Pages

Tuesday, December 3, 2013

កម្ពុជា​អះ​អាង​ថា​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​មិន​ទាន់​រាល​ដាល​ដល់​រឿង​ព្រំដែន​ទេ

ដោយ ប៉ែន បូណា
រដ្ឋាភិបាល​កម្ពុជា​អះ អាង​ថា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។ រហូត​មក​ទល់​ពេល​នេះ ភាព​វឹក​វរ​នៅ​ក្នុង​ប្រទេស​នេះ​មិន​ទាន់​រាល​ដាល​ដល់​បញ្ហា​ព្រំដែន​នៅ​ឡើយ​ទេ។ ស្ថានការណ៍​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក៏​មាន​ភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ដែរ។ យ៉ាង​ណា​ក៏​ដោយ
ភាព​វឹក​វរ​ក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​សាល​ដីកា​តុលាការ​ក្រុងឡាអេ។បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​សាលដីកា​តុលាការ​ក្រុងឡាអេ។ ក្នុង​ស្ថាន​ភាព​ដែល​ទីក្រុង​បាងកក​ជួប​នឹង​ភាព​វឹក​វរ​ខាង​នយោបាយ​យ៉ាង​ខ្លាំង​បែប​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មិន​ទាន់​លើក​បញ្ហា​ព្រះវិហារ​ទៅ​ពិភាក្សា​ជាមួយ​ថៃ​នៅ​ឡើយ​ទេ។
 
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ។ លោក​បាន​កត់​សម្គាល់​ថា ភាព​វឹក​វរ​នៅ​ក្នុង​ប្រទេស​ថៃ​មិន​បាន​រាល​ដាល​ដល់​បញ្ហា​ព្រំដែន​នៅ​ឡើយ​ទេ​ពោល​គឺ​ក្រុម​ប្រឆាំង​ថៃ​បាន​លើក​តែ​អំពី​ច្បាប់​លើក​លែង​ទោស​តែប៉ុណ្ណោះ។
 
យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទទួល​ស្គាល់​ថា កម្ពុជា​មិន​ទាន់​អាច​លើក​បញ្ហា​តុលាការ​ឡា​អេ​ទៅ​ពិភាក្សា​ជា​មួយ​ថៃ​បាន​ទេ​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​បែប​នេះ​ពី​ព្រោះ​ការ​លើក​បញ្ហា​នេះ​នឹង​ក្លាយ​ជា​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ក្រុង​បាងកក។
 
គួរ​កត់​សម្គាល់​ថា កម្ពុជា​បាន​ក្លាយ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​ជា​ថ្មី​ទៀត​អំពី​បញ្ហា​ព្រះវិហារ។ កាល​ពី​ថ្ងៃ​ទី ១១ វិច្ឆិកា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បាន​បកស្រាយ​ថា​ដែន​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា។ តុលាការ​អន្តរជាតិ​មួយ​នេះ​ក៏​បាន​សម្រេច​ឲ្យ​ថៃ​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​នោះ។ ប៉ុន្តែ ការ​អនុវត្ត​សាល​ដីកា​នេះ​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ។
 
បើ​ទោះ​បី​ជា​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​ពេល​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជា​មួយ​ករណី​ព្រះវិហារ​ក៏​ដោយ ក៏​បក្ស​ប្រឆាំង​ថៃ​បាន​បង្ហាញ​ជំហរ​រួច​ហើយ​ថា ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ​ទេ។ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អា​ភី​ស៊ីត វាចា​ជីវ៉ា ធ្លាប់​បាន​ដាក់​សម្ពាធ​ដោយ​ត្រង់ៗ​ទៅ​លើ​រដ្ឋាភិបាល​លោកស្រី យីង​ឡាក់ ស៊ីណា​វ៉ាត្រា ឲ្យ​បដិសេធ​សាលដីកា​នេះ។
 
ដូច្នេះ បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​នៅ​ពេល​នេះ​ពិត​ជា​មិន​អាច​ចៀស​ផុត​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ព្រះវិហារ​ឡើយ​ជា​ពិសេស​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ត្រូវ​បាន​ផ្តួល​រំលំ​ជាយថាហេតុ។ យ៉ាង​ណា​ក៏​ដោយ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា​សភាពការណ៍​នៅ​តាម​ព្រំដែន​កំពុង​ស្ងប់​ស្ងាត់​ជា​ធម្មតា ហើយ​ក្រុម​យោធា​កម្ពុជា​ថៃ​បាន​សន្យា​ថា​នឹង​រក្សា​ភាព​ស្ងប់​ស្ងាត់​នេះ​បន្ត​ទៀត៕