ដីធ្លី​អគារ​រដ្ឋ​សំខាន់ៗ​៦​កន្លែង​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ក្រសួង​ឧស្សាហកម្ម ត្រៀម​ដោះដូរ​ទីតាំង​ឬ​លក់​ឲ្យ​ឯកជន​គ្មាន​តម្លាភាព​




អំឡុង​ពេលដែល​អង្គកា​រ​តម្លាភាព អន្តរជាតិ បានបង្ហាញ​របាយការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​ចាត់ទុក​កម្ពុជា ជា​ប្រទេសមួយ​មាន​អំពើពុករលួយ​ច្រើន​ជាងគេ​ក្នុង​វិស័យ​សាធារណៈ​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ស្រាប់តែ​បែកធ្លាយ​រឿង​សំខាន់​មួយ​ទាក់ទិន​នឹង​ការចេញ​អនុក្រឹត្យ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការលក់ដូរ​ឬ​ការផ្ទេរ​ទីតាំង​អគារ​រដ្ឋ​ចេញពី​តំបន់​ដែលមាន​តម្លៃ​ថ្លៃ
ឆ្ពោះទៅកាន់​ទី​ដាច់ស្រយាល​តាមរបៀប​ពុករលួយ គ្មាន​ការ​ដេញ​ថ្លៃ​នោះទេ​។ ហើយ​បើ​ភាសា​សាមញ្ញ​គេ​និយាយថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មានការ​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​បង្ក​ផល​លំបាក​ដល់​មន្ត្រី​រាជការ​ទូទៅ ដែលមាន​ប្រាក់ខែ​តិចតួច​រកតែ​លុយ​ចាក់​សាំង​ម៉ូតូ​ទៅធ្វើ​ការមិន​បាន​ផង​។​
​រំលឹក​ដល់​ការដោះដូរ​ទីតាំង​អគារ​រដ្ឋ គេ​នឹកឃើញ​ដល់​រឿងអាស្រូវ​ដ៏​ធំ​មួយ នៃ​ការលក់​ទីតាំង​សាលាខេត្ត​សៀមរាប សម័យ​លោក សូ ភិរិន្ទ ដែល​ស្ថិតនៅ​កណ្តាល​ក្រុង មានតម្លៃ​រាប់លាន​ដុល្លារ ហើយ​ក្រុម​ឈ្មួញ​បាន​កសាង​ទីតាំង​រដ្ឋបាល​ប្រមូលផ្តុំ​មួយ​ស្ថិតនៅ​ជិត​៣០​គីឡូម៉ែត្រ​ពី​ទីតាំង​សាលាខេត្ត​ចាស់ ហើយក៏​មានការ​ផ្ទេរ​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​គ្រប់គ្រង​សង់​ជា​សណ្ឋាគារ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​។ ការដោះដូរ​ទីតាំង​សាលាខេត្ត​សៀមរាប ចេញទៅ​ស្រុក​ប្រាសាទ បាគង ដែលមាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ បានធ្វើ​ឲ្យ​មន្ត្រីរាជការ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ពេល​ខ្លះទៅ​ធ្វើការ​តែមួយព្រឹក ឬមួយ​ល្ងាច ឬ​ខ្លះទៀត​ទៅធ្វើ​ការ​តែ​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ឲ្យ​មាន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​ដ៏​តិចតួច ជាពិសេស​ទីតាំង​សាលាខេត្ត​ដែល​នៅ​ឆ្ងាយ ក្នុង​មួយថ្ងៃ​ត្រូវ​ចំណាយលុយ​ចាក់​សាំង​ទៅធ្វើ​ការ​អស់​១​ម៉ឺន​រៀល​រួចទៅហើយ​។​

​ក្រោយពី​មានការ​ដោះដូរ​តំណែង​លោក សូ ភិរិន្ទ ស្រាប់តែ​មានការ​រៀបចំ​ផ្ទេរ​ទីតាំង​សាលាខេត្ត​ចូល​ក្រុង​វិញ​ដោយ​ដាក់​តាំងនៅ​បរិវេណ​អង្គរ​ឃ្យុ​ង​យូ តាម​បណ្តោយ​ផ្លូវ​៦០ ប៉ុន្តែ​គេ​មិនបាន​ចាត់វិធានការ​សើរើ​ដេញដោល​ពី​អំពើពុករលួយ​នៃ​ការដោះដូរ​ទីតាំង​សាលាខេត្ត​សៀមរាប នោះទេ គឺ​បិទ​សំណុំរឿង​ត្រឹម​ការ​រំកិល​សាលាខេត្ត​ចូល​ក្រុង​វិញ ដោយ​ដោះដូរ​ជាមួយ​អគារ​របស់​អាជ្ញាធរ​អប្សរា​។ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅក្នុង​ខេត្តសៀមរាប​បាន​សម្តែង​ការ​សោក​ស្តាយ​បំផុត ចំពោះ​អំពើពុករលួយ នៃ​ការដោះដូរ​ទីតាំង​អគារ​រដ្ឋ កាលពី​ជំនាន់​លោក សូ ភិរិន្ទ ដែល​ក្នុងនោះ​មានការ​ស៊ីដាច់​ទីតាំង​អគារ​រដ្ឋ​មួយ​កន្លែង ដែល​គេ​ស្គាល់​ថា​ជា​អតីត​ផ្ទះ​របស់លោក ដាប ឈួន ស្ថិតនៅ​ទល់មុខ​សណ្ឋាគារ មេ​រី​ឌា​ន​អង្គរ លើ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ ជា​មជ្ឈមណ្ឌល​វប្បធម៌ ទៅ​តាំងនៅ​ជាមួយ​អគារ​រដ្ឋបាល​ប្រមូលផ្តុំ ក្នុង​សាលាខេត្ត​សៀមរាប ហើយ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ប្រាក់​ដែល​គេ​បានមកពី​ការដោះដូរ​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ត្រូវ​បង់​ចូល​ខ្ទង់​ណា​នោះទេ​។​

