ជំនួបកំពូល​អេលីហ្សេ៖« គ្មាន​យុត្តិធម៌ គឺ​គ្មានសន្តិភាព និង​សន្តិសុខ​នៅ​ទ្វីបអាហ្រ្វិក »



ដោយ គួច គន្ធារ៉ា
ជំនួបកំពូល​អេលីហ្សេ​ស្តីពី​សន្តិភាព និង​សន្តិសុខ​ក្នុង​ទ្វីបអាហ្រ្វិក​ត្រូវ​បាន​រៀបចំ​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៧ ធ្នូ​ក្នុង​ទីក្រុង​ប៉ារីស។ ក្រៅ​ពី​ប្រធានបទ សន្តិភាព និង​សន្តិសុខ​ដែល​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់​លើក​យក​ទៅ​ជជែក​ជាមួយ​ប្រមុខរដ្ឋ​អាហ្រ្វិក ក៏​នៅ​មាន​ប្រធានបទ​សំខាន់​មួយ​ដែល​
គ្រប់​គ្នា​មិន​អាច​មើល​រំលង​បាន​ទេ នោះ​គឺ​យុតិ្តធម៌ ព្រោះ​ថា បើ​គ្មាន​យុត្តិធម៌ នោះ​ក៏​គ្មាន​សន្តិភាព និង​សន្តិសុខ​នៅ​ទ្វីបអាហ្រ្វិក​ដែរ។ជា​មួយ​នឹង​សកម្មភាព​យោធា និង​ការទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាលី​នា​រយៈពេល​ចុង​ក្រោយ​នេះ ប្រទេស​បារំាង​បាន​និង​កំពុង​រក​ឃើញ​ឡើង​វិញ​បន្តិច​ម្តងៗ​នូវ​ដាន​ជើង​របស់​ខ្លួន​ក្នុង​នាម​ជា​អតីត​មហាអំណាច​អាណានិគម​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ កាល​ពី​ជំនួបកំពូល​សហភាព​អាហ្រ្វិក​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ហ្រ្វង់ស្វ័រ ហូឡង់ គឺ​ជា​ប្រធានាធិបតី​អឺរ៉ុប​តែ​ម្នាក់​គត់​ដែល​បាន​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ជំនួបកំពូល​នោះ។ កាល​ណោះ លោក​ហ្រ្វង់ស្វ័រ ហូឡង់ បាន​ឆ្លៀត​ឱកាស​ប្រើ​ឥទ្ធិពល​ការទូត​របស់​បារំាង​ដើម្បី​អញ្ជើញ​ប្រទេស​អាហ្រ្វិក​ឲ្យ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អេលីហ្សេ​ស្តីពី​សន្តិភាព និង​សន្តិសុខ​ក្នុង​ទ្វីបអាហ្រ្វិក​នា​ទីក្រុង​ប៉ារីស​នា​ពេល​នេះ។
 
ម្យ៉ាងទៀត ជម្រើស​ប្រធានបទ « សន្តិសុខ និង​សន្តិភាព » គឺ​ជា​ជម្រើស​មួយ​ដែល​ទីក្រុង​ប៉ារីស​បាន​សំរិតសំរំាង​ជា​ទីបំផុត ព្រោះ​ថា វា​ជា​ជម្រើស​មួយ​ត្រឹមត្រូវ​ចំ​ពេល​ដែល​ស្ថានភាព​ទូទៅ​នៅ​ទ្វីបអាហ្រ្វិក​កំពុង​ស្គាល់​ភាព​រំជើបរំជួល​ខ្លំាង។ តែ​បន្តិច​ម្តងៗ ប៉ារីស​បាន​ដាក់​បញ្ចូល​ប្រធានបទ​ផ្សេង​ទៀត ចាប់​ពី​បញ្ហា​អាកាសធាតុ រហូត​ដល់​បញ្ហា​សេដ្ឋកិច្ច។ សេដ្ឋកិច្ច​ដែល​បារំាង​ហាក់​ដូច​ជា​បាន​ភ្ញាក់ខ្លួន​ចង់​ដណ្តើម​មក​វិញ​នូវ​ទីផ្សារ​អាហ្រ្វិក​ដែល​ខ្លួន​បាន​ទុក​ចោល មិន​ខ្ចី​រវីរវល់​ប៉ុន្មាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ពិធី​បិទបញ្ចប់​វេទិការ​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃពុធ ទី៤ ធ្នូ លោក​ហ្រ្វង់ស្វ័រ ហូឡង់​បាន​ថ្លែង​យ៉ាង​ច្បាស់ៗ​ថា បារំាង​ត្រូវ​ការ​អ្នក​វិនិយោគ​មក​ពី​ទ្វីបអាហ្រ្វិក ព្រម​ទំាង​សន្យា​បង្កើន​ការ​ដោះដូរ​សេដ្ឋកិច្ច​ទ្វេដង​រវាង​បារំាង និង​អាហ្រ្វិក​ក្នុង​រយៈពេល ៥ឆ្នំា​ខាង​មុខ។
 
វា​ពិត​ជា​មិន​ចម្លែក​ទេ​ដែល​បារំាង​បាន​ភ្ញាក់​ខ្លួន​នៅ​ពេល​នេះ ព្រោះ​ថា ទីផ្សារ​អាហ្រ្វិក​បាន​និង​កំពុង​​ឱបក្រសោប​យក​បន្តិច​ម្តងៗ​ពី​ប្រទេស​ផ្សេង ដូច​យ៉ាង​ប្រេស៊ីល និង​ចិន។ ជាក់ស្តែង​ក្នុង​ចន្លោះ​ឆ្នំា ២០០០ និង ២០១១ ចំណែក​ទីផ្សារ​បារំាង​នៅ​អាហ្រ្វិក​បាន​ធ្លាក់​ចុះ​ពី ១០,១% មក​នៅ​ត្រឹម​តែ ៤,៧%​ប៉ុណ្ណោះ។ រីឯ​ចំណែក​ទីផ្សារ​ចិន​នៅ​អាហ្រ្វិក​វិញ​បាន​កើន​ចំនួន ១៦%។ ក្នុង​រយៈពេល ២០ឆ្នំា ចំណែក​ទីផ្សារ​បារំាង​នៅ​ក្នុង​​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​ប្រើប្រាស់​ភាសា​បារំាង​បាន​បាត់បង់​រហូត​ដល់​ទៅ​ពាក់​កណ្តាល​ឯណោះ។ ឧទាហរណ៍​ជាក់ស្តែង​នៅ​ប្រទេស​កូដឌីវ័រ ចំណែក​ទីផ្សារ​បារំាង​បាន​ធ្លាក់​ពី ៣១% មក​នៅ​ត្រឹម ១៣% នៅ​កាមេរ៉ូន​ពី ៣៦% មក​នៅ​ត្រឹម​តែ ១៤%។ ទន្ទឹម​គ្នា​នេះ អាហ្រ្វិក​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៥% ក្នុង​រយៈពេល ១០ឆ្នំា​ចុង​ក្រោយ​នេះ។ តើ​វា​ល្មម​ដល់​ពេល​ដែល​បារំាង​ត្រូវ​ភ្ញាក់​ខ្លួន​ហើយ ឬ?
 
ពិត​ណាស់​ថា ក្នុង​នាម​ជា​អតីត​មហាអំណាច​អាណានិគម​ក្នុង​តំបន់ បារំាង​មិន​អាច​សំឡឹង​ឃើញ​តែ​ប្រយោជន៍​សេដ្ឋកិច្ច​ដូច​ចិន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ បារំាង​ពិត​ជា​ត្រូវ​ការ​អាហ្រ្វិក​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​មិន​អាច​ចៀស​ផុត តែ​ចូរ​កុំ​ភ្លេច​ថា អាហ្រ្វិក​ក៏​នៅ​តែ​ត្រូវ​ការ​អតីត​ចៅហ្វាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ដែរ។ ត្រង់​ចំណុច​នេះ អាហ្រ្វិក​ដឹង​ខ្លួន​ឯង​រួច​ជា​ស្រេច​ថា មាន​តែ​បារំាង​ទេ​ដែល​ខ្លួន​អាច​ពឹង​បាន។ រីឯ​បារំាង​វិញ​ក៏​ពិបាក​នឹង​ឆ្លើយ​ទេ​ដែរ។ តែ​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់​បាន​និយាយ​រួច​ជា​ស្រេច​ថា ទំនាក់ទំនង​នៅ​លើ​គ្រប់​វិស័យ​រវាង​បារំាង និង​អាហ្រិ្វក ជា​ទំនាក់ទំនង​មាន​ទៅ មាន​មក។
 
ជំនួបកំពូល​អេលីហ្សេ​ស្តីពី​សន្តិភាព និង​សន្តិសុខ​ក្នុង​ទ្វីបអាហ្រ្វិក​ត្រូវ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​កំពុង​ជួប​ប្រទះ​នឹង​ភាព​វឹកវរ​យ៉ាង​ខ្លំាង។ ប្រទេស​អាហ្រ្វិកកណ្តាល​កំពុង​ស្ថិត​មាត់​ជ្រោះ​នៃ​គ្រោះប្រល័យ​ពូជសាសន៍។ ប្រទេស​ម៉ាលី​កំពុង​ទទួល​ការ​គំរាមកំហែង​ភេរវកម្ម​ជាប់​ជា​ប្រចំា។ ប្រទេស​លីប៊ី​ដែល​ក្រុមស្វាយត្រាន​បាន​បង្កើត​ច្បាប់​សម្រាប់​ខ្លួន ដោយ​មិន​គោរព​រដ្ឋអំណាច។ ទំាង​នេះ ដោយ​មិន​ភ្លេច​ប្រទេស​កូដឌីវ័រ​ដែល​ស្ថានការណ៍​នៅ​ផុយស្រួយ​ខ្លំាង​ណាស់។ នៅ​ក្នុង​ប្រទេស​ដូច​បាន​រៀបរាប់​ខាង​លើ បារំាង​បាន​ស្ថិត​នៅ​ខ្សែ​បន្ទាត់​ទីមួយ​ដើម្បី​ជួយ​ដោះស្រាយ។ ក៏​ប៉ុន្តែ មាន​ការ​លើកឡើង​អំពី​ប្រសិទ្ធិភាព​នៃ​បទ​អន្តរាគមន៍​របស់​បារំាង​ដែល​អ្នក​ខ្លះ​យល់​ថា មាន​ប្រសិទ្ធិភាព​តែ​រយៈពេល​ខ្លី។ ជាក់ស្តែង​អន្តរាគមន៍​យោធា​នៅ​ក្នុង​ប្រទេស​ម៉ាលី​ដែល​គ្រប់​គ្នា​មាន​ការ​សោកស្តាយ​ថា បារំាង​បាន​ធ្វើ​ដោយ​តក់ក្រហល់​ខ្លំាង​ពេក។
 
ដូច្នេះ ជំនួបកំពូល​អេលីហ្សេ​ពេល​នេះ​អាច​ជា​វេទិការ​មួយ​ដើម្បី​ពិចារណា​រិះរក​មធ្យោបាយ​ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង។ តែ​ដើម្បី​អាច​ធ្វើ​ដូច​នេះ​បាន លុះ​ត្រា​តែ​ប្រទេស​ពាក់ព័ន្ធ​គោរព​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ទី១ ប្រទេស​ត្រូវ​តែ​មាន​និតិរដ្ឋ​ត្រឹមត្រូវ ទី២ រដ្ឋាភិបាល​ត្រូវ​តែ​ប្រយុទ្ធប្រឆំាង​នឹង​និទណ្ឌភាព និង​ទី៣ រដ្ឋាភិបាល​មិន​ត្រូវ​លូកដៃ​ក្នុង​រឿង​តុលាការ​ទេ។ ក្រុម​អ្នកសង្កេតការណ៍​ទូទៅ​បាន​យល់​ឃើញ​ថា តុលាការ គឺ​ជា​រឿង​សំខាន់​ជាង​គេ ព្រោះ​ថា គ្មាន​ការ​ស៊ើបអង្កេត និង​គ្មាន​តុលាការ គឺ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ និង​ពិត​ជា​មិន​អាច​រារំាង​ពួក​គេ​មិន​ឲ្យ​សងសឹក​វិញ​បាន​ឡើយ។ គ្មាន​តុលាការ ក៏​គ្មាន​និតិរដ្ឋ​ដែរ។
 
ចំពោះ​ក្រុម​មនុស្ស​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​មួយ​ក៏​ឧក្រិដ្ឋកម្ម​មនុស្សជាតិ និទណ្ឌភាព​រឹត​តែ​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​បន្ត​ប្រព្រឹត្តិ​បទល្មើស​កាន់​តែ​សាហាវ​ដើម្បី​ពង្រីក និង​ពង្រឹង​អំណាច​ផ្តាច់ការ​ថែម​ទៀត។ ដូច្នេះ ជំនួបកំពូល​បារំាង អាហ្រ្វិក​ពេល​នេះ ពិត​ជា​ឱកាស​មួយ​ដែល​ថ្នាក់ដឹកនំា​ត្រូវ​តែ​បង្ហាញ​ពី​ជំហរ​គំាទ្រ​របស់​ខ្លួន​ចំពោះ​តុលាការ និង​និតិរដ្ឋ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors