គ្រូបង្រៀន​ចោទ​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​កណ្ដាល​ថា​លក់​ឯកសារ​ផលិត​ស្ថិតិ​បុគ្គលិក



គ្រូបង្រៀន​ខេត្ត​កណ្ដាល ​ចោទ​មន្ត្រី​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​នេះ ថា​បាន​លក់​កម្រង​សំណួរ​សម្រាប់​​​​ផលិត​ស្ថិតិ​បុគ្គលិក​អប់រំ​ឆ្នាំ​២០១៤ ជូន​គ្រូបង្រៀន ក្នុង​១​សន្លឹក ១​ពាន់​រៀល។ ប៉ុន្តែ​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​កណ្ដាល បដិសេធ​ថា ឯកសារ​ទាំង​នេះ មន្ទីរ ឬ​ក្រសួង​មិន​តម្រូវ​ឲ្យ​លក់​ដូរ​ទេ។

គ្រូបង្រៀន​នៅ​សាលា​អនុវិទ្យាល័យ​គគីរ លោក ម៉ៃ សុភ័ក្រត្រា ស្ថិត​ក្នុង​ចំណោម​គ្រូបង្រៀន​តាម​សាលា​ផ្សេង​ទៀត នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែ​ធ្នូ ថា ឯកសារ​កម្រង​សំណួរ​សម្រាប់​​ផលិត​ស្ថិតិ​បុគ្គលិក​អប់រំ ឬ​ធ្វើ​ជំរឿន​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៤ ត្រូវ​នាយក​សាលា​នីមួយៗ លក់​ជូន​គ្រូ​បង្រៀន ក្នុង​១​ស្លឹក​មាន​តម្លៃ ១​ពាន់​រៀល។
ផ្ដើម​ពី​បញ្ហា​នេះ បុគ្គលិក​អប់រំ ឬ​គ្រូបង្រៀន​នៅ​ខេត្ត​កណ្ដាល ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង ឬ​មន្ទីរ​អប់រំ​ជា​​​ដើម ជួយ​បំភ្លឺ និង​មាន​វិធានការ​​ជា​បន្ទាន់ ព្រោះ​ឯកសារ​ទាំង​នេះ​មាន​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​​​​សមត្ថភាព​វិស័យ​អប់រំ​ជា​អ្នក​ឧបត្ថម្ភ៖ «ពី​ឆ្នាំ​ទៅ​គេ​យក​តែ ៥០០​រៀល​ទេ ឆ្នាំ​នេះ​គេ​យក ១​ពាន់​រៀល។ ជំរឿន​នេះ​គឺ​ធ្វើ​សម្រាប់​ឆ្នាំ​២០១៤ គឺ​គេ​យក ១​ពាន់​រៀល​តែម្តង។ យើង​ចង់​ឲ្យ​ក្រសួង​អប់រំ​ហ្នឹង​ជួយ​ពិនិត្យ​មើល​ឡើង​វិញ ថា​តើ​អ្វី​ដែល​ខេត្ត​កណ្ដាល ឬ​ស្រុក​កៀនស្វាយ ធ្វើ​ហ្នឹង​ជា​តម្រូវការ​របស់​ក្រសួង ឬ​ក៏​មន្ទីរ ឬ​ក៏​មន្ត្រី​ក្នុង​វិស័យ​អប់រំ ដូចជា​នៅ​ស្រុក​កៀនស្វាយ ឬ​មន្ទីរ​អប់រំ​ខេត្ត​ហ្នឹង​កាត់​ដោយ​ខ្លួន​ឯង ឬ​ក៏​មាន​គោលការណ៍​ពី​ក្រសួង។ បើ​សិន​ជា​មាន​គោលការណ៍​ពី​ក្រសួង សូម​ឲ្យ​ក្រសួង​ហ្នឹង​ចេញ​វិធានការ ឬ​ក៏​សារាចរ​ណា​មួយ​ណែនាំ​ដល់​បុគ្គលិក​របស់​គាត់»។
ក្រុម​គ្រូ​បង្រៀន​ខេត្ត​កណ្ដាល បាន​លើក​ជា​ចម្ងល់​ថា តើ​ការ​លក់​ឯកសារ​កម្រង​ស្ថិតិ​​បុគ្គលិ​ក​​​​អប់ ​នៅ​តាម​សាលា​មួយ​ចំនួន មន្ត្រី​ក្រសួង ឬ​មន្ទីរ​អប់រំ​ខេត្ត​តម្រូវ​ឲ្យ​លក់​ ឬ​ក៏​បុគ្គល​ថ្នាក់​ក្រោម​ អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​​ក្រសួង ឬ​មន្ទីរ​អប់រំ?
