ប្រជាពលរដ្ឋនៅតំបន់ភាគពាយព្យត្អូញត្អែរពីទំនិញឡើងថ្លៃ ហើយថាកសិផលរបស់កសិករលក់ចេញបានតម្លៃកាន់តែទាប។រយៈពេលចុងក្រោយថ្មីៗនេះ ទំនិញស្ទើរសព្វសារពើបានហាក់ឡើងថ្លៃស្ទើរគ្រប់មុខ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការត្អូញត្អែរអំពីជីវភាពរស់នៅប្រចាំថ្ងៃ។ចំណែកកសិករក៏ជួបបញ្ហាដូចគ្នាដែរ ដោយសារតែទំនិញលើទីផ្សារចេះតែឡើងថ្លៃ តែកសិផលរបស់ពួកគាត់បែរជាលក់ចេញបានក្នុងតម្លៃថោកទៅវិញ។
ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង លោក ហៃ បាននិយាយថា ទំនិញឡើងថ្លៃនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ពិសេសអ្នកក្រីក្រ ដែលរកចំណូលបានទាប។
(សំឡេង លោក ហៃ)
កសិករនៅស្រុក សំពៅលូន ជាប់ព្រំដែនខ្មែរថៃ ក ធារ៉ា បានត្អូញត្អែរថា ប្រជាពលរដ្ឋទើបតែងើបពីការរងគ្រោះ ដោយទឹកជំនន់ធ្ងន់ធ្ងរ ស្រាប់តែទំនិញលើទីផ្សារបែរជាហក់ឡើងខ្ពស់ទៅវិញ។ ធារ៉ា បានប្រៀបធៀបថា ទំនិញទីផ្សារឡើងថ្លៃ តែកសិផលកសិករបែរជាថោក។
(សំឡេង ក ធារ៉ា)
ម្ចាស់អាជីវកម្មមួយកន្លែងនៅខេត្តបាត់ដំបង លោក រ៉ាវី បានថ្លែងថា បច្ចុប្បន្នលោកពុំសូវមានអតិថិជនដូចមុននោះទេ ដោយសារតែទំនិញឡើងថ្លៃ។ លោកថាលោកតម្លើងថ្លៃនេះដោយសារតែការទារពន្ធនាំទំនិញចូលរបស់មន្រ្តីច្រើនជាងមុន។
(សំឡេង លោក រ៉ាវី)
ប្រជាពលរដ្ឋម្នាក់នៅខេត្តបន្ទាយមានជ័យ លោក ប្រុស បានសម្តែងទស្សនៈរបស់ខ្លួនជុំវិញទំនិញឡើងថ្លៃដូច្នេះ៖
ការត្អូញត្អែរនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមពង្រឹងការប្រមូលពន្ធលើទំនិញនាំចូល និងខណៈដែលកម្ពុជាកំពុងជាប់គាំងវិបត្តនយោបាយអូសបន្លាយជាងបួនខែមកហើយ។
អ្នកស្រាវជ្រាវសង្គមឯករាជ្យបានមានប្រសាសន៍អំពីមូលហេតុនានា ដែលនាំឲ្យទំនិញនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃមិនឈប់ឈរ។
(សំឡេង លោក កែម ឡី)
លោក កែម ឡី បានថ្លែងបន្តថា ការឡើងថ្លៃទំនិញលើទីផ្សារនេះប៉ះពាល់ធំជាងគេគឺមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់ខែទាប និងប៉ះពាល់ដល់កសិករ កម្មករ និង ប៉ះពាល់ជាប្រយោលដល់ឈ្មួញឬម្ចាស់អាជីវកម្ម។
បញ្ហាទាំងនេះអ្នកស្រាវជ្រាវសង្គម បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល គឺត្រូវតែគិតគូរដោះស្រាយជាបន្ទាន់នៅវិបត្តិនយោបាយ និងពិនិត្យមើលតម្លៃពន្ធគយជាដើម។
(សំឡេង លោក កែម ឡី)
ទាក់ទងបញ្ហានេះ យើងមិនទាន់អាចទំនាក់ទំនងមន្រ្តីរដ្ឋាភិបាលកម្ពុជាបាននោះទេ៕
Labels:
ព័ត៌មានជាតិ

Previous Article
