១- សំភារៈត្រៀម
- ធុង ឬប៉ោត ដែលដាក់បានទឹកចំណុះ ១០ លីត្រ ចំនួន ១ ។
- គំរបដបទឹកសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ ចំនួន ១ ។
- ម៉ាស៊ីនកាត់ចិញ្ច្រាំ ឬកាំបិតមុត និងត្បាល់បុក ដើម្បីចិញ្ច្រាំផ្លែរុក្ខជាតិទុំឲ្យម៉ត់ ។
- ធុងផ្អាប់មានគំរបបិទជិតផ្ទុកបានចំណុះ ៤០ លីត្រ ភ្ជាប់ក្បាលរ៉ូមប៊ីនេសំរាប់បង្ហូរជីផ្អាប់ ។
- ស្បៃការ៉ុងសំរាប់ច្រករុក្ខជាតិចិញ្ច្រាំ ។ សំភារៈទាំងនោះមានលក់នៅក្រុមហ៊ុន ។
២- តារាងធាតុផ្សំជី
០១ | ចេកទឹកទុំ (ជំនួសផ្លែឈើទុំពណ៌លឿង) | ២ គីឡូក្រាម |
០២ | ល្ពៅទុំ (ជំនួសផ្លែឈើទុំពណ៌លឿង) | ២ គីឡូក្រាម |
០៣ | ល្ហុងទុំ (ជំនួសផ្លែឈើទុំពណ៌លឿង) | ២ គីឡូក្រាម |
០៤ | មេ EX-M (មេ អ៊ី អ៊ិក្ស អិម) | ០.២៥ លីត្រ (១ ហ្ស៊ី) |
០៥ | កាកស្ករ | ០.៥ លីត្រ (២ ហ្ស៊ី) |
០៦ | ទឹកស្អាត | ១០ លីត្រ |
លក្ខណៈពិសេសនៃធាតុផ្សំ
- ល្ហុងទុំ ចេកទុំ (ចេកទឹក) ស្ពៅទុំ ជំនួសដោយ ត្រសក់ស្រូវ ផ្លែទំពាំងបាយជូរ ស្វាយ ខ្នុរ៘
- មេ EX-M (អតិសុខុមប្រាណ ៥ ប្រភេទដែលត្រូវការអុកស៊ីសែន និង ១ មិនត្រូវការអុកស៊ីសែន)។
៣- វិធីធ្វើ
ក.ការផ្សំរុក្ខជាតិល្បាយ (ក)
- យើងយកផ្លែឈើទាំងនោះទៅចិញ្ច្រាំ និងបុកឲ្យម៉ត់ (បើអាចធ្វើបាន) ឬដាក់ចូលក្នុងម៉ាស៊ីនចិញ្ច្រាំ (មានលក់នៅក្រុមហ៊ុន EX-M) តែ ៥ នាទីប៉ុណ្ណោះនឹងរួចរាល់ ។
- យើងច្របល់ផ្លែឈើទាំងនោះជាមួយគ្នា ហើយច្រកចូលក្នុងស្បៃការ៉ុង និងចងមាត់វាឲ្យជិត គេហៅថា ល្បាយ (ក) ។ យកល្បាយនេះ ច្រកចូលក្នុងធុងផ្អាប់ចំណុះ ៤០ លីត្រ ។ រកថ្មមួយដុំ (មិនយកស៊ីម៉ង់តិ៍ទេ) ឬឥដ្ឋមួយដុំលាងឲ្យស្អាត(មិនលាងនឹងសាប៊ូទេ) សង្កត់លើល្បាយ (ក)។
ខ.ការផ្សំទឹកល្បាយ (ខ)
យើងចាក់ទឹក ១០ លីត្រ ចូលក្នុងប៉ោតផ្កាឈូក ហើយចាក់ទឹកស្ករចំណុះ ០.៥ លីត្រ កូឲ្យសព្វ ។ ទើបយើងបន្តចាក់មេ EX-M មានចំណុះ ០.២៥ លីត្រ ចូលក្នុងប៉ោតថែមទៀត គេបានល្បាយទឹកអរម៉ូន ឬគេហៅថា ល្បាយ (ខ) ។
គ. ការផ្អាប់ជី
- យើងយកល្បាយ (ខ) ចាក់ចូលក្នុងធុងផ្អាប់ដែលមានល្បាយ (ក) ។ ពិនិត្យមើលថាបរិមាណទឹកលិចល្បាយ (ក) ឬទេ បើសិនជាបរិមាណទឹកលិចល្បាយ (ក) ជាការត្រឹមត្រូវ ។
តែបើវាមិនអាចពន្លិចល្បាយ (ក) បានទេ យើងត្រូវលាយល្បាយ (ខ) ថែមដោយបរិមាណ ១-២ លីត្រ ប៉ុណ្ណោះ ។ បើសិនជានៅតែមិនពន្លិចលិចបានទៀត យើងត្រូវយកល្បាយ (ក) មកចិញ្ច្រាំ ឲ្យកាន់តែម៉ត់ឡើងវិញ ។ - ក្រោយពេលដែលពិនិត្យឃើញថា ត្រឹមត្រូវហើយ យើងបិទគំរបធុងផ្អាប់នោះឲ្យជិតរហូតទាល់តែខ្យល់ចូលលែងបាន ។
- រក្សាទុករយៈពេលពី ១០ ទៅ ១៥ ថ្ងៃ ទើបវាសំរេចបានជាជីទឹកអរម៉ូន ឬជីទឹកជំនួយឫស ផ្កា និងផ្លែរុក្ខជាតិ ។ ករណីមានហ្គាសខ្លាំងពេកយើងអាចបន្ធូរវាបាន ។
សំគាល់ :
- បើយើងបង្ហូរទឹកនេះតាមក្បាលរ៉ូម ប៊ីនេមានក្លិន ជូរអែម មិនមានក្លិនស្អុយ នោះមានន័យថាការធ្វើរបស់យើង ប្រព្រឹត្តទៅបានត្រឹមត្រូវហើយ ។ (ហាមផឹក ឬលិត តែហិតក្លិនបាន)
- កំរិត pH របស់អរម៉ូនដែល្អបំផុតមាន pH = 5 ។ បើធ្វើទៅមានកំហុសខ្លះៗកំរិត pH នេះអាចប្រែប្រួលកំរិតគុណភាពជីក៏មានការផ្លាស់ប្ដូរដែរ ។
៤- វិធីប្រើ
- រៀងរាល់ពេលដែលរុក្ខជាតិរៀបនឹងចេញ ផ្កា (ត្រួយផ្កា ឬក្រពុំផ្កា) យើងយកអរម៉ូន ១ លីត្រ លាយទឹកស្អាត ១០០ លីត្របាញ់ជាផ្សែងលើដំណាំ (ទឹកស្អាត ១ លីត្រ លាយជីអរម៉ូន ១០ សេសេ) ។ ក្នុងកំឡុងពេលថែបំប៉នដំណាំ ១-២ ខែម្ដងយើងប្រើជីនេះម្ដង ដើម្បីជាជំនួយដល់ឫស និងបង្កើនភាពរំញោចរបស់រុក្ខជាតិ ។
- នៅពេលរុក្ខជាតិកំពុងតែចេញផ្កាយើង យក ១ លីត្រ លាយទឹក ១០០០ លីត្រ បាញ់ជាផ្សែងទៅលើផ្កាតែមួយដងប៉ុណ្ណោះ (ទឹកស្អាត ១ លីត្រ លាយជីអរម៉ូន ១ សេសេ) ។ តែបើចង់បានក្តិប ផ្លែបន្តបន្ទាប់យើងត្រូវបន្តបាញ់ជាផ្សែងកន្លះខែមួយដងទៀត ។
- បើសិនជាដំណាំនោះដល់ពេលត្រូវផ្លែ ហើយ យើងអាចបាញ់ និងស្រោចគល់ ១ ខែ ១ ដង នោះដំណាំនឹងឆាប់ផ្លែយកជីទឹកអរម៉ូន ១ លីត្រ លាយទឹក ១០០ លីត្រ (ទឹកស្អាត ១ លីត្រ លាយជីបំប៉ន ១០ សេសេ) ។
- ចំពោះក្រូចឆ្មាវិញ មានកសិករខ្លះប្រើប្រាស់តែជីនេះ មួយមុខគត់ គាត់ក៏អាចទទួលបានផលល្អដែរ គឺក្នុង ១ សប្ដាហ៍បាញ់ ២ ដង លើរុក្ខជាតិ នោះនឹងចេញផ្កា ផ្លែជាបន្តបន្ទាប់ ។ អរម៉ូនជួយបង្កើតកំពកឫស ។
