មន្ត្រីសហជីពឲ្យដឹងថា ឧបសគ្គនិងការវិវឌ្ឍន៍សេរីភាពសមាគមនៅកម្ពុជា នៅតែកើតមានក៏ប៉ុន្តែ ដោយសារសហជីពមួយចំនួនមិនឯករាជ្យ ហើយសហជីពមួយចំនួនទៀតបានស្ថិតនៅក្រោមឥទ្ធិពលរបស់និយោជក។ ទោះជាយ៉ាងនេះក្តីមន្ត្រីសហជីពកត់សម្គាល់ថាមានភាពជឿនលឿនខ្លះទាក់ទងទៅនឹងការយល់ដឹងពីសេរីភាពសហជីពក្នុងជួរកម្មករនិយោជិក។គ្រាន់តែនិយាយពីវិស័យ
វាយនភ័ណ្ឌមួយប៉ុណ្ណោះចំនួនកម្មករបានកើនឡើង រហូតដល់ ៧០ម៉ឺននាក់ ហើយរោងចក្របានកើនឡើងជិត១ពាន់រោងចក្រទាំងតូចទាំងធំ ទាំងចុះបញ្ជីរទាំងនៅក្រៅបញ្ជីរ។ ហើយចំនួនសហជីពទាំងធំទាំងតូចក៏មានការកើនឡើងដែរ ក៏ប៉ុន្តែសេរីភាពក្នុងការបង្កើតសមាគមន៍សហជីព នៅតែជាឧបសគ្គនៅឡើយ។នៅក្នុងសិក្ខាសាលាមួយរបស់អ្នកសហជីពនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន បានថ្លែងថា ច្បាប់មួយចំនួនមិនបានផ្តល់ឱកាសដល់បុគ្គលិក កម្មករមានសិទ្ធិ ក្នុងការបង្កើតសហជីពទេ។បច្ចុប្បន្ននេះ ច្បាប់បានផ្តល់ឱកាសឲ្យតែកម្មករនៅក្នុងប្រព័ន្ធ ឬមន្ត្រីរាជការ ចំណែកអ្នកនៅក្រៅប្រព័ន្ធអត់ទាន់មានសិទ្ធិបង្កើតសហជីពទេ។
ចំណុចទីពីរគឺមានការពាក់ព័ន្ធនឹងនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់ចលនាសហជីព ធ្វើឲ្យសហជីពលែងឯករាជ្យ ធ្វើឲ្យសហជីពមិនអាចការពារផលប្រយោជន៍ដល់កម្មករបានឡើងយ។ ហើយចំណុចទីបីដែលត្រូវបានលើកឡើងនោះគឺនិយោជកមួយចំនួនបានប្រើប្រាស់ឥទ្ធិពលនិងទឹកប្រាក់ ទិញទឹកចិត្ត គំរាមកំហែងនិងរុញសហជីពឲ្យស្ថិតនៅក្នុងស្ថានភាពលំបាក ហើយចុងក្រោយគឺដាក់សហជីពឲ្យបម្រើផលប្រយោជន៍របស់ខ្លួន ដែលនេះផ្ទុយស្រឡះពីច្បាប់ការងារកម្ពុជា។ លើសពីនេះការប្រើប្រាស់កិច្ចសន្យាខ្លីក៏ជាឧបសគ្គក្នុងការប្រើប្រាស់សេរីភាពសហជីព និងធ្វើឲ្យខាតប្រយោជន៍កម្មករ។
នៅក្នុងការជជែកគ្នានេះដែរ ក្រុមអ្នកសហជីពបានលើកឡើងពីដំណោះស្រាយ ជាបណ្តើរៗហើយដូចជាច្បាប់ដែលនៅមានការខ្វះចន្លោះអ្នកសហជីពត្រូវជម្រុញឲ្យរដ្ឋាភិបាលត្រូវតែបំពេញ តួយ៉ាងដូចជាច្បាប់សហជីពជាដើម។ ដោយសារកម្ពុជាបានចុះអនុសញ្ញាអន្តរជាតិស្តីពីសេរីភាពក្នុងការបង្កើត សហជីព ក៏ប៉ុន្តែច្បាប់ការងារ កម្ពុជាបានខ្ទាស់។
លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានបញ្ជាក់ថា ដើម្បីឲ្យមានវិសាលភាពគ្របដណ្តប់នៅទូទាំងប្រទេស ចំពោះសេរីភាពនេះ នៅក្នុងច្បាប់សហជីពដែលនឹងកើតឡើងនៅពេលខាងមុខ នឹងមានការស្នើឲ្យមានការកែប្រែ ពោលគឺសុំឲ្យបុគ្គលិក កម្មករ គ្រប់ផ្នែក និងមន្ត្រីរាជការមានសិទ្ធបង្កើតសហជីពបានដូចៗគ្នាទាំងអស់។
សូមរំលឹកថា កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានធ្វើការប្តេជ្ញាចិត្តចំនួន៥ចំនុច គឺពង្រឹងការអនុវត្តច្បាប់ដែលមានកន្លងមក ការបង្កើនជំនាញវិជ្ជាជីវៈ ជម្រុញដល់ផ្នែកបេឡាជាតិនិងរបបសន្តិសុខសង្គម បង្កើតអធិការកិច្ចដោយក្រសួងការងារនិងអាចមានជាវេទិការសាធារណៈទៀតផង។
យោងតាមការឲ្យដឹងពីអ្នកសហជីព សហជីពថ្នាក់ជាតិឬសហជីពធំៗបច្ចុប្បន្នមានចំនួន ១៣
រួមមាន ៧៩សហម្ព័ន្ធសហជីព ហើយសហជីពថ្នាក់លើទាំងនេះបានបែកសាខាជាសហជីពមូលដ្ឋានតាមរោងចក្រចំនួន ២៩៨១ សហជីពមូលដ្ឋាន ដែលក្នុងនោះគេការកត់សម្គាលថា
មានតែពី៦០០ ទៅ ៧០០សហជីពប៉ុណ្ណោះដែលមានសកម្មភាព៕