​ឥឡូវនេះ គេ​រកឃើញ​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា កន្លងទៅនេះ បាន​បង្ហាញថា អចលនទ្រព្យ​សំខាន់ៗ​ដែលជា​ទីតាំង​អគារ​រដ្ឋ ដែល​សេសសល់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ចំនួន​៦​កន្លែង ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង ត្រូវបាន​រៀបចំ​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ ជា​អច​លនទ្រព្យ​របស់​រដ្ឋ​កាន់កាប់​ដោយ​ឯកជន ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការលក់ដូរ ឬ​ការផ្លាស់ប្តូរ​ទីតាំង​ជាមួយ​ក្រុមហ៊ុន​ឯកជន​នានា​។ អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​ផ្លាស់ប្តូរ​ស្ថានភាព​អគារ​រដ្ឋបាល ចំនួន​៦​ទីតាំង​ពី​អគារ​សាធារណៈ​របស់​រដ្ឋ​ដែល​មិនអាច​លក់ដូរ​បាន ទៅជា​អគារ​ឯកជន​របស់រ​ដ្ឋ ហើយ​អគារ​ទាំងនោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​ឧស្សាហកម្ម​រ៉ែ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ដល់​ទៅ​ជាង​៦៤,៥៨៧​ម៉ែត្រក្រឡា​។​

​ក្នុងចំណោម​អគារ​ដែល​ត្រូវធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ តាម​សេចក្តីសម្រេច​ក្នុង​អនុក្រឹត្យ​នោះ​រួមមាន ទីតាំង​ការិយាល័យ​ប្រៃសណីយ៍ សាខា​បឹង​ព្រលិត ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ នៅក្បែរ​ចំណុចប្រសព្វ​គ្នា​ជាមួយ​មហាវិថី​ព្រះមុនីវង្ស ដែល​នេះ​ជា​អគារ​ការិយាល័យ​ប្រៃសណីយ៍​ធំ​បំផុត​ទី​២ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទំហំ ១,៥៨៤​ម៉ែត្រក្រឡា​។ ការិយាល័យ​ប្រៃសណីយ៍​មួយទៀត​គឺ​សាខា​អូឡាំពិក ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​អចលនទ្រព្យ​ឯក​ជន​​ផងដែរ​។ ដោយ ឡែក​នៅ​ខេត្តបាត់ដំបង ដី​រដ្ឋ​ដែលមាន​ទំហំ ៦២,៧៤០​ម៉ែត្រក្រឡា ដែលជា​កម្មសិទ្ធិ​របស់​ក្រសួង​ឧស្សាហកម្ម ក៏ត្រូវ​បានធ្វើ​ចំ​ណាត់​ថ្នាក់​ឡើងវិញ​ផងដែរ​។​

យោងតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ដដែល​នេះ ក៏មាន​ការស្នើសុំ​ឲ្យ​ក្រសួង​ប្រៃសណីយ៍​និង​ក្រសួង​ឧស្សាហកម្ម​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ លើ​ទីតាំង​អគារ​ទាំង​នោះ​។ ក្រុមមន្ត្រី​មួយចំនួន​មិន​ហ៊ាន​រៀបរាប់​លម្អិត​ពី​បញ្ហា​ដោះដូរ​ទីតាំង​អគារ​រដ្ឋ​និង​ដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ចំនួន​៦​កន្លែង​នេះ​ទេ ហើយ​មន្ត្រី​តូចតាច​ខ្លះ​បាន​លើកឡើងថា មាន​គេ​រត់ការ​ខ្វែងដៃខ្វែងជើង​សម្រាប់​ការលក់ដូរ ឬ​ការដោះដូរ​ទីតាំង​អគារ​រដ្ឋ​តាំងពី​មុនពេល​បោះឆ្នោត​ម​ក​ម្ល៉េះ ឬ​អាច​និយាយបានថា​ធ្វើ​ឡើង​តាំងពី​ជំនាន់​រដ្ឋមន្ត្រី​មុន ដែល​ក្រសួង​ឧស្សាហកម្ម​មាន​លោក ស៊ុយ សែម ហើយ​ក្រសួង​ប្រៃសណីយ៍ មាន​លោក សូរ ឃុន ផងដែរ​។ ស្ទើរ​ក្លាយជា​ទម្លាប់​ទៅហើយ​សម្រាប់​ការដោះដូរ​ទីតាំង​អគារ​រដ្ឋ​ដែល​ភាសា​សាមញ្ញ​គេ​និយាយថា​លក់​អគារ​រដ្ឋ​ដែល​ស្ថិតក្នុង​ទីតាំង​ល្អ​មានតម្លៃ​ថ្លៃ ឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ក្រុមហ៊ុន​ទាំងនោះ​ទៅ​ទិញ​ដី​នៅ​ជាយក្រុង​ក្នុង​តម្លៃថោកៗ​ដើម្បី​កសាង​អគារ​ដែល​មិនសូវមាន​គុណភាព គ្មាន​ស្តង់ដារ​ប្រគល់ជូន​រដ្ឋ​វិញ ប្រមូល​លុយ​ចំណេញ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាមរបៀប​ពុករលួយ​។​

