ការ​ដាក់​ពិន្ទុ​និង​លេខ​រៀង​ថ្មី​ស្តី​ពី​អំពើ​ពុក​រលួយ​នឹង​ធ្វើ​នៅ​ថ្ងៃ​៣​ធ្នូ​



ដោយ ញឹម សុផល
អង្គការ​តម្លាភាព​អន្តរជាតិ​នឹង​បង្ហាញ​របាយការណ៍​នៃ​សន្ទស្សន៍ និង​ចំណាត់ ថ្នាក់​អំពើ​ពុករលួយ នៅ​សប្តាហ៍​ក្រោយ​ បន្ទាប់​ពី​ការ​រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​លើ​ប្រទេស​ជាច្រើន​ដែល​ជា​សមាជិក​របស់​អង្គការ​នេះ។ ប្រទេស​កម្ពុជា​ដែល​រង​ការ​ចោទ​ប្រកាន់​ជា​ញឹក​ញាប់​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កន្លង​មក ​ក៏​ជា​គោលដៅ​នៃ​ការ​ដាក់​ចំណាត់​ថ្នាក់​ផងដែរ។
អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​មាន​ទី​ស្នាក់ការ​នៅ​ប្រទេស​អាល្លឺម៉ង់ ​នឹង​រៀប​ចំ​ធ្វើ​ការ​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ខាង​មុខ​នេះ ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​នៅ​ទូទាំង​ពិភព​លោក។ ក្រៅ​ពី​បញ្ហា​ពុក​រលួយ​សកល អង្គការ​តម្លាភាព​កម្ពុជា​នឹង​ធ្វើ​ការ​ប្រកាស​ផ្សព្វ​ផ្សាយ​ផង​ដែរ​ពី​ស្ថានភាព​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទេស​នេះ​ក៏​ត្រូវ​បាន​ជ្រើស​រើស​ផង​ដែរ​នៅ​ក្នុង​ការ​សិក្សា។

លោក ស៊ុន ឡុង នាយក​ប្រតិបត្តិ​ស្តីទី​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា​ការ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​សកល​ដែល​កំណត់​យក​ថ្ងៃ​៣​ធ្នូ​នោះ ​គឺ​ជា​ការ​រៀប​ចំ​ដំណាល​គ្នា​ចំពោះ​ប្រទេស​ទាំង​អស់​នៃ​ពិភពលោក នូវ​ការ​រក​ឃើញ​រួម ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ។លោក ស៊ុន ឡុង បញ្ជាក់​ថា​ សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពើ​ពុករលួយ​នេះ ​នឹង​ដាក់​ពិន្ទុ និង​លេខ​រៀង ចំណាត់​ថ្នាក់​ដល់​ប្រទេសនានា​ ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​សាធារណៈ និង​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​សង្កេតការណ៍​មកពី​ទូទាំង​ពិភព​លោក រួម​បញ្ចូល​ទាំង​អ្នក​ជំនាញ​ដែល​រស់នៅ និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នោះ​ផងដែរ។

គេ​នៅ​មិន​ទាន់​បាន​បង្ហើប​ពី​ចំណាត់​ថ្នាក់​ថ្មី​ សម្រាប់​ប្រទេស​កម្ពុជា ​ទាក់​ទង​ទៅ​នឹង​ស្ថានភាព​អំពើ​ពុករលួយ​នៅ​ដែល​បាន​រកឃើញ​នៅ​ឡើយ។ ក៏​ប៉ុន្តែ​កាល​ពី​ឆ្នាំ​ទៅ ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាំ​ថា មាន​ចំណាត់​ថ្នាក់​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស ១៧៦​ប្រទេស ហើយ​ទទួល​បាន​ពិន្ទុ ២២ លើ​១០០ ដែល​មន្ត្រី​អង្គការ​តម្លាភាព​ពិព័ណ៌នា​ថា ស្ថិត​នៅ​ក្នុង​លំដាប់​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំងក្លា​ដដែល​។ ​លើស​ពីនេះ​ គេ​បាន​គេ​រក​ឃើញ​ថា​មាន​អំពើ​ពុក​រលួយ​ខាំ្លង សម្រាប់​វិស័យ​ចំនួន​បួន គឺ​ស្ថាប័ន​តុលាការ ប៉ូលិស គណបក្ស​នយោបាយ និង​មន្ត្រី​សាធារណៈ។

សូម​បញ្ជាក់​ថា ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ក៏​ដូច​ជា គណបក្ស​នយោបាយ​ប្រឆាំង ប្រទេស​កម្ពុជា​បាន​បាត់​បង់​ថវិកា​ប្រមាណ​ជា ៥០០​លាន​ដុល្លារ ​ក្នុង​មួយឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុករលួយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា នឹង​មាន​ការ​កែ​ទម្រង់​លើ​វិស័យ​នានា​របស់​រដ្ឋ​ ជា​ពិសេស​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors