មន្ត្រីនៃអង្គការការពារសទ្ធិមនុស្សមិនបានស្វាគមន៍ចំពោះគោលបំណងនៃការចង់ផ្លាស់ប្តូរឈ្មោះពន្ធនាគារនៅទូទាំងប្រទេសរបស់ក្រសួងមហាផ្ទៃទៅជាមន្ទីអប់រំ កែប្រែវិញ។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា ការគោរពនិងអនុវត្តច្បាប់នៅក្នុងពន្ធនាគារឲ្យបានល្អគឺជាការប្រសើរ
ហើយសំខាន់ជាងឈ្មោះទៅទៀត។មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានថ្លែងថាសម្រាប់ប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក ហើយមានការគោរពសិទ្ធិមនុស្សនោះគេលែងប្រើឈ្មោះពន្ធនាគារទៀតហើយ។ ការពោលបែបនេះគឺចំពេលដែលមន្ត្រីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងពីការចង់ដូរឈ្មោះពន្ធនាគារខ្មែរទៅជាមន្ទីអប់រំកែប្រែ។
លោក នី ចរិយា បានបន្តថា ការផ្លាស់ប្រូរឈ្មោះមិនមែនជាកត្តាសំខាន់នោះទេ អ្វីដែលសំខាន់គឺក្រសួងមហាផ្ទៃត្រូវតែជម្រុញឲ្យមានការអនុវត្តការគោរពសិទ្ធិនៅក្នុងពន្ធនាគារ ទៅតាមកំរិតស្តង់ដារអប្បបរមា នៅក្នុងពន្ធនាគារ បើពុំដូច្នោះទេ លោកថាចង់ដាក់ឈ្មោះជាសណ្ឋាគារក៏មិនមានន័យអ្វីដែរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា សព្វថ្ងៃមានការរំលោភសិទ្ធិនៅក្នុងពន្ធនាគារជាច្រើន អំពើពុករលួយក៏មាន ពីការយកប្រាក់ពីសាច់ញាតិដែលទៅសួរសុខទុក្ខបងប្អូនដែលជាប់ទោសនៅក្នុងពន្ធនាគារ និងការបណ្តោយឲ្យវាយធ្វើបាបអ្នកទោសថ្មីៗពីសំណាក់អ្នកទោសចាស់ៗ និងបញ្ហាបរិស្ថាននៅក្នុងពន្ធនាគារផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិនេះ នៅក្នុងពិធីមួយឯសណ្ឋាគារកាំបូឌីយ៉ាណា លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា ពន្ធនាគារដែលក្រសួងមានបំណងកែប្រែឈ្មោះទៅជាមន្ទីរកែប្រែនោះ គឺមានសភាពមិនដូចការគ្រប់គ្រងមុនៗទេ ដែលកាលពីមុនមិនសូវមាននរណាហ៊ានទៅក្បែរឡើយ។ ការដូរឈ្មោះនេះគឺចង់បង្ហាញពីទីកន្លែងកែប្រែដែលត្រូវផ្តល់ជំនាញដល់អ្នកទោស ឲ្យពួកគេមានចំណោះ នៅពេលដែលចេញទៅវិញ ពួកគេនឹងមានមុខរបរចៀសវាងការប្រព្រឹទ្ធិបទល្មើសបន្តទៀត។
លោករដ្ឋលេខាធិការ នុត សាអាន ក៏បានបដិសេធចំពោះការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សនានាជុំវិញបញ្ហានៃភាពមិនប្រក្រតីនៃនៅក្នុងពន្ធនាគារ ដូចជាករណីអ្នកទោសថ្មីទើបនឹងចូលត្រូវអ្នកទោសចាស់វាយធ្វើបាន ឬក៏សកម្មភាពផ្សេសៗមួយចំនួនទៀតនោះ គឺមិនមានទេចំពោះការគ្រប់គ្រងពន្ធនាគារនាពេលនេះ។
ការអះអាងនេះគឺដោយសារតែមានបញ្ញតិ ដាក់ទោសពិន័យទៅលើអ្នកទទួលខុសត្រូវពន្ធនាគារតាមខេត្តក្រុងប្រសិនបើពួកគេបានប្រព្រឹត្តិខុស។
សូមបញ្ជាក់ថាពន្ធនាគារនៅប្រទេសកម្ពុជាមានចំនួន ២៧នៅទូទាំងប្រទេស និងមានអ្នកទោសប្រមាណជាង១៤០០០នាក់៕
Labels: ព័ត៌មានជាតិ