ពាក់ព័ន្ធ​នឹង​ការដោះដូរ​ទីតាំង​អគារ​រដ្ឋ​ទាំង​៦​កន្លែង ដែល​នឹង​កើតមាន​ក្នុងពេល​ឆាប់ៗ​នេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាក់ព័ន្ធ​ទាំង​២​ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​គេ​មើលឃើញ​ពី​អំពើពុករលួយ​ដ៏​ធំថ្មី​មួយទៀត ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន លក់​ខ្ទេច​លក់​ខ្ទី តាំងពី​សម្បត្តិ​ធនធានធម្មជាតិ​ព្រៃឈើ រ៉ែ​លើដី​និង​ក្រោម​ដី​។ ជាពិសេស​ទីតាំង​អគារ​រដ្ឋ​ជាច្រើន​ត្រូវបាន​ដោះដូរ​ដោយ​គ្មាន​តម្លាភាព គ្មាន​ការដេញថ្លៃ បង្ហាញ​ពី​មារយាទ​កញ្ជើធ្លុះ​ដែល ហ៊ុន សែន គ្មាន​ឆន្ទៈ​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែល​សេសសល់​ពី​សម័យ​សង្គម​រាស្ត្រនិយម​ឲ្យ​បាន​គង់វង្ស​ដើម្បី​ទុក​ឲ្យ​កូនចៅ​ខ្មែរ​បានឃើញ បាន​ស្គាល់​ពី​សមិទ្ធ​ផល​​ដ៏​មានតម្លៃ​របស់​សង្គមរាស្ត្រនិយម​នោះទេ​។​

​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ គឺ​ដី​ដែល​លក់ដូរ​នៅ​ជុំវិញ​ស្តា​ត​អូឡាំពិក រាប់សិប​ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន វិនិយោគ​សាងសង់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បាត់បង់​ទីលានកីឡា គួរ​ឲ្យ​សោកស្តាយ​បំផុត ព្រោះ​ស្តា​ត​អូឡាំពិក នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្មែរ ប្រើប្រាស់​ថវិកា​របស់​ជាតិខ្មែរ មិន​ពឹងពាក់​ប្រាក់​ជំនួយ​ឬ​កម្ចី​ពី​បរទេស ហើយ​វា​ជា​សមិទ្ធផល​ដ៏​ធំ​អស្ចារ្យ​ជាងគេ​សម្រាប់​ប្រទេស​កម្ពុជា ដែល​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ប្រទេស​ក្បែរ​ខាងយើង​គ្មាន​លទ្ធភាព​សាងសង់​សមិទ្ធផល​សង្គម​ដ៏​អស្ចារ្យ​បែបនេះ​ទេ​។ គួរ​ឲ្យ​សោកស្តាយ​បំផុត​នៅពេល​ឈាន​ជើង​ឡើងលើ​ទីលាន​ស្តា​ត​អូឡាំពិក ដែល​នៅ​ជុំវិញ​ទីនោះ​សព្វថ្ងៃ​សុទ្ធសឹង​ជា​ផ្ទះល្វែង អគារ​ពាណិជ្ជកម្ម​តូចធំ​ធ្វើ​ឲ្យ​បាត់បង់​ទី លាន​លេង​កីឡា​ហើយ​គេ​សង្កេតឃើញ​យុវជន​មួយចំនួន​បាននាំគ្នា​ទៅលេង​កីឡា​នៅ​ជាយក្រុង​ដាច់ស្រយាល ហើយ​ខ្លះទៀត នាំគ្នា​ទៅ​ជួល​ទីលានកីឡា​សិប្បនិម្មិត អស់​លុយ​មួ​យគ​គោក សម្រាប់​ហាត់​កីឡា ដែល​ស្ថានភាព​នេះ​នាំ ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​សម្តែង​ភាព​ក្តៅក្រហាយ​៕​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors