Pages

Sunday, November 3, 2013

ខ្ទឹម​មិត្ត​ល្អ​របស់​បេះដូង ?

ខ្ទឹម​ស ដែល​​​ជា​គ្រឿង​ផ្សំ​ដ៏​ចំណាន​ និង​សំខាន់​បំផុត​មួយ សម្រាប់​បង្កើន​​​​​រសជាតិ និង​ក្លិន​ឈ្ងុយឈ្ងប់​ដល់​ម្ហូប​ក្នុង​ចាន​ ក៏​ជា​សារធាតុ​ផ្សំ​​ថ្នាំ​តាម​បែប​ធម្មជាតិ​ដ៏​មាន​មហិទ្ធិរិទ្ធ​ នា​សម័យ​បច្ចុប្បន្ន​នេះ។ មុន​ការ​រក​ឃើញ​ឱសថ​ទំនើប​​ ដូច​ដែល​យើង​មាន​ប្រើ​សព្វថ្ងៃ​នេះ​ ខ្ទឹម​ស​ មាន​ចុះ​នៅក្នុង​បញ្ជី សៀវភៅ​ក្បួន​ពេទ្យ​ផ្លូវការ តាំង​ពី​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ និង​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​​ ទាំង​ខាង​ក្នុង​និង​ទាំង​ផ្នែក​ខាង​ក្រៅ​សពាង្គកាយ។
កាលពី ជាង​បីពាន់​ឆ្នាំ​មុន អ្នក​ស្រាវជ្រាវ​អេហ្ស៊ីប បាន​រក​ឃើញ​ពី​គុណ​សម្បត្តិ​ដ៏​មហិមា​របស់​ខ្ទឹម​ស រហូត​​ចាត់​ទុក​ជា​​កំណប់​ដ៏​អស្ចារ្សមួយ​ ក្នុង​ចំណោម​កំណប់​សំខាន់ៗ​របស់​អេហ្ស៊ីប។ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រសម័យ​នោះ​ បាន​កត់ត្រា​​២០​ក្បួន​ ថ្នាំ​​បូរាណ ផ្សំ​​ដោយ​ខ្ទឹម​ស សម្រាប់​ព្យាបាល​ជំងឺ​ឈឺក្បាល ឡើង​ឈាម ឬ​ដុំ​ពក។ល។ និង​។ល។ តាមពិត​រុក្ខជាតិ​មួយ​បែប​បាន​ក្លាយ​ជា​រុក្ខជាតិ​ថ្នាំ​ ដែល​មាន​លក្ខណៈ​មុន​គេ​ ព្រោះ​ថា​តាំង​ពី​ស្រុក​​ចិន ដល់​ស្រុក​រ៉ូម៉ាំង កាត់​តាម​​​អ៊ីស្រាអែលទៀត បណ្តា​ប្រជាជន​មាន​ដើម​កំណើត​តាំង​ពី​យូរ​លង់​លើ​ពិភពលោក​​នេះ សុទ្ធ​តែ​ចុះ​ឈ្មោះ​ខ្ទឹម​ស​ក្នុង​​​ក្បួនព្យាបាល​ជំងឺ​​ទាំង​អស់។ ដល់​ពេល​មាន​កលិយុគ​កើត​ជំងឺ​ប៉េស្ត​រាតត្បាត​នៅអឺរ៉ុប គេ​នាំ​គ្នា​ប្រើ​ខ្ទឹម​ស​ ធ្វើ​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​បង្ក​រោគ។​ សមត្ថភាព​ធម្មជាតិ​ផ្នែ​ក​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ ដែល​៥០០​ឆ្នាំ​ក្រោយ​មក​ទៀត ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប ដោយ​លោក​ ល្វី ប៉ាស្ទ័រ​។
 
ដើម្បី​ផ្ទៀង​ផ្ទាត់​​និង​ពិនិត្យ​ពិច័យ​លើ​គុណសម្បត្តិ​នៃ​ថ្នាំ​ដ៏​ចំណាស់​មួយ​នេះ ការសិក្សា​តាម​បែប​វេជ្ជសាស្ត្រ​ជា​ច្រើន​ធ្វើ​​ឡើង​ជា​បន្តបន្ទាប់​ នា​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជា​លទ្ធផល​ មហិទ្ធិរិទ្ធ​​​របស់​ខ្ទឹម​ដែល​មនុស្ស​ចាស់​បូរាណ​បាន​ចំណាំ​តៗ​គ្នា​មក​ ថា​ល្អ​ចំពោះ​បេះដូង​ត្រូវ​បាន​លាត​ត្រដាង​បញ្ជាក់​កាន់​តែ​ច្បាស់ នា​ពេល​បច្ចុប្បន្ន​នេះ។
 
គុណសម្បត្តិ​ទី​មួយ គឺ​ខ្ទឹម​ អាច​ជួយ​បញ្ចុះ​ អត្រា​ជាតិ​ខ្លាញ់​ លីពីត Triglycérides និង​ខ្លាញ់​ក្នុង​ឈាម Cholestérole បាន​តិច​តួច​ទេ​តែ​ថេរ​ថយ​ជា​លំដាប់​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ទឹម​ស​អាច​ជួយ​ទៅ​កាត់​បន្ថយ​គ្រោះ​ផ្គុំ​ជា​កំណក​ឈាម​តូចៗ​តាម​សរសៃ​ឈាម និង​ជួយ​សម្រួល​ឈាម​ឱ្យ​រាវ​ល្អ​ អាច​ហូរ​បាន​ស្រួល។ ជា​ចុង​ក្រោយ​ខ្ទឹម​ស​ មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​អ្នក​មាន​ជំងឺ​ឡើង​ឈាម​ ឈាម​ហូរ​មិនស្រួល សរសៃ​វែន​រីកប៉ោង​ព្រោះ​ឈាម​ហូរ​យឺត​ ឬ​មាន​បញ្ហា​ឬ​ស​ដូង​បាត។ ដូច្នេះ​​ខ្ទឹម​ស​មិន​មែន​ត្រឹម​តែ​ជា​មិត្ត​ល្អ​របស់​បេះដូង​មួយ​ប៉ុណ្ណោះទេ។
 
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​ កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​របស់​ខ្ទឹម​ចំពោះ​​ប្រព័ន្ធ​ការពារ​ខ្លួន​ និង​ដុំ​សាច់​មហារីក។ ថ្មីៗ​នេះ​​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​តួនាទី​របស់​ខ្ទឹម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ដែលធន់​បំផុត​ ដូច​ជា​ពពួក​entérocoque staphylocoque ភ្នាក់ងារ​មាន​ឈ្មោះ​ល្បី​ខាង​បង្ក​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ។ កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ មាន​សារធាតុ​បន្សំ​ក្នុង​ខ្ទឹម​ជាង​២០​មុខ ដែល​ទំនង​ជា​មាន​ប្រសិទ្ធិភាព​ជា​ពិសេស​អាច​ប្រឆាំង​ទប់​នឹង​ជំងឺ​​មហារីក​ បំពង់​ ផ្លូវ រំលាយ​អាហារ​ ឬក្រពះ។ មហារីក​សួត សុដន់ ពោះវៀន​ធំ​ ក៏​កំពិស​ខ្ទឹម​អាច​យក​ឈ្នះ​បាន​ដែរ តាម​រយៈ​សកម្មភាព​ពីរ ៖ ការពារ​ទប់​នឹង​សារធាតុ​ពុល​អាច​បង្ក​ជំងឺ​មហារីក និង​បញ្ឈប់​ការ​រីក​រាល​នៃ​ដុំ​សាច់​ មិន​ឱ្យ​កោសិកា​មាន​ជំងឺ​រីក​លូត​លាស់​បាន។
 
រាប់​​សតវត្សរ៍​មក​ហើយ ដែល​គេ​ប្រើ​ប្រាស់​ខ្ទឹម​ស​សម្រាប់​ព្យាបាល​ជំងឺ​​ផ្លូវ​ដង្ហើម​ មាន​ជា​អាទិ៍​ជំងឺ​ផ្តាសាយ​ រលាក​ទងសួត រលាក​បំពង់ក ... គេ​អាច​និយាយ​ជា​ទូទៅ​បាន​ថា ខ្ទឹម​ស​មាន​គុណ​ប្រយោជន៍ ប្រឆាំង​នឹង​មេរោគ ប្រឆាំង​វីរ៉ុស ផ្សិត ប្រឆាំង​មហារីក​ ជា​ថ្នាំ​សម្លាប់​មេរោគ សម្លាប់​មីក្រុប អង់ទីប៊ីយូទិក អង់ទីសិបទិច ជា​ថ្នាំ​បន្សាប​ ជា​ថ្នាំ​រំលាយ​ឈាម​ ។ល។ និង។ល។ ឃើញ​ថា​គុណ​ប្រយោជន៍​មាន​ច្រើន​អនេក ! ចុះ​សួរ​ថា​តើ​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​លទ្ធផល​យ៉ាងណា និង យល់​យ៉ាង​ណា​ដែរ​ចំពោះ​គុណប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​នេះ ?!
 
