ជំទាស់ក្នុងប្រទេសកម្ពុជាដែលបានទាមទារឲ្យលោកហ៊ុន សែនចុះចេញពីមុខតំណែងជានាយករដ្ឋមន្ត្រីដែរ។ ក្រុមបាតុករថៃកំពុងចូលកាន់កាប់អគាររដ្ឋាភិបាលហើយប្រកាសពីជោគជ័យរបស់ខ្លួនកាលពីថ្ងៃអង្គារ។ តែក្រុមជំទាស់ក្នុងប្រទេសកម្ពុជាដាក់គម្រោងការធ្វើបាតុកម្មនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៣ខាងមុខក្នុងខេត្តសៀមរាបដើម្បីទាមទារឲ្យរកយុតិ្តធម៌ចំពោះលទ្ធផលបោះឆ្នោតថ្ងៃទី២៨ខែកក្កដាដែលខ្លួនអះអាងថា បានទទួលជ័យជម្នះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់ក្នុងប្រទេសកម្ពុជា សម្តែងក្តីបារម្ភចំពោះការប្រែប្រួលនយោបាយកម្ពុជា នៅពេលក្រុមបាតុករថៃទាមទារឲ្យនាយករដ្ឋមន្ត្រីថៃដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ចុះចេញពីតំណែង។
លោកពន្យល់ថា៖ «សកម្មភាពរបស់បាតុករថៃហ្នឹងគឺថា អាចឆ្លងសកម្មភាពអញ្ចឹងៗ គំនិតអញ្ចឹងៗ អាចឆ្លងប្រទេសតៗគ្នា ហើយក្នុងប្រទេស ដែលមានការជាប់គាំងនយោបាយទៅ ក្រែងលោមានការរៀបចំធ្វើបាតុកម្មទៅ ក្រែងលោជ្រុលហួសទៅដល់អញ្ចឹង»។
កម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ ជាពិសេសដីក្បែរប្រាសាទព្រះវិហារទោះ ជាមានសាលក្រមតុលាការអន្តរជាតិក្តី។ ហើយកម្ពុជាក៏មានបញ្ហាផ្ទៃក្នុងដែរ ដែលគណបក្សជំទាស់របស់លោកសម រង្ស៉ី និងលោកកឹម សុខាបានសុំឲ្យលោកហ៊ុន សែនចុះចេញពីតំណែង។ គណបក្សជំទាស់គ្រោងនឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី១០ ខែធ្នូក្នុងខេត្តសៀមរាបដើម្បីទាមទារយុត្តិធម៌ចំពោះលទ្ធផលនៃការបោះឆ្នោតដែលគណបក្សជំទាស់បានចាត់ទុកថា ខ្លួនជាអ្នកឈ្នះហើយត្រូវដឹកនាំប្រទេសជំនួសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើគ្មានការគៃបន្លំសន្លឹកឆ្នោត។ ក្រុមបាតុករថៃបានទាមទារឲ្យលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ចុះចេញពីតំណែងទាក់ទងនឹងអំពើពុករលួយ បង្កើតច្បាប់លើកលែងទោសដែលក្រុមបាតុករគិតថា គឺដើម្បីការពារបងប្រុសរបស់លោកស្រីគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបណ្តេញចេញពីមុខតំណែងដោយអំពើរដ្ឋប្រហារកាលពីឆ្នាំ២០០៦។
«រដ្ឋាភិបាលយីងឡាក់ ថាក់ស៊ីនហ្នឹងគឺជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលខ្មែរដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនហ្នឹង។ ហើយប្រសិនបើគណបក្សប្រឆាំងហ្នឹងកាន់កាប់អំណាចទៅវិញគឺទំនាក់ទំនងហ្នឹងអាចមានការលំបាកដោយសារសម្តេចហ៊ុន សែន ដូចជាធ្លាប់ទិតៀនត្រង់ៗដល់គណបក្សប្រឆាំងថៃ»។
លោកបានបន្តថា សង្គមថៃបច្ចុប្បន្នមានការបែកជាពីរគឺក្រុមលោកថាក់ស៊ីន ដែលមានប្រជាប្រិយភាពខ្លាំងជាមួយអ្នកជនបទ ហើយក្រុមគណបក្សប្រឆាំងគឺមានប្រជាប្រិយភាពខ្លាំងជាមួយអ្នកទីក្រុង អ្នកចេះដឹង។
VOA
