ភ្នំពេញ — មន្ត្រីជាន់ខ្ពស់យុត្តិធម៌របស់ប្រទេសកម្ពុជានៅថ្ងៃសុក្រនេះបានអះអាងថាគ្មានផែនការណាមួយដើម្បីជំរុញដល់នគរបាលយុត្តិធម៌ចាប់ខ្លួនលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតពាក់ព័ន្ធនឹងសំណុំរឿងបាញ់កម្មករបីនាក់ឱ្យរងរបួសកាលពីឆ្នាំ២០១២។
ក្នុងពេលផ្តល់បទសម្ភាសន៍ដាច់ដោយឡែកៗពីគ្នាក្នុងពេលចូលរួមក្នុងកម្មវិធីសន្និសីទថា្នក់ជាតិស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ដែលរៀបចំឡើងដោយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមន្ត្រីយុត្តិធម៌ទាំងនោះរួមមានអគ្គព្រះរាជអាជ្ញា និង ប្រធានសាលាឧទ្ធរណ៍បានអះអាងដូចៗគ្នាថាគ្មានផែនការជំរុញឱ្យមានការចាប់ខ្លួនលោកឈូក បណ្ឌិតទេ។
លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍មានប្រសាសន៍ថាតុលាការមានទំនាក់ទំនងជាប់ជានិច្ចជាមួយសមត្ថកិច្ចក្នុងករណីលោកឈូក បណ្ឌិតក៏ប៉ុន្តែគ្មានផែនការជំរុញឱ្យចាប់ខ្លួនទេ។
លោកនិយាយថា៖«សូមអធ្យាស្រ័យខាងខ្ញុំតុលាការបានសម្រេចថាចេញដីកាស្វែងរកចាប់ខ្លួនហើយភារកិច្ចនេះជាភារកិច្ចរបស់ប៉ូលិស។ ហេតុដូច្នេះហើយយើងបានបញ្ជូនទៅសមត្ថកិច្ចប៉ូលិសហើយ។ប៉ូលិសជាអ្នកចាត់ការ។ ខ្ញុំអត់មានសមត្ថកិច្ចអ្វីដើម្បីស្វែងរកចាប់ទេ»។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលដីការបស់សាលាដំបូងខេត្តស្វាយរៀងដោយសម្រេច ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែពីបទបង្ករបួសស្នាម ដោយអចេតនា។
សាលាឧទ្ធរណ៍ក៏បានសម្រេចពិន័យជាប្រាក់សរុប៣៨លានរៀល គឺប្រមាណជិតមួយម៉ឺនដុល្លារជាសំណងទៅឱ្យជនរងគ្រោះដែលជា កម្មការិនីចំនួនបីរូប។ ការសម្រេចនេះបានធ្វើឡើងដូចសាលក្រមរបស់តុលាការខេត្តស្វាយរៀងកាល ពីថ្ងៃទី២៥ ខែមិថុនា។
តុលាការក៏បានចេញដីកាបង្គាប់ឱ្យតាមចាប់លោក ឈូក បណ្ឌិត ដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ក្រោយពីបានបាញ់ កម្មករបីនាក់ឱ្យរងរបួស។
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បានបញ្ជាក់ថាករណីចាប់ខ្លួនជាកាតព្វកិច្ចរបស់សមត្ថកិច្ច។
លោកនិយាយថា៖«ការងារដាច់ៗគ្នាណាស់។ខ្ញុំធ្វើការងារខ្ញុំ។សួរឯកឧត្តម មួង ឃីម ពីព្រោះគាត់ទទួលបន្ទុកខាងអាជ្ញាធរ»។
លោកមួង ឃីម អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌បានឱ្យដឹងថាសំណុំរឿងលោកឈូក បណ្ឌិតមិនទាន់បានបិទបញ្ចប់ទេ។ លោកបានបញ្ជាក់ទៀតថាសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវករណីនេះនៅឡើយក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាលោកឈូក បណ្ឌិតកំពុងលាក់ខ្លួននៅទីណាទេ។
លោកនិយាយថា៖«សំខាន់យើងធ្វើយើងស្រាវជ្រាវតែគ្រាន់តែថាដូចខ្ញុំនិយាយអញ្ចឹង។ ករណីផ្សេងៗក៏ដូចតែគ្នាដែរ។ ករណីខ្លះយើងរកទៅឃើញភ្លាម ករណីខ្លះយើងរកពិបាក។ វាគ្រាន់តែប៉ុណ្ណឹងទេអត់មានរឿងនិយាយថាសមត្ថកិច្ចមិនធ្វើមិនអីទេ។គឺសុទ្ធតែរឿងចោទប្រកាន់ទេ»។
មន្ត្រីនគរបាលជាតិធ្លាប់បានអះអាងថា លោក ឈូក បណ្ឌិត កំពុងសំងំលាក់ខ្លួនក្នុងប្រទេសជិតខាងកម្ពុជា។
មកទល់ពេលនេះមានរយៈពេលជិតពីរឆ្នាំ ហើយលោក ឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតនៅតែមិនទាន់ចាប់ខ្លួនមកផ្តន្ទាទោស បាននៅឡើយក្រោយពីលោកបានបាញ់កម្មការិនីបីនាក់ឈ្មោះ កែវ នា នុត សាខន និង ប៊ុនចិន្តា ឱ្យរងរបួសកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២៕
ប្រភព៖VOA