- ចំពោះជីនេះមាននាទីជួយបង្កើតកំពកឫសសំរាប់ស៊ីអាហាររបស់រុក្ខជាតិឡើងវិញ ។
៥- ផលប្រយោជន៍
- ប្រសិនបើរុក្ខជាតិដែលដល់អាយុ ត្រូវផ្លែ និង ផ្កា តែបែរជាគ្មាននោះ ជីទឹកនេះអាចជួយជំរុញឲ្យមានផ្លែ និងផ្កាច្រើន និងរីកធំធាត់ ហើយផ្លែរុក្ខជាតិមានទំងន់ធ្ងន់ ធន់នឹងកំដៅបរិយាកាស ផ្លែមិនងាយរលួយ ធន់នឹងការដឹកជញ្ជូនតាមផ្លូវឆ្ងាយ ។
- ជួយឲ្យបន្លែ និងរុក្ខជាតិឯទៀតចាក់ឫសបានល្អ ។
- ផ្លែរុក្ខជាតិមានរសជាតិឆ្ងាញ់ពិសារ គ្មានជាតិគីមីពុលនៅជាប់ នឹងសំបក ឬក្នុងសាច់ទេ ។
- ជំរុញការបង្កើនកំលាំងផ្លែ ផ្កា ដល់រុក្ខជាតិ ។
- ជួយឲ្យដើមរុក្ខជាតិ លូតលាស់ល្អ និងឆាប់បាន ផ្កា ផ្លែ ។
៦- ការរក្សាទុក
- ត្រូវរក្សាទុកនៅកន្លែងដែលមានម្លប់ ហាមទុកហាលថ្ងៃ ។
- ក្រោយពេលធ្វើរួចហើយ យើងអាចរក្សាទុកបានរយៈពេលចាប់ពី ៣ ទៅ ៦ ខែ ។
- ប្រសិនបើទុកលើសពីនេះ មុនពេលយកមកប្រើ គួរហិតមើលសិនថាតើមានក្លិនអ្វី ? (បើមានក្លិនស្អុយបញ្ជាក់ថា វាខូចគុណភាពហើយ) ។
- ជីនេះមានប្រសិទ្ធិភាពខ្លាំងបំផុតបន្ទាប់ពីធ្វើហើយបានរយៈពេល ១ ខែ ។
៧- ការចំណាយ
បើយើងមិនគិតពីសំភារៈធ្វើទេ បរិមាណជីទឹក ៤០ លីត្រ នេះ ការចំណាយទៅលើការធ្វើអស់យ៉ាងច្រើនតែ ៥០០០ រៀល ទៅ ១ ម៉ឺនរៀល ប៉ុណ្ណោះ ។ (ការចំណាយតិចបានផល ច្រើន គ្មានជាតិគីមីពុលខូចសុខភាព) ។
អរម៉ូនពិសេស
០១ | ពងមាន់ | ៥ ពង |
០២ | កាកស្ករ | ២៥០ សេសេ |
០៣ | មេ EX-M | ៥០ សេសេ |
០៤ | ទឹកស្អាត | ២.៥ លីត្រ |
ក. របៀបធ្វើ
យកសមាសធាតុផ្សំទាំងអស់ខាងលើ មកបញ្ចូលគ្នាទាំងអស់ ហើយកូរឲ្យសព្វ រួចផ្អាប់ទុករយៈពេល ៧ ថ្ងៃ អាចប្រើប្រាស់បាន ។
ខ. របៀបប្រើ
យកអរម៉ូនពិសេសខាងលើដែលធ្វើបាន ១ សេសេ លាយជាមួយទឹកស្អាត ១ លីត្រ ឬទឹក ២០ លីត្រ លាយអរម៉ូនពិសេសេ ២០ សេសេ ។ បាញ់ទៅលើរុក្ខជាតិដែលកំពុងចេញផ្កា និងបន្តបាញ់រហូតដល់ទទួលផល (១ អាទិត្យ បាញ់មួយដង)៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)