វិស័យទេសចរណ៍នៅកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់នៃលំហូរភ្ញៀវទេសចរណ៍អន្តរជាតិដោយសារជម្លោះនយោបាយផ្ទៃក្នុងថៃ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា ភ្ញៀវទេសចរណ៍ជាតិថៃដែលមកទស្សនានៅកម្ពុជាបានកំពុងតែធ្លាក់ចុះ។ ដោយឡែកសមាគមន៍ភ្ញៀវទេសចរណ៍ បាន
បញ្ជាក់ថា ភ្ញៀវទេសចរណ៍ពីប្រទេសទី៣ នោះក៏មានផលប៉ះពាល់ផងដែរ។
វិស័យទេសចរណ៍កម្ពុជាបានរងផលប៉ះពាល់ពីវិបត្តនយោបាយផ្ទៃក្នុងថៃ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ជនជាតិថៃដែលមកទស្សនាប្រទេសកម្ពុជា កំពុងមានការធ្លាក់ចុះ ខណៈដែលវិបត្តជម្លោះនយោបាយផ្ទៃក្នុងប្រទេសថៃកំពុងតែបន្តពុះកញ្ជ្រោល។
ប៉ុន្តែលោករដ្ឋមន្ត្រីបានអះអាងថា វិបត្តិនយោបាយក្នុងប្រទេសថៃដែលនៅក្បែរខាងកម្ពុជានោះ នៅមិនទាន់បានបង្កឱ្យមានផលប៉ះពាល់ដល់លំហូរភ្ញៀវទេសចរណ៍អន្តរជាតិពីប្រទេសទីបីដែលប្រើជើងយន្តហោះថៃចូលមកកម្ពុជានោះទេ។
ប៉ុន្តែ ប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន លោក ហូ វណ្ឌី បានលើកបញ្ជាក់ថា ក្រៅពីលំហូរថយនៃភ្ញៀវទេសចរណ៍ជនជាតិថៃដែលជាភ្ញៀវទេសចរណ៍លំដាប់ទី៥សម្រាប់កម្ពុជានោះ វិបត្តនយោបាយថៃដែលកំពុងតែបន្តនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់លំហូភ្ញៀវទេសចរណ៍ប្រទេសទីបីមកកាន់កម្ពុជាផងដែរ។ ព្រោះថា ភ្ញៀវទេសចរណ៍អន្តរជាតិប្រទេសទីបី ដែលមកទស្សនានៅកម្ពុជានោះ គឺមានចំនួនប្រមាណពី២០ ទៅ២៧ភាគរយនៃភ្ញៀវសរុបដែលធ្វើដំណើរចូលកម្ពុជាកាត់តាមប្រទេសថៃ។
ទាំងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជា និង ក្រុមការងារវិស័យទេសចរណ៍ឯកជន មិនអាចបញ្ជាក់ពីចំនួនទួរលេខនៃចំនួនភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា ខណៈមានភាពវឹកវរនៅប្រទេសថៃនោះទេ។
យ៉ាងហោចណាស់មានប្រទេសចំនួន២៣ បានហាមប្រាមពលរដ្ឋរបស់ខ្លួនមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសថៃ។ ប្រទេសថៃដែលវិបត្តនយោបាយផ្ទៃក្នុងកំពុងតែពុះកញ្ជ្រោលខ្លាំងឡើងៗ ក្រុមបាតុករថៃបានអំពាវនាវឱ្យមានមហាបាតុកម្មធំចុងក្រោយមួយដើម្បីទំលាក់នាយករដ្ឋមន្ត្រី លោកស្រីយ៉ីងឡាក់ចេញពីដំណែង។
យ៉ាងណាក៏ដោយប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជនលោក ហួ វណ្ឌី បានលើទឹកចិត្តដល់ក្រុមហ៊ុនភ្ញៀវទេសចរណ៍ នៅកម្ពុជា គួរតែឆ្លៀតយកឱកាសនេះទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យចូលមកទស្សកម្ពុជាឱកាន់តែច្រើនជាងមុន តាមរយៈស្នាមញញឹម និងគុណភាព។ ព្រោះថាក្រៅពីថៃ កម្ពុជានាមានជើងហោះហើរត្រង់ជាមួយប្រទេសប្រមាណជា២០ផ្សេងទៀត៕