រដ្ឋាភិបាល​សម្ពោធ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ក្រចេះ



រាជរដ្ឋាភិបាល​កម្ពុជា បើក​សម្ពោធ​វិមាន​រំលឹក​អនុស្សាវរីយ៍​នៃ​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​​កម្ពុជា ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣ នា​ភូមិ​២​ធ្នូ ឃុំ​ជើងឃ្លូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។
លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​ឥស្សរជន​នយោបាយ​កម្ពុជា ដទៃ​ទៀត បាន​ចូល​រួម​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នេះ​ក្នុង​គម្រប់​ខួប​ទី​៣៥ នៃ​ការ​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ (២ ធ្នូ ឆ្នាំ​១៩៧៨-​២ ធ្នូ ឆ្នាំ​២០១៣)។

វិមាន​អនុស្សាវរីយ៍ ២ ធ្នូ ដែល​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ចំណាយ​ទឹក​ប្រាក់​ជិត ៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៣.៨​លាន​)។
ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ ២ ធ្នូ មាន​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់ និង​ទុក​សម្រាប់​ផ្ដល់​ជូន​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លង​កាត់​របប ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដែល​កាល​ណោះ​គ្រប់គ្រង​ដោយ​របប​ខ្មែរ​ក្រហម ​ទុក​សម្រាប់​រំលឹក និង​ចងចាំ​ថា​ព្រឹត្តិការណ៍​ថ្ងៃ​២ ធ្នូ ជា​ថ្ងៃ​​នាំមុខ​ឈាន​ទៅ​​​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃ​ទី​៧​ ខែ​មករា ​ឆ្នាំ​១៩៧៩។
អ្នក​រៀបចំ​កម្មវិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ ២ ធ្នូ បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​​គណបក្ស​ដែល​ដឹកនាំ​ក្នុង​ការ​រំដោះ​ប្រទេស និង​កសាង​ប្រទេស​ឡើង​វិញ ចាប់​តាំង​ពី​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ មក។
​​​ដើម​ដំបូង​រណសិរ្ស​នេះ​ មាន​ឈ្មោះ​ថា "​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា" និង​បាន​បង្កើត​ឡើង​ នៅ​ភូមិ​២​ធ្នូ ឃុំ​ជើងឃ្លូ ស្រុក​ស្នួល ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors