យោធិនពិការស់នៅខេត្តប៉ៃលិនបានត្អូញត្អែរថា ប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ត្រូវមន្ត្រីពាក់ព័ន្ធ ឬមន្ត្រីមន្ទីរសង្គមកិច្ច និងអតីតយុវជនខេត្តនេះកាត់ក្នុងម្នាក់ពី ១ម៉ឺនរៀល ទៅ២ម៉ឺនរៀលក្នុង ១ខែ។
ផ្តើមពីបញ្ហានេះ ក្រុមយោធិនពិការ ឬក្រុមគ្រួសារយោធិនពិការប្រមាណជា ២ពាន់នាក់ នៅខេត្តប៉ៃលិន បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ ឬលុបបំបាត់សកម្មភាពកាត់ប្រាក់បៀវត្សយោធិនចូលនិវត្ត ឬយោធិនពិការឲ្យបានជាស្ថាពរ។
ក្រុមយោធិនពិការបានឲ្យដឹងថា ការចិញ្ចឹមជីវិតរបស់ពួកគាត់គឺរំពឹងលើប្រាក់បៀវត្សប្រចាំខែដ៏តិចតួចនេះ។ ដូច្នេះមិនគួរផ្នែកពាក់ព័ន្ធ ឬមន្ទីរសង្គមកិច្ចខេត្តប៉ៃលិនកាត់ប្រាក់បៀវត្សប្រចាំខែ របស់ពួកគាត់នោះទេ។
ក្រុមយោធិនពិការ ឬគ្រួសារយោធិនពិការនៅខេត្តប៉ៃលិន បានទទូចដល់ប្រមុខដឹកនាំ សូមជួយពិនិត្យ និងចាត់វិធានការទប់ស្កាត់សកម្មភាពកាត់ប្រាក់បៀវត្សទាំងនេះ ដោយអនុគ្រោះ។
វិទ្យុអូស្ត្រាលី នៅមិនអាចទាក់ទងតាមទូរស័ព្ទទៅ លោក សាក់ សាមឿន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់បានទេ នៅព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូនេះ៕
Labels:
ព័ត៌មានជាតិ