លោក ដាំ សិទ្ធិ មិនបានបំភ្លឺជុំវិញអត្ថបទដែលបានផ្សាយរួចហើយលើទំព័រកាសែតរបស់ខ្លួនទេ ហើយសំណុំរឿងរបស់លោក ដាំ សិទ្ធិ នេះ ត្រូវបានខាងក្រសួងការពារជាតិ ដាក់ពាក្យប្តឹងទៅតុលាការយោធា។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបញ្ជាក់ថា ករណីសំណុំរឿងលោក ដាំ សិទ្ធិ ត្រូវបានក្រសួងការពារជាតិដាក់ពាក្យបណ្ដឹងទៅតុលាការយោធា ពាក់ព័ន្ធនឹងការរិះគន់កងកម្លាំងប្រដាប់អាវុធ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី២ ខែធ្នូ ទីស្ដីការគណៈរដ្ឋមន្ត្រី អស់ភាពអំណត់រង់ចាំការឆ្លើយតបជាលិខិតលាយលក្ខណ៍អក្សរបំភ្លឺរបស់លោក ដាំ សិទ្ធិ ចាងហ្វាងកាសែត "មនសិការខ្មែរ" ទៀតហើយ។ ទីស្ដីការគណៈរដ្ឋមន្ត្រីបានទុកពេល ៣សប្ដាហ៍រួចហើយ ឲ្យចាងហ្វាងកាសែតរូបនេះ ពន្យល់និងបំភ្លឺជាលិខិតផ្លូវការចំពោះអត្ថបទដែលបានចុះផ្សាយលើទំព័រកាសែតរបស់ខ្លួន។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កាសែត "មនសិការខ្មែរ" បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបន្លំលទ្ធផលបោះឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ទ្ធភ្នំពេញ ប្លន់យកជ័យជម្នះប្រជារាស្ត្រខ្មែរ។ ចំណងជើងនេះត្រូវបានលោក ដាំ សិទ្ធិ ដកស្រង់ចេញពីសម្ដីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្ដល់បទសម្ភាសន៍ឲ្យ ទូរទស្សន៍អូស្ត្រាលី ឈ្មោះ ស៊ី.ប៊ី.អិន (CBN)។
លោក ផៃ ស៊ីផាន ជាអនុប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកព័ត៌មានសមរភូមិ និងផលប្រយោជន៍ការពារជាតិនៃទីស្ដីការគណៈរដ្ឋមន្ត្រីដែរនោះ បញ្ជាក់ថា ករណីនេះមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ និងកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ ហើយរឿងនេះត្រូវស្ថិតក្នុងតុលាការយោធា៖«រឿងនេះផុតពីដៃយើង ការិយាល័យយើងជូនទៅមេធាវីរបស់ក្រសួងការពារជាតិ ឬកងយោធពលខេមរភូមិន្ទ ដែលធ្វើការជាមួយតុលាការសឹកដែលស្វែងរកព័ត៌មាននេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅរសៀលថ្ងៃទី២ ខែធ្នូ ដោយលោកបានបិទទូរស័ព្ទ។ លោក ន័យ ថុល ប្រធានតុលាការយោធា ក៏មិនអាចទាក់ទងបានដែរ។
លោក ដាំ សិទ្ធិ ចាងហ្វាងកាសែត "មនសិការខ្មែរ" និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ដែលមិនចូលរួមរដ្ឋសភា ចាត់ទុកការដាក់ពាក្យបណ្ដឹងប្រឆាំងលោកទៅតុលាការយោធាជារឿងខុសច្បាប់។
លោក ដាំ សិទ្ធិ ចាងហ្វាងកាសែត "មនសិការខ្មែរ" និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ដែលមិនចូលរួមរដ្ឋសភា ចាត់ទុកការដាក់ពាក្យបណ្ដឹងប្រឆាំងលោកទៅតុលាការយោធាជារឿងខុសច្បាប់។
លោកបញ្ជាក់ថា លោកបានបញ្ជូនខ្សែអាត់សំឡេងរបស់លោក កឹម សុខា ដែលបានសម្ភាសន៍ជាមួយទូរទស្សន៍អូស្ត្រាលី ទៅទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ ដើម្បីផ្ទៀងផ្ទាត់ជាមួយអត្ថបទដែលលោកបានចុះផ្សាយ។ ប៉ុន្តែខាងគណៈរដ្ឋមន្ត្រីនៅតែទាមទារឲ្យមានការបំភ្លឺតាមលិខិតពីរឿងនោះទៀត។
លោកគិតថា នេះជាការគំរាមកំហែងថ្មីដល់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកដែលហ៊ានរិះគន់ទង្វើខុសច្បាប់របស់អ្នកកាន់អំណាច៖ «យកលេសមួយដើម្បីជាការគំរាមកំហែងដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មានមនសិការ ខ្មែរដែលគេធ្លាប់ធ្វើរាប់ឆ្នាំមកហើយនេះ ជាការគំរាមកំហែងមួយបែបថ្មីមួយទៀត»។
ជុំវិញបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ការដាក់បណ្ដឹងប្ដឹងចាងហ្វាងកាសែត "មនសិការខ្មែរ" ទៅតុលាការយោធាជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែលោក ដាំ សិទ្ធិ ជាជនស៊ីវិល៖ «ទាក់ទងរឿងបរិហារកេរ្តិ៍ក៏ដោយ រឿងសន្តិសុខជាតិក៏ដោយ ដោយសារលោក ដាំ សិទ្ធិ គាត់ជាជនស៊ីវិល ហើយជាអ្នកសារព័ត៌មាន អ៊ីចឹងមិនគួរទាក់ទងជាមួយតុលាការយោធាទេ ហើយខ្ញុំមើលទៅការប្រើប្រាស់តុលាការយោធានៅពេលនេះ ចំពោះខ្ញុំគឺមិនត្រឹមត្រូវទេ»។
លោក ដាំ សិទ្ធិ អាចនឹងជាប់ចោទពីបទបរិហារកេរ្តិ៍ ឬបើធ្ងន់លោកអាចជាប់ពាក់ព័ន្ធពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ លោកក៏ធ្លាប់ជាប់ពន្ធនាគារ និងរងការគំរាមកំហែងជាច្រើនលើកពីមន្ត្រីរដ្ឋាភិបាលក្នុងការចុះផ្សាយរឿងអាស្រូវរបស់មន្ត្រីទាំងនោះនៅក្នុងទំព័រកាសែត។
Labels:
ព័ត៌មានជាតិ