មន្ត្រីនគរបាលប៉ុស្តិ៍ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង រងការចោទប្រកាន់ថា បានធ្វើទារុណកម្ម វាយដំទៅលើបុរសជាអ្នកភូមិម្នាក់ដោយពុំមានហេតុផលច្បាស់លាស់។ បន្ទាប់ពីការវាយដំពួកគេបានជំរិតទារប្រាក់ពីជនរងគ្រោះថែមទៀត។មន្ត្រីអង្គការសិទ្ធិមនុស្សបញ្ជាក់ថា ករណីនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយបានស្នើសុំឲ្យស្នងការនគរបាលខេត្តបាត់ដំបង ចាត់វិធានការដាក់ទោសទណ្ឌទៅផ្លូវច្បាប់។
ជនរងគ្រោះដោយអំពើទារុណកម្មពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ម្នាក់បានដាក់ពាក្យបណ្ដឹងទៅអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង ឲ្យអន្តរាគមន៍ជួយរកយុត្តិធម៌ពីករណីមន្ត្រីនគរបាលប៉ុស្តិ៍ឃុំបឹងប្រាំ បានចាប់រូបគាត់យកទៅវាយដំ និងជំរិតទារប្រាក់ដោយពុំមានហេតុផលច្បាស់លាស់។ ជនរងគ្រោះមានឈ្មោះ ភឿន ថេន អាយុ ៣៤ឆ្នាំ បញ្ជាក់កាលថ្ងៃទី២៩ ខែវិច្ឆិកា ថា នគរបាលឈ្មោះ គឹម ស៊ីដេត បានចាប់រូបគាត់យកទៅទីស្នាក់ការ ទាត់ធាក់និងវាយបីទៅបួនដៃ។
បន្ទាប់មកមាននគរបាលឈ្មោះ ម៉ូត ចំរើន ម្នាក់ទៀតស្ទុះទៅវាយបន្ថែមជាច្រើនដៃទៀតផ្ទប់ទៅនឹងជញ្ជាំង បណ្ដាលឲ្យមានរបួស ហើមមុខនិងហើមដៃឆ្វេង៖ «មុនដំបូងខ្ញុំនៅអង្គុយបង់ត្រី ស្រាប់តែមានប៉ូលិសពីរនាក់បានទៅហៅខ្ញុំ ហើយក៏ចាប់ដៃខ្ញុំបង្ខំឲ្យឡើងម៉ូតូជាមួយ ហើយខ្ញុំសួរថា តើខ្ញុំខុសអី? គេថា មិនចាំបាច់មានខុសទេ ឡើងម៉ូតូទៅ ហើយខ្ញុំក៏ឡើងម៉ូតូទៅ ស្រាប់តែទៅដល់ប៉ុស្តិ៍អង្គុយបានមួយសន្ទុះ ស្រាប់តែប៉ូលិសស្ទុះមកទាត់ខ្ញុំ វាយខ្ញុំយកតែម្ដង ហើយប្រាប់ថា នេះជាប៉ុស្តិ៍ប៉ូលិសណា។ គេអត់មានប្រាប់ពីមូលហេតុអីផង»។
លោកបន្តថា ក្រោយពីការវាយដំប្រពន្ធរបស់គាត់បានទៅដល់ទីស្នាក់ការនគរបាលប៉ុស្តិ៍ឃុំបឹងប្រាំ។ ក្រុមនគរបាលនៅទីនោះ បានទារប្រាក់ពីគាត់ចំនួន ១៥ម៉ឺនរៀល។ ក្រោយមក ចុះមកនៅត្រឹម ៥ម៉ឺនរៀល ប៉ុន្តែដោយសារជនរងគ្រោះឆ្លើយថា អត់មានប្រាក់។ នគរបាលបានបង្ខំឲ្យប្រពន្ធគាត់ទៅរកខ្ចីលុយគេទៅបង់។ ដោយមើលថា ជនរងគ្រោះពុំអាចមានលទ្ធភាពក្នុងការរកលុយបង់ឲ្យខ្លួនបាន ពួកគេបែរជានិយាយល្អវិញថា៖ «បើតាមទឹកចិត្តបងឯងអោយប៉ូលិសប៉ុន្មាន? ជនរងគ្រោះឆ្លើយថា មានតែ ២ម៉ឺន ហើយប៉ូលិសក៏ព្រមទទួលយកលុយនោះទៅ»។
នៅក្នុងពាក្យបណ្ដឹងដាក់ទៅអង្គការលីកាដូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនរងគ្រោះឈ្មោះ ភឿត ថេន អាយុ ៣៤ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង សុំប្ដឹងនគរបាល ប៉ុស្តិ៍ឃុំបឹងប្រាំ ពីបទប្រើអំពើហិង្សាដោយពុំមានមូលហេតុ។ ពាក្យបណ្ដឹងនោះបន្តថា កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា មាននគរបាលពីរនាក់ ម្នាក់ឈ្មោះ គឹម ស៊ីដេត និងនគរបាលម្នាក់ទៀត បានជិះម៉ូតូទៅចាប់រូបគាត់ដែលកំពុងបង់សំណាញ់នៅភូមិអូរឫស្សី យកទៅទីស្នាក់ការរបស់ខ្លួន។
