ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ទៅលើ​អ្នកបញ្ជា​ឱ្យ​សមត្ថកិច្ច​ប្រើ​ហិង្សា​បាញ់សម្លាប់​ប្រជាពលរដ្ឋ​យ៉ាង​សាហាវ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា​



chhoun-sovan-general-police_vote_cen
សំណុំរឿង​ដែល​បុគ្គល ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​និង​បុគ្គល រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​ប្រើ​អំពើហិង្សា​លើក​ម្មករ ប្រជាពលរដ្ឋ ព្រះសង្ឃ នៅក្បែរ​វត្ត​ស្ទឹងមានជ័យ និង​បាញ់ប្រហារ​ធ្វើឱ្យ​ស្ត្រី​អ្នកលក់​បាយ​ម្នាក់​ស្លាប់បាត់​បង់ជីវិត កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា កន្លងទៅ គឺជា​រឿង​ដែល​មិនអាច​បញ្ចប់​ងាយៗ​ឡើយ​។ ជាក់ស្តែង​
រហូតមកដល់​ពេលនេះ​តំណាង​​ជនរងគ្រោះ​នៅតែ​ព្យាយាម​ដាក់ពាក្យ​បណ្តឹង​ជា​បន្តបន្ទាប់​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ បើទោះបី​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​មិន​ហ៊ាន​បើក​ការស៊ើបអង្កេត​ក៏ដោយ​។ ការដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​រុញ​សំណុំរឿង​ប្តឹង​ចោទប្រកាន់​បុគ្គល ជួន សុវណ្ណ និង​រ័ត្ន ស្រ៊ាង នៅ​ពីក្រោយ​អំពើហិង្សា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ទៅឱ្យ​ស្ថាប័ន​នគរបាលជាតិ​ជា​អ្នកស៊ើប​អង្កេត​មានន័យថា​ប្រព័ន្ធ​តុលា​ការ​ក្នុងប្រទេស​កម្ពុជា​គ្មាន​ឆន្ទៈ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទេ​។​

​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ចន្ទ ទី​០៩ ខែធ្នូ បានទទួល​ពាក្យបណ្តឹង​ស្នើ​អន្តរាគមន៍​របស់​យុវជន​រងគ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅ​គល់ស្ពាន​ស្ទឹងមានជ័យ​ដែល​បាន​ប្តឹង​ស្នងការ​នគរបាល​និង​មេបញ្ជា​ការ​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​រាជការ​សាធារណៈ​។ យុវជន​ឈ្មោះ នាង សុ​ឃុន អាយុ​២៥​ឆ្នាំ ដែល​បានដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​អះអាង​ក្រោយពេល​ដាក់ពាក្យ​បណ្តឹង​ថា​អង្គការសហប្រជាជាតិ​នឹង​អន្តរាគមន៍​ចាត់​វិធាន​ការជំរុញឱ្យ​តុលាការ​ព​ន្លឿ​ន​ដោះស្រាយ​ករណីនេះ​ឱ្យបាន​ឆាប់​។ តំណាង​ជនរងគ្រោះ​រូបនេះ​បាន​រិះគន់ថា​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ​និង​មិនអាច​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បានទេ​។​

 ​យុវជន នាង សុ​ឃុន បាន​រំលឹកថា​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក​បានដាក់​ពាក្យបណ្តឹង​ដូចគ្នានេះ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់​លោក ជួន សុវណ្ណ និង​លោក រ័ត្ន ស្រ៊ាង ថា​បាន​បញ្ជា​ឱ្យ​ក្រុម​សមត្ថកិច្ច​បាញ់សម្លាប់​ក​ម្មករ និង​ប្រជា​ពល​រដ្ឋ​ស្លូតត្រង់​ធ្វើឱ្យ​ស្ត្រី​អ្នកលក់​បាយ​ម្នាក់​ស្លាប់ ហើយ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​រងរបួស​។ យុវជន នាង សុ​ឃុន បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែតុលា លោក​បាន​ចូលជួប​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សួរនាំ តែម​ន្ត្រី​តុលាការ​ហាក់ដូចជា​ព្យាយាម​បិទបាំង​ព័ត៌មាន​មិន​ចាត់ការ​សំណុំ​រឿងនេះ​។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មើលឃើញ​យ៉ាងច្បាស់​ថា​ប្រព័ន្ធតុ​លា​ការ​ក្នុងប្រទេស​កម្ពុជា​បម្រើ​តែ​ផលប្រយោជន៍​មន្ត្រីជាន់ខ្ពស់ និង​អ្នកមានអំណាច​តែប៉ុណ្ណោះ​។​

 ​ទាក់ទង​បញ្ហា​ខាងលើនេះ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​បញ្ជាក់ថា​ពាក្យបណ្តឹង​ទៅកាន់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គ​ការ​ស​ហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា គឺជា​សញ្ញា​មួយ​ប្រាប់​ទៅ​អង្គការសហប្រជាជាតិ​ពី​ភាពមិន​ឯករាជ្យ​នៃ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។ ដោយ​ហេតុថា​​ករណី​ប៉ះទង្គិច​បណ្តាលឱ្យមាន​ប្រជាពលរដ្ឋ​ស្លាប់​និង​រងរបួស​នៅក្បែរ​ស្ពាន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ រហូតមកដល់​ពេលនេះ អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​មិនទាន់​ត្រូវបាន​ចាត់ការ​តាមច្បាប់​នោះទេ​។ មិនតែប៉ុណ្ណោះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​បាន​ដោះសា​យករួចខ្លួន ហើយ​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ជន​ទី​៣ ដោយ​ឥត​អៀនខ្មាស​។ ប្រការនេះ​បានបង្ហាញ​អំពី​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​ដែល​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សម្លាប់​មនុស្ស​បែរជា​អាច​គេច​ផុតពី​ការដាក់ទោស​។​

​សូម​រំលឹកថា​ក្នុងករណី​ផ្ទុះ​អំពើហិង្សា​នៅ​ចំណុច​ស្ពាន​ស្ទឹងមានជ័យ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា គឺ​សមត្ថកិច្ច​បាន​ប្រើ​ហិង្សា​លើក​ម្មករ ព្រះសង្ឃ ប្រជាពលរដ្ឋ​យ៉ាង​កំរោល ហើយ​ស្ត្រី​អ្នកលក់​បាយ​ម្នាក់​ត្រូវស្លាប់​ភ្លាមៗ ដោយសារ​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​។ ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​រាប់សិប​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ក្រោយមក​បាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​គឺមាន​ជនសង្ស័យ​ពីរ​នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ នៅក្នុង​ករណីនេះ​គេ​មិនទាន់​ឃើញ​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ចាត់វិធានការ​លើ​អ្នក​ដែល​បញ្ជា​ពីក្រោយ​ខ្នង​សមត្ថកិច្ច​ឱ្យប្រើ​អំពើហិង្សា​និង​បាញ់សម្លាប់​ប្រជាពលរដ្ឋ​នោះទេ ផ្ទុយទៅវិញ​ជនសង្ស័យ​២​នាក់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​និង​ឃុំខ្លួន​យ៉ាង​អយុត្តិធម៌​។​

​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា​ប្រសិនបើ​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​មា​នភា​ព​ឯករាជ្យ​ដូច​តុលាការ​នៃ​បណ្តា​ប្រទេស​នានា​នោះ​គឺ​បុគ្គល ជួន សុវណ្ណ និង​បុគ្គល​រ័ត្ន ស្រ៊ាង ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​តាមផ្លូវ​ច្បាប់​ចៀស​មិន​ផុត​ឡើយ​។ ក៏ប៉ុន្តែ​ដោយសារ​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​មិន​ឯករាជ្យ ទើប​បុគ្គល​ជួន សុវណ្ណ និង រ័ត្ន ស្រ៊ាង​អាច​គេច​ផុតពី​ការផ្តន្ទាទោស​ហើយ​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ជន​ទី​៣​។ ទោះជា​យ៉ាងណា​ភស្តុតាង​ជា​វីដេអូ​ឃ្លី​ប ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​សកម្មភាព​បុគ្គល រ័ត្ន ស្រ៊ាង និង​បុគ្គល​ជួន សុវណ្ណ បញ្ជា​ឱ្យ​សមត្ថកិច្ច​ប្រើ​អំពើហិង្សា​និង​បាញ់ប្រហារ​ពលរដ្ឋ​យ៉ាងច្បាស់​ក្រឡែត​៕​

ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors