ស្ថានភាពសន្តិសុខអាហ្វ្រិកកណ្តាលកំពុងធ្វើឱ្យពិភពលោកទាំងមូលព្រួយបារម្ភ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបើកប្រជុំនៅល្ងាចថ្ងៃចន្ទនេះ ដើម្បីក្តាប់ស្ថានការណ៍ប្រទេសនេះ។ អាមេរិក និងបារាំង បានវាយតម្លៃស្ថានភាពប្រទេសអាហ្វ្រិកកណ្តាលថា កំពុងឆ្លងចូលដំណាក់កាលប្រល័យ
ពូជសាសន៍ ឬ “ហៀបផ្ទុះអំពើប្រល័យពូជសាសន៍”។ នៅក្នុងរបាយការណ៍ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងត្រូវពិនិត្យមើលនៅថ្ងៃល្ងាចចន្ទនេះ លោក បាន គីមូន បានឡើងអំពីស្ថានភាពងាយជួបគ្រោះសងសឹកគ្នាយ៉ាងសាហាវយ៉ង់ឃ្នង។ ចំណែកសហភាពអឺរ៉ុប ពិព័ណនាអំពីការរំលោភសិទ្ធិមនុស្សជាទូទៅ យ៉ាងអានាណាបំផុត។៨ខែក្រោយ ការឡើងកាន់អំណាចរបស់លោក Michel Djotodia អាជ្ញាធរមិនអាចគ្រប់គ្រងពួកអតីតឧទ្ទាមក្នុងជួរកងទ័ពជាតិ Séléka បាន អសន្តិសុខ និងការភ័យខ្លាច បានទន្ទានទី។ កងយុទ្ធជនស្វ័យត្រាន បានប្រមូលផ្តុំជាក្រុមប្រដាប់អាវុធស្វ័យការពារ អង់ទីបាឡាកា (anti-Balaka) ដើម្បីប្រឈមមុខនឹងពួកឧទ្ទាមដែលប្រព្រឹត្តទង្វើរឹបអូសសម្លុតប្រជាជន ប៉ុន្តែបានរាលដាលសងសឹកដល់ក្រុមអ្នកអ៊ីស្លាមទៀត។ ជាចម្លើយតប កងកម្លាំង សេឡេកា បានប្រើមធ្យោបាយបង្ក្រាបយ៉ាងងងឹតងងុលបកមកវិញ និងដោយកាចសាហាវដោយគ្មានរើសមុខ។
ជាលទ្ធផល ភូមិឋានគ្មានមនុស្សនៅ កងស្វ័យការពារបណ្តេញអ្នកភូមិអ៊ីស្លាមអស់ពីស្រុក ពួកសេឡេកាដុតបំផ្លាញផ្ទះសម្បែងប្រជាជនអ្នកកាន់សាសនាគ្រិស្ត និងបណ្តេញឱ្យចូលព្រៃ។ ពេលនេះរាល់អំពើហិង្សាកើតឡើងរវាងតែអ្នកជ្រុលនិយមដូចគ្នា អំពើហិង្សា មានលក្ខណៈជាជម្លោះក្នុងភូមិ ឬក្នុងក្រុង មួយៗដាច់ដោយឡែកពីគ្នា។ ប៉ុន្តែមិនទុកចិត្តកំពុងតែរីកធំធាត់ក្នុងហ្វូងសហគមន៍ ហើយបន្តិចម្តងៗ កំហឹង និងគំនុំសងសឹក បានកើនឡើងជារៀងរាល់ថ្ងៃ ស្នូរផ្ទុះលាន់ឮកាន់តែច្រើន រាលដាលដល់រដ្ឋធានី។ ការដាក់បម្រាមគោរច បានរឹងរឹតតែធ្វើឱ្យបណ្តាជនអាហ្វ្រិកកណ្តាលកាន់តែរន្ធត់។
ប្រឈមមុខនឹងគ្រោះផ្ទុះអំពើហិង្សាអន្តរសហគមន៍ បណ្តាជនអាហ្វ្រិកកណ្កាលបានទទូចឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង បារាំង អតីតប្រទេសធ្លាប់ធ្វើអាណានិគមន៍ ជួយធ្វើអន្តរាគមន៍ ដើម្បីកុំឱ្យប្រទេសខ្ទេចខ្ទីធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ទាន់។ បារាំងចង់ឱ្យកងកម្លាំងទ័ពអាហ្វ្រិកក្នុងតំបន់ជាអ្នកការពារសន្តិសុខអាហ្វ្រិកកណ្តាលក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