ជាប់ទោស​ពីបទ​កេងបន្លំ​ថវិកា​ជាតិ និង​បាន​ធ្វើការ​​គ្រប់គ្រង​​​មិនល្អ បណ្តាល​អោយ​ក្រុមហ៊ុន​ជួប​បញ្ហា​ថវិកា​ធ្ងន់ធ្ងរ។

ជនជាប់ចោទ​ទាំងពីរ​រូប​នោះ គឺ ៖ លោក Duong Chi Dung អាយុ​ ៥៦ឆ្នាំ ជា​អតីត​ប្រធាន​ក្រុមហ៊ុន​ Vinalines ចន្លោះ​ចុងឆ្នាំ២០០៥ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១២។ ម្នាក់ទៀត គឺ​លោក Mai Van Phuc ជា​អតីត​ប្រធាន​ទូទៅ​របស់​ Duong Chi Dung។ Duong Chi Dung ធ្លាប់បាន​រត់គេច​​ទៅ​បរទេស ប៉ុន្តែ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែកញ្ញា​ ឆ្នាំ២០១២ នៅអាស៊ី រួច​បញ្ជូន​ត្រលប់​មក​វៀតណាមវិញ។ លោក Duong បាន​​ប្រកែក​ថា មិន​បាន​លួចលុយ​ជាតិ​នោះទេ ប៉ុន្តែ គាត់បាន​ទទួលស្គាល់​ថា មាន​ការ​ទទួល​ខុសត្រូវ​​មួយចំណែក​ ចំពោះ​វិបត្តិថវិកា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​​កុងតឺណឺ Vinalines។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ជនជាប់ចោទ​ទាំងពីររូប​នេះ បាន​បង្ហាញ​មុខ​នៅ​សវនាការ​នៅ​ទីក្រុង​ហាណូយ ជាមួយ​វត្តមាន​របស់អតីត​​អ្នកទទួលខុសត្រូវ​៨រូបផ្សេង​ទៀត។ ពួកគេ​ទាំងនេះ ជាប់ចោទ​ពី​បទ​ធ្វើអោយ​រដ្ឋវៀតណាម​បាត់បង់​​ថវិកា​​៣៦៦ពាន់លានដុង គឺ​ត្រូវ​​នឹង​​១២លាន​៥សែន​អឺរ៉ូ។ ជនជាប់ចោទ​ទាំង​៨នាក់នេះ ទទួលទោស​​ជាប់ពន្ធនាគារ​ពី​៦ឆ្នាំ ទៅ​៣០ឆ្នាំ។​

យោងតាម​​ប្រធាន​តុលាការ​វៀតណាម Ngo Thi Anh ជនជាប់ចោទទាំងអស់នេះ ធ្លាប់​បាន​ទិញ​​ស្ពានចម្លង​បណ្តែតទឹក​​របស់​ជប៉ុន ដែល​ស្ទើរ​តែ​ប្រើលែង​បាន​ទៅហើយ តម្រូវ​អោយ​មាន​ការ​ចាយវាយ​ច្រើន​ ក្នុង​ការ​ជួសជុល​ឡើងវិញ។

ក្រុមហ៊ុន​ដឹកជញ្ជូន​កុងតឺណឺ Vinalines ជា​សហគ្រាស​​ដឹកជញ្ជូន​ផ្លូវទឹក​របស់​រដ្ឋ​វៀតណាម​​​​​។​ ក្រុមហ៊ុន​មាន​បំណុល​ប្រមាណ​ជិត​៣ពាន់លាន​ដុល្លារ។ វៀតណាម​ជាប្រទេស​មួយក្នុង​ចំណោម​​ប្រទេស​ដែល​មានអំពើ​ពុករលួយ​ខ្ពស់ ក្នុង​ពិភពលោក។​ ការសំរេច​​ដាក់ទោស​​ប្រហារ​ជីវិតលើ​អតីត​​អ្នកដឹកនាំ​របស់​ Vinalines ទាំងពីររូប​នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​ច្បាស់​ថា​ រដ្ឋាភិបាល​​​​ប្រឹងប្រែង​កំចាត់អំពើ​ពុករលួយ​៕ ​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors