វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលនៅព្រឹកថ្ងៃសុក្រទី១៥ ខែវិច្ឆិកានេះ បានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តក្នុងការប្រើប្រាស់ និងអភិរក្សពូជដំណាំស្រូវនៅកម្ពុជា ក្នុងអំឡុងពេលនៃការប្រែប្រួលអាកាសធាតុ។
អង្កការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធយល់ឃើញថា កសិករនៅកម្ពុជាភាគច្រើននៅបន្តធ្វើស្រែចម្ការតាមទឹកភ្លៀង និងពុំសូវមានបច្ចេកទេសថ្មី ដើម្បីអាចធានាក្នុងគ្រា ដែលមានការប្រែប្រួលអាកាសធាតុ។ក្រុមអង្គការសង្គមស៊ីវិល និងអ្នកចូលរួមក្នុងវិស័យការងារកសិកម្មនៅកម្ពុជាលើកឡើងថា កម្ពុជាអាចទំនងជាជួបវិបត្តិសន្តិសុខស្បៀង ជាពិសេសលើដំណាំស្រូវ ប្រសិនបើកសិករខ្មែរ នៅមិនទទួលបាននូវបច្ចេកទេសថ្មីៗ ដើម្បីអាចធ្វើការបន្ស៊ាំខ្លួនទៅការប្រែប្រួលអាកាសធាតុ។
ការលើកឡើងបែបនេះ ចំពេលដែលប្រទេសកម្ពុជាបានរងគ្រោះដោយសារគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យបានខូចខាតដល់ដំណាំស្រូវ និងដំណាំផ្សេងៗរបស់ប្រជាកសិករខ្មែរ។
នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលនៃកម្ពុជា លោក ឈិត សំអាត បានថ្លែងថាប្រជាកសិករខ្មែរភាគច្រើននៅមិនទទួលបានចំណេះដឹងអំពីវិធីសាស្ត្រ និងបច្ចេកទេសនៃការប្រើប្រាស់ពូជដំណាំស្រូវប្រកបដោយនិរន្តរភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅឡើយ។
«ដោយសារកន្លងមកហ្នឹង ឃើញថាមានការប្រែប្រួលអាកាសធាតុទឹកជំនន់ ភាពរាំងស្ងួត តែងតែប៉ះពាល់ទៅដល់សន្តិសុខស្បៀង។ យើងខ្វះសមត្ថភាព និងព័ត៌មានផង ចឹងចង់ឲ្យក្រសួងជាពិសេសក្រសួងកសិកម្ម ស្ថាប័នផ្សេងៗហ្នឹង ផ្សព្វផ្សាយឲ្យបានដល់ប្រជាជនយើងទាក់ទងនឹងការប្រើប្រាស់ពូជស្រូវ។»
ថ្លែងក្នុងសន្និសីទកាសែតស្តីពីកិច្ចពិភាក្សាស្តីអំពីផែនការយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ និងការអភិរក្សពូជស្រូវនៅកម្ពុជា នាយកប្រតិបត្តិនៃអង្គការដដែលបន្ថែមថាប្រហែល ៨០%នៃប្រជាជនរស់នៅជនបទប្រកបរបរកសិកម្មដោយពឹងអាស្រ័យលើទឹកភ្លៀង។ ដោយកសិកម្មចូលរួមចំណែកប្រហែល៣៥% នៃផលិតផលសរុបក្នុងស្រុក វាជាការសំខាន់ ដែលមានការយកចិត្តទុកដាក់អនុវត្តទៅលើផែនការយុទ្ធសាស្ត្រប្រើពូជស្រូវឲ្យមាននិរន្តរភាព និងដែលអាចបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
លោក ឈិត សំអាត បន្ថែមថា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធធ្លាប់បានបើកកិច្ចពិភាក្សានៅបណ្តាខេត្តចំនួនបួនធំៗ ដែលជាអាទិភាព និងជាខេត្ត ដែលបានចាត់ទុកថា ជាខេត្តផលិតស្រូវបានច្រើនជាគេនៅកម្ពុជា មានជាអាទិ ដូចជាខេត្តតាកែវ ព្រៃវែង កំពង់ធំ និងបាត់ដំបង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ នឹងត្រូវដាក់ជូនដល់ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធដូចជាក្រសួងកសិកម្ម និងតាមបណ្តាអង្គការនៅទូទាំងប្រទេស ដើម្បីអាចចែករំលែកចំណេះដឹង និងបច្ចេកទេសអំពីការជ្រើសរើសពូជស្រូវសមស្រប និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្រៅពីរបៀបនៃការជ្រើសរើសពូជស្រូវ កង្វះខាតបច្ចេកទេសអំពីការប្រើប្រាស់ជីគីមីបានធ្វើឲ្យកសិករខ្មែរបាត់បង់នូវពូជស្រូវ ដែលល្អៗផងដែរ។
លោក រ័ត្ន វិរៈ សមាជិកនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទថ្លែងថាការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមានការប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវនៅកម្ពុជា។
លោក ញឹម វណ្ណា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់ឆ្នាំ២០១៣ បានជន់លិចផ្ទៃដីដាំដុះជាង៣៣ម៉ឺនហិចតា។ ផ្ទៃដីដាំស្រូវសរុប ដែលរងការខូចខាតមានជាង ១០ម៉ឺនហិកតា៕
Labels:
កសិកម្ម