នៅពេលទៅដល់បានប្រហែល ១០នាទី នគរបាលឈ្មោះ គឹម ស៊ីដេត ធាក់និងវាយបីទៅបួនដៃ។ បន្ទាប់មកនគរបាលឈ្មោះ ម៉ូត ចំរើន បានស្ទុះទៅវាយបន្ថែមជាច្រើនដៃទៀតផ្ទប់ទៅនឹងជញ្ជាំង។
ទាក់ទិនបញ្ហានេះ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកបវេល លោក ឆេង ឡាយ ថ្លែងថា ជនរងគ្រោះឈ្មោះ ភឿន ថេន ជាបណ្ដាញសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំភូមិ។ ប៉ូលិសបានវាយដំទៅលើជនរងគ្រោះនេះ លោកយល់ថា ជាអំពើខុសច្បាប់ ព្រោះជនរងគ្រោះពុំមានទោសកំហុសទេ៖ «វាអត់ត្រូវទាល់តែសោះ! បើថា អ្នកឯងលេងបៀរ ក៏ត្រូវអាជ្ញាធរភូមិឃុំហៅទៅព្រមានកុំឲ្យលេងមួយដង ជាពីរដងអីអ៊ីចឹងទៅ បើថា គាត់មិនរាងចាល ថ្ងៃក្រោយហៅមកប៉ុស្តិ៍ប៉ូលិសដាក់ទោសទណ្ឌទៅ មិនត្រូវវ៉ៃ ព្រោះនេះជាការបំបាក់ស្មារតីក្នុងនាមក្រុមការងារគណបក្សសង្គ្រោះជាតិហើយ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីនគរបាលប៉ុស្តិ៍ឃុំបឹងប្រាំ ដើម្បីបញ្ជាក់ជុំវិញការចោទប្រកាន់នេះ បានទេ។ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ដែលចុះស៊ើបអង្កេតដល់ផ្ទះជនរងគ្រោះបញ្ជាក់ថា មន្ត្រីនគរបាលបានវាយដំទៅលើជនរងគ្រោះដោយពុំមានមូលហេតុច្បាស់លាស់។ រឿងនេះ លោកចាត់ទុកថា ជាអំពើឃោរឃៅមួយខុសច្បាប់។
លោក ហេង សាយហុង៖ «អត់មានរឿងអីកំណត់ហេតុអីច្បាស់លាស់ ចោទគេពីរឿងអី ហៅគេទៅវាយរហូតដល់ចាប់គេជំរិតទារប្រាក់វាជារឿងខុសច្បាប់ធ្ងន់ធ្ងរណាស់។ តាមផ្លូវច្បាប់ ធ្ងន់ធ្ងរណាស់!បើសិនជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅតុលាការ បញ្ហាហ្នឹងវានឹងធ្ងន់ធ្ងរ គេនឹងលើកការចោទប្រកាន់ពីបទប្រើអំពើហិង្សា និងការជំរិតទារប្រាក់ ព្រោះយើងហៅគាត់ទៅវាយដំអត់មានរឿងអីសោះ»។
អង្គការលីកាដូ យល់ថា ការប្រើអំពើហិង្សារបស់ប៉ូលិស ឃុំបឹងប្រាំ បានបង្កឲ្យមានផលប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលយុត្តិធម៌ជាទូទៅ ដែលពួកគេខំប្រឹងធ្វើការកែទម្រង់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដោយពុំមានប្រើអំពើហិង្សា និងការរំលោភសិទ្ធិមនុស្ស។
អង្គការលីកាដូ អះអាងថា នឹងអន្តរាគមន៍ជួយជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅតុលាការ ព្រោះរឿងនេះជា អំពើមួយដែលបង្ហាញឲ្យឃើញថា នគរបាលនៅតែប្រើអំណាចវាយដំទៅលើជនស្លូតត្រង់ ហើយទង្វើនេះ បានបង្កផលប៉ះពាល់ដល់មុខមាត់មន្ត្រីនគរបាលយុត្តិធម៌មានច្រើននាក់ផ្សេងទៀត៕
Labels: ព័ត៌មានជាតិ