គំនរឈើប្រណិតជាច្រើនកន្លែងត្រូវបានសហគមន៍រកឃើញនៅតំបន់ព្រៃសហគមន៍អភិរក្សភ្នំប្រាងសុង ឋិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង។
កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា កន្លងទៅ ក្រុមសហគមន៍និងមន្ត្រីមូលដ្ឋានភូមិ រួមទាំងមន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក មានគ្នាជាង ២០នាក់ បានធ្វើដំណើរទៅកាន់តំបន់ភ្នំប្រាងសុង និងបានឃើញពីសកម្មភាពកាប់យកឈើប្រណិតអនាធិបតេយ្យនេះច្រើនកន្លែង និងមានឈើអារជាឈើជ្រុងទំហំ ៣០ ទៅ ៤០សង់ទីម៉ែត្រ ប្រវែង ៣ ទៅ ៤ម៉ែត្រ ប្រមាណ ១០០ដុំ ត្រូវគេបន្សល់ទុកក្នុងព្រៃចាប់តាំងពីចង្កេះភ្នំរហូតដល់កំពូលភ្នំ។ ឈើជ្រុងទាំងអស់នោះ ត្រូវគេសរសេរនឹងថ្នាំពណ៌ក្រហមជាអក្សរ អិន (N)។
តំណាងសហគមន៍ លោក ចិច រយើប មានប្រសាសន៍បញ្ជាក់ថា នេះគឺជាបទល្មើសលួចកាប់ឈើធ្ងន់ធ្ងរកើតមានក្នុងព្រៃដែលអាជ្ញាធរពាក់ព័ន្ធបានចុះបញ្ជីប្រគល់ជូនប្រជាពលរដ្ឋជនជាតិដើមអភិរក្ស ថែរក្សា និងអាស្រ័យ។ លោកបន្តថា បទល្មើសព្រៃឈើនេះ កើតមានប្រមាណ ២ខែ កន្លងទៅនេះ និងមានរថយន្តដឹកជញ្ជូនឈើចេញពីព្រៃ ហើយផ្ទេរទៅឲ្យរថយន្តទេសចរណ៍តូចៗដឹកជញ្ជូនចេញរៀងរាល់ថ្ងៃទៅតាមផ្លូវមុខការិយាល័យសង្កាត់រដ្ឋបាលព្រៃឈើនៅតំបន់នោះជាបន្តបន្ទាប់ ដោយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបឡើយ។
លោក ចិច រយើប៖ «គេដាក់ផ្លាកក្នុងឈើហ្នឹង ដាក់សុទ្ធតែអក្សរ អិន ទាំងអស់ហ្នឹង។អត់ឃើញមនុស្សទេ ដូចថា គេចេញអស់ហើយ ខ្លាចពួកខ្ញុំចាប់ឡានចាប់ស្អីគេៗដឹងមុន មិនដឹងនរណាប្រាប់គេ។ មេព្រៃហ្នឹង ពីមុនប្រជាពលរដ្ឋប្ដឹងដែរ ប្ដឹងអត់ឃើញអើពើអ៊ីចឹងណា!»។
តំបន់ព្រៃអភិរក្សអណ្ដូងក្រឡឹង មានផ្ទៃដី ២៥០០ហិកតារ ត្រូវបានអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី ប្រគល់ជូនសហគមន៍អភិរក្សតាំងពីឆ្នាំ២០០៤ មក។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃអង្គការការពារសិទ្ធិមនុស្សអាដហុក លោក សុខ រដ្ឋា មានប្រសាសន៍បញ្ជាក់ថា លោកបានចុះអង្កេតករណីនេះបន្ទាប់ពីសហគមន៍បានរាយការណ៍សុំកិច្ចអន្តរាគមន៍ពីសមាគម។ លោកទទួលស្គាល់ថា ឈើប្រណិតមាន បេង ធ្នង់ នាងនួន នៅតំបន់ភ្នំប្រាងសុង ពិតជាកំពុងត្រូវគេកាប់ធ្វើអាជីវកម្មមែន។
លោកបន្តថា ប្រសិនអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបទាន់ពេលវេលាទេ ឈើមានតម្លៃក្នុងព្រៃនេះនឹងត្រូវគេកាប់បំផ្លាញអស់គ្មានសល់៖ «ចុះទៅចង្កេះភ្នំស្អីហ្នឹង គឺមានការកាប់រាយប៉ាយពេញមួយភ្នំហ្នឹងតែម្ដង មានការច្រៀកទុកជាស្រេច ទំហំប៉ុនៗគ្នា។ គ្រប់ទីតាំងដែលបានចុះទៅស៊ើបអង្កេតនៅតំបន់នោះ យើងសរុបទៅ កំណាត់ឈើដែលអាររួចជាស្រេច ហើយទុកនៅក្នុងព្រៃបម្រុងដឹកចេញ សរុបទៅវា ៨៩ដុំ។ ទាំងប្រជាពលរដ្ឋ ទាំងខាងអាដហុក យើងក៏អត់ដឹងដែរ ព្រោះយើងអត់ដឹងថា ខាងណាចូលទីកាប់ទេ គ្រាន់តែមានការអះអាងពីប្រជាពលរដ្ឋថា កន្លែងហ្នឹងមានការបណ្ដែតបណ្ដោយពីខាងរដ្ឋបាលព្រៃឈើកែវសីមា នៅក្បែរហ្នឹង បណ្ដោយឲ្យឈ្មួញ ក៏ដូចជាអ្នករកស៊ីឈើចូលទៅកាប់យ៉ាងអនាធិបតេយ្យនៅហ្នឹង»។
ឆ្លើយតបការអះអាងនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ មានប្រសាសន៍បញ្ជាក់ថា តំបន់ព្រៃដែលប្រគល់ជូនសហគមន៍អភិរក្ស គឺមិនអនុញ្ញាតឲ្យជនណាចូលកាប់យកឈើបានឡើយ។ លោកបន្តថា នឹងចាត់មន្ត្រីជំនាញចុះពិនិត្យមើលករណីនេះ៖ «ដីដែលឲ្យទៅសហគមន៍ហើយមិនអាចធ្វើវិនិយោគទេ ព្រោះយើងបានរៀបចំជាសហគមន៍ព្រៃឈើហើយ។ ចាំមើលខ្ញុំចាត់មន្ត្រីទៅមើល»។
ទោះជាយ៉ាងនេះក្តី មន្ត្រីអង្គការអាដហុក ដដែលឲ្យដឹងថា តំណាងសហគមន៍បីនាក់បានដាក់ពាក្យប្ដឹងមកអង្គការលោករួចហើយ សុំជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តជួយទប់ស្កាត់។ ករណីនេះលោកនឹងអន្តរាគមន៍ពាក្យប្ដឹងរបស់សហគមន៍ជូនមន្ត្រីអាជ្ញាធរខេត្តខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីស្ថាប័នអយ្យការនៅដើមសប្ដាហ៍ក្រោយនេះ៕
Labels:
ព័ត៌មានជាតិ