មេធាវីការពារប្រជាពលរដ្ឋពីរនាក់នៅខេត្តកណ្ដាល ដែលត្រូវបានសាលាដំបូងខេត្តកណ្តាល កោះហៅតាមបណ្ដឹងរបស់លោក ទ្រី ភាព អោយចូលខ្លួនទៅបំភ្លឺពីបទបរិហារកេរ្តិ៍ បានស្នើទៅតុលាការអោយពន្យារពេលការសាកសួរដេញដោលសំណុំរឿងនេះ។
មន្ត្រីផ្នែកច្បាប់នៃអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក កែវ ប៊ុនធា បានអោយដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា មេធាវីការពារក្តីជនជាប់ចោទបានស្នើទៅតុលាការពន្យារពេលសាកសួរ ដើម្បីទុកពេលអោយពួកគេសិក្សាអោយបានស៊ីជម្រៅ ទាក់ទងករណីបណ្ដឹងរបស់លោក ទ្រី ភាព។ លោកថា តុលាការបានទទួលយកសំណើរបស់មេធាវីចុងចោទ ហើយការចូលខ្លួនបំភ្លឺនៅពេលណានោះ តុលាការនឹងផ្ដល់ដំណឹងជាក្រោយ។
សាលាដំបូងខេត្តកណ្ដាល បានចេញដីកាកាលពីថ្ងៃទី២២ ខែវិច្ឆិកា កោះហៅប្រជាពលរដ្ឋពីរនាក់ គឺលោក សេ សាន និងអ្នកស្រី អ៊ុក សំបូរ រស់នៅភូមិជន្លង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អោយចូលខ្លួនទៅបំភ្លឺនៅតុលាការនៅថ្ងៃទី២៩ ខែវិច្ឆិកា តាមបណ្ដឹងរបស់ឧកញ៉ា ទ្រី ភាព បន្ទាប់ពីអង្គការក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍ស៊ើបអង្កេតមួយអំពីសាវតារ និងការធ្វើជំនួញរបស់ក្រុមហ៊ុន ទ្រី ភាព ដោយមានដកស្រង់ប្រភពពីប្រជាពលរដ្ឋទាំងពីរនាក់។
អង្គការក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្ហាញថា លោក ទ្រី ភាព និងប្រពន្ធឈ្មោះ ម៉ៅ មុម មានក្រុមហ៊ុនចំនួន ១៥ ដែលរកស៊ីដាំដំណាំកសិឧហ្សាហកម្ម ហើយភាគច្រើនបានទទួលដីសម្បទានពីរាជរដ្ឋាភិបាល និងជាអ្នកម៉ៅទិញព្រៃឈើដែលស្ថិតក្នុងដីសម្បទានទាំងអស់នៅប្រទេសកម្ពុជា។
របាយការណ៍ក៏បានបញ្ជាក់ថា លោក ទ្រី ភាព ជាអ្នកមេឈ្មួញជួញឈើទាំងស្របច្បាប់និងខុសច្បាប់ដ៏ធំនៅកម្ពុជា ហើយក្រុមហ៊ុនក៏បានបង់ប្រាក់ឲ្យទៅគ្រួសារនាយករដ្ឋមន្ត្រី ក្នុង ១ខែ ១លានដុល្លារ ជាថ្នូរនឹងការដឹកឈើចេញទៅវៀតណាម និងទៅប្រទេសចិន៕