ភ្នាក់ងាររូបនោះដែលសូមមិនឱ្យបញ្ចេញអត្តសញ្ញាណបានថ្លែងក្នុងពេលធ្វើបទបង្ហាញថា៖ «ខ្ញុំចង់ប្រាប់អ្នកពីទីភ្នាក់ងាររបស់FBIយើងស៊ើបអង្កេតឧក្រិដ្ឋកម្មដូចម្តេច ហើយខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យគិតនិងវិភាគឱ្យបានស៊ីជម្រៅលើបទឧក្រិដ្ឋដែលខ្ញុំកំពុងស៊ើបអង្កេតនៅកម្ពុជា»។
លោកថ្លែងដូច្នេះក្នុងសិក្ខាសាលារយៈពេលបីថ្ងៃមួយនៅរាជធានីភ្នំពេញដែលផ្តោតលើការផ្តល់ភាពអង់អាចដល់ក្រុមយុវជនក្នុងការចូលរួមកិច្ចការសង្គម។
មន្ត្រីFBIដដែលបានបង្ហើបឱ្យដឹងថា នៅប្រទេសកម្ពុជា ទីភ្នាក់ងារFBIកំពុងស៊ើបអង្កេតលើឧក្រិដ្ឋកម្មជាច្រើនប្រភេទ។
«ជាអ្នកស៊ើបអង្កេតរបស់FBIម្នាក់ យើងស៊ើបអង្កេតច្បាប់ដែលតាក់តែងឡើងដោយរដ្ឋាភិបាលអាមេរិក ហើយប្រសិនបើជនណាម្នាក់រំលោភច្បាប់នោះ យើងនឹងប្រមូលភស្តុតាង ហើយចាប់ខ្លួននិងនាំខ្លួនរូបគេទៅទទួលទោសតាមច្បាប់។ ដោយឡែកអ្វីដែលយើងកំពុងស៊ើបអង្កេតនៅកម្ពុជាគឺទាក់ទងនឹងឧក្រិដ្ឋកម្មទេសចរណ៍ផ្លូវភេទកុមារដែលទាក់ទងយ៉ាងជិតស្និទ្ធនឹងការជួញដូរមនុស្ស ការរំលោភផ្លូវភេទលើកុមារនិងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលប្រព្រឹត្តដោយជនជាតិអាមេរិកាំង»។
លោកបន្ថែមថា ដើម្បីស៊ើបអង្កតនិងតាមចាប់ខ្លួនជនល្មើស ទីភ្នាក់ងារFBIប្រើវិធីសាស្ត្រជាច្រើនដូចជាការស្កែនក្រយ៉ៅដៃនិងDNA ការប្រើម៉ាស៊ីនត្រួតពិនិត្យការនិយាយកុហក (lie detector machine) និងការសម្ភាសស៊ីជម្រៅជាដើម។
មន្ត្រីFBIដដែលរូបនេះក៏បានចែករំលែករបៀបរាយការណ៍ពេលដែលយុវជនប្រទះឃើញឧក្រិដ្ឋកម្មណាមួយក្នុងសហគមន៍របស់គេផងដែរ។
«ឧក្រិដ្ឋកម្មដូចជាការជួញដូរកុមារ អ្នកអាចរាយការណ៍ទៅលេខ១២៨០ អ្នកក៏អាចរាយការណ៍ទៅប៉ូលិសតាមលេខ១២៨៨ ឬក៏ទាក់ទងអង្គការAPLE ០៩២៣១១៥១១»។
បន្ទាប់ពីបញ្ចប់បទបង្ហាញរបស់លោក មានយុវជនជាច្រើននាក់បានលើកដៃសួរសំណួរ។
យុវតីម្នាក់បានសួរថា៖ «នៅពេលប្រើយុទ្ធសាស្ត្រស៊ើបអង្កេតទាំងអស់ហ្នឹងហើយមិនទទួលបានលទ្ធផល តើគាត់មានវិធីសាស្ត្រយ៉ាងណាដើម្បីតាមដានជនល្មើសបន្ត?»
មន្ត្រីFBIបានឆ្លើយថា៖ «ប្រសិនបើអ្នកប្រើវិធីសាស្ត្រទាំងអស់ហ្នឹងហើយ ហើយនៅតែមិនអាចចាប់ជនល្មើសបាន យើងត្រូវតែសួរខ្លួនយើងថាតើខ្ញុំស៊ើបចំមនុស្សត្រូវទេ ឬក៏ខ្ញុំមានកំហុសឆ្គងត្រង់ណាទេ។ ការស៊ើបអង្កេតអាចចំណាយពេលជាច្រើនឆ្នាំ ដូច្នេះអ្នកត្រូវតែមានការអត់ធ្មត់ខ្ពស់»។
លោក ម៉ៅ សុជា អាយុ២២ឆ្នាំ ជាយុវជនម្នាក់មកពីខេត្តបាត់ដំបង ថ្លែងពីសារៈសំខាន់នៃបទបង្ហាញនេះ។
«វគ្គនេះសំខាន់មែនទែន ព្រោះគាត់បានបង្រៀនពីរបៀបស៊ើបអង្កេតរបស់FBI និងបទឧក្រិដ្ឋដែលFBIស៊ើបអង្កេតនៅកម្ពុជាមានដូចជាការរួមភេទនិងជួញដូរកុមារជាដើម»។
ចំណែកឯអ្នកចូលរួមម្នាក់ទៀត គឺកញ្ញា ស្តើង ភារ៉ុង អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបញ្ជាក់ថា៖ «FBIនេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងហើយបច្ចេកទេសស៊ើបអង្កេតរបស់គេគួរឱ្យចាប់អារម្មណ៍មែនទែន។ ខ្ញុំបានជួបប្រទះឧក្រិដ្ឋកម្មលើមនុស្សវ័យធំ ការចាប់រំលោភ ការជក់គ្រឿងញៀននិងការលួចឆក់ប្លន់។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ នៅពេលខ្ញុំជួបឧក្រិដ្ឋកម្ម ខ្ញុំនឹងផ្តល់ព័ត៌មានជូនសមត្ថកិច្ច»។
លោក ម៉ាក ចំរើន ប្រធានសមាគមយុវជនខ្មែរ ដែលរៀបចំសិក្ខាសិលានេះថ្លែងពីមូលហេតុនៃការរៀបចំវគ្គដែលមានបទបង្ហាញនេះឡើង។
«យើងអញ្ជើញFBI មកធ្វើបទបង្ហាញពីស្រាវជ្រាវឬរាយការណ៍នេះ ជាអ្វីដែលយុវជនត្រូវតែដឹងពីរបៀបរាយការណ៍និងជូនព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធអំពីការជួញដូរស្ត្រីនិងកុមារនិងការជួញដូរមនុស្ស។ នេះគឺជាបច្ចេកទេសមួយថ្មីដែលខ្ញុំគិតថាយុវជនគួរតែដឹងហើយអនុវត្តយុទ្ធសាស្ត្រផ្សេងៗគ្នាដើម្បីរាយការណ៍ឬព័ត៌មានដែលគាត់ចង់រាយការណ៍ហ្នឹងត្រូវបានឮដល់អ្នកដែលមានសមត្ថកិច្ចដោះស្រាយបញ្ហា»។
យុវជនទាំងនោះដែលវីអូអេ ខេមរភាសា បានជួបសម្ភាស៍ថ្លែងថាពួកគេបានជួបប្រទះឧក្រិដ្ឋម្មជាច្រើនក្នុងសហគមន៍ពួកគេដូចជាឧក្រិដ្ឋកម្មព្រៃឈើ ចោរកម្ម ការជួញដូរកុមារ និងគ្រឿងញៀនជាដើម៕ Labels: ព័ត៌មានជាតិ