​ឆ្លើយ​តប​បញ្ហា​នេះ លោក លី ជុងថេង ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កណ្ដាល បាន​បដិសេធ​ថា មន្ទីរ ឬ​ក្រសួង​មិន​តម្រូវ​ឲ្យ​នាយក​សាលា​នីមួយៗ លក់​ឯកសារ​កម្រង​សំណួរ​សម្រាប់​ផលិត​ស្ថិតិ​បុគ្គលិក​អប់រំ​ឆ្នាំ​២០១៤ ជូន​គ្រូ​បង្រៀន​នោះ​ទេ។ ប៉ុន្តែ​លោក​ថ្លែង​ថា នឹង​ពិនិត្យ​ចំពោះ​បញ្ហា​មិន​ប្រក្រតី​ទាំង​នេះ៖ «អត់​មាន​ឲ្យ​លក់​ដូរ​ឯកសារ​អី​ហ្នឹង​ទេ ពី​ក្រសួង​ក៏ដោយ ពី​មន្ទីរ​ក៏ដោយ អត់​ឲ្យ​លក់​ដូរ​ទេ។ ប្រហែល​ជា​អាច​មាន​បុគ្គល​ធ្វើ​ដូច្នេះ។ ចាំ​ខ្ញុំ​ពិនិត្យ​មើល​បញ្ហា​ហ្នឹង។ អរគុណ!»។
ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន ក៏​បាន​ស្នើ​ដល់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​​អប់រំ ឲ្យ​ជួយ​ពិនិត្យ​បញ្ហា​លក់​កម្រង​សំណួរ​សម្រាប់​ធ្វើ​ស្ថិតិ​បុគ្គលិក​អប់រំ​ឆ្នាំ​២០១៤ ​​​ជា​បន្ទាន់ ព្រោះ​​ឯកសារ​ទាំង​នេះ​មិន​តម្រូវ​ឲ្យ​លក់​ដូរ​ទេ៖ «បើ​យើង​ពិនិត្យ​ទៅ​លើ​កម្រង​សំណួរ​ហ្នឹង មាន​ការ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប ពី​ប្រទេស​ស៊ុយអែត ពី​អង្គការ​យូនីសេហ្វ និង​ពី​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​វិស័យ​អប់រំ។ អ៊ីចឹង​មាន​ន័យ​ថា កម្រង​សំណួរ​នេះ បើ​តាម​អ្វី​ដែល​យើង​ទទួល​បាន​ព័ត៌មាន គឺ​ត្រូវ​ចែក​ជូន​លោក​គ្រូ​អ្នក​គ្រូ​មិន​គិត​ថ្លៃ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មន្ត្រី​អប់រំ​លក់​ជូន​លោកគ្រូ​អ្នកគ្រូ​ក្នុង​តម្លៃ​ខ្ពស់ ក្នុង​មួយ​សន្លឹក ១​ពាន់​រៀល។ យើង​ចាត់​ទុក​ថា នេះ​ជា​អំពើ​ពុករលួយ​មួយ ហើយ​យើង​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ»។
​​បញ្ហា​នេះ​ដែរ មន្ត្រី​ក្រសួង​អប់រំ​ឆ្លើយ​ថា មិន​ទាន់​បាន​ដឹង​ព័ត៌មាន​លក់​កម្រង​សំណួរ​សម្រាប់​ស្ថិតិ​បុគ្គលិក​អប់រំ ឆ្នាំ​២០១៤ នៅ​ខេត្ត​កណ្ដាល នេះ​ទេ។ ប៉ុន្តែ​នឹង​ពិនិត្យ​ចំពោះ​បញ្ហា​នេះ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors