
លោក គៀត ច័ន្ទថារិទ្ធ៖ «យើងឃាត់ខ្លួនគាត់បណ្ដោះអាសន្ន ដើម្បីសួរនាំគាត់ទេ យើងមិនទាន់ដឹងថាម៉េចទេ ចាំមើលលទ្ធផលចុងក្រោយណា។ យើងទុកឱកាសអោយអ្នកធ្វើការគ្នាធ្វើការសិនណា បានធ្វើហើយ កំពុងបន្តដោយហ្មត់ចត់ ដោយដុតដៃដុតជើង ដោយយកចិត្តទុកដាក់»។
កាលពីថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ចស្រុកពញាឮ បានសាកសួរឆ្មាំ និងអ្នកពាក់ព័ន្ធចំនួន ១៣នាក់ ទាក់ទងនឹងព័ត៌មាននៃការបាត់បង់កោដ្ឋមាសតម្កល់ព្រះសារីរិកធាតុ និងវត្ថុមានតម្លៃមួយចំនួនទៀត ប៉ុន្តែមានតែ ៦នាក់ទេដែលត្រូវឃាត់ខ្លួន ដើម្បីបន្តការសាកសួរ។
ព្រះសក្យមុនីចេតិយដែលស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវចោរលួចគាស់យកសម្ភារៈមានតម្លៃ កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ។ ព្រះសក្យមុនីចេតិយនេះជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ដែលដាក់នៅក្នុងកោដ្ឋធ្វើពីមាស និងព្រះពុទ្ធបដិមាអំពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារ និងមានមន្ត្រីឆ្មាំយាមជាច្រើននាក់ ត្រូវគេដាក់ពង្រាយដើម្បីការពារសន្តិសុខ និងសុវត្ថិភាពនៅទីនោះ៕