មែន​ហើយ ! ខ្ទឹម​ជា​កម្មវត្ថុ​ នៃ​ការ​សិក្សា​ស្រាវជ្រាវ ទាំង​ផ្នែក​អាហារូបត្ថម្ភ​ និង​ទាំងផ្នែក​វេជ្ជសាស្ត្រ។ ជា​លទ្ធផល​ ៖ ខ្ទឹម​​មាន​ផ្ទុក​សារធាតុ​​សំខាន់ៗ និង​ក្នុង​បរិមាណ​ច្រើន​ គួរ​ឱ្យ​ស្ងប់ស្ងែង​ ដូច​ជា​ វីតាមីន អា បេ សេ ដេ អឺ ប៉េប៉េ​ អូលីហ្កូអេឡេម៉ង់ និង​រ៉ែ (ដែក ម៉ាញេស្យូម សង្កសី ។ល។) សារធាតុ​សរសៃ​ និង​ប្រូតេអ៊ីនដែល​មាន​តួនាទី​ជា​កាតាលីហ្សឺ​ ពោល​គឺ​ងាយ​ធ្វើ​ប្រតិកម្ម​ប៊ីយូគីមី និង​ពិសេស​សារធាតុ​អាលីអ៊ីន អាលីស៊ីន ឬ​អាហ្វូអែន។
 
អ្នក​ស្រាវជ្រាវ​បានបក​ស្រាយ​​ពន្យល់​ថា សារធាតុ​Ajoène មាន​សកម្មភាព​ដូច​ជា​ថ្នាំ​Aspirine និង​ ពង្រាវ​ឈាម​​​មិន​ឱ្យ​ឆាប់​កក។ ដូច្នេះ​បើ​ពិសារ​ខ្ទឹម​ស​ចូល​ទៅ​ ដូច​ជា​បានទៅ​ភ្ញោច​សរសៃ​ឈាម​តូចៗ​ឱ្យ​រលា​ សម្រួល​​សម្ពាធឈាម និង​ចរន្ត​បេះដូង​​។ នៅពេល​បេះដូង​កាន់​តែ​ចាស់ សរសៃ​អាទែ​ជុំវិញ​បេះដូង​​​កាន់​តែ​ឡើង​រឹង​ ចរន្ត​​​​ឈាមក៏​បន្ថយ​ល្បឿន​​ ដែល​នេះ​អាចបង្កើន​គ្រោះ​​ស្ទះ​បេះ​ដូង​កាន់​តែ​ខ្លាំង ប៉ុន្តែ​ដោយ​ភាព​សម្បូរ​បែប​ផ្នែក​អង់ទីអុកស៊ីដង់​ ខ្ទឹមស​អាច​ជួយ​រាំង​ស្ទះ​​ដំណើរ​វិវឌ្ឍន៍​របស់​បេះដូង​នេះ។
 
ទាកទង​នឹង​ជំងឺ​មហារីក​វិញ​ ​ការ​ស្រាវជ្រាវ​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ដោយ​មាន​ផ្ទុក​សកម្មភាព​ប្រឆាំង​នឹង​ដុំពក ការ​បរិភោគ​ខ្ទឹម​ស​ជា​ប្រចាំ​អាច​នឹង​ការពារ​មិន​ឱ្យ​មាន​ការ​ដុះ​ ឬ​លេច​ជា​ដុះ​សាច់​ពក​មហារីក​ខ្លះ។ លទ្ធផល​ល្អ​ត្រូវបាន​រក​ឃើញ​រួច​មក​ហើយ​ចំពោះ​មហារីក​ក្រពះ​ ពោះវៀន ស្បែក​ និង​ក្រពេញ​ប្រូស្តាត ប៉ុន្តែ​ចំពោះ​ករណី​មហារី​កផ្សេង​ទៀត​ អ្ន​ក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​នៅ​ឡើយ។
 
ខ្ទឹម​មាន​ប្រយោជន៍​ខ្លាំង​រហូត​ដល់​មាន​សុភាសិត​​បារាំង​មួយ​និយាយ​ថា "ញ៉ាំខ្ទឹមសពេល​ព្រឹក ខ្ទឹម​បារាំង​ពេល​ល្ងាច នោះ​គ្រូពេទ្យ​ពិត​ជាស៊យ​ហើយ !”
 
ខ្ទឹម​ស​ ទំនង​ជា​មាន​ប្រភព​ដើម​ចេញ​មក​ពី​អាស៊ី​កណ្តាល ឬ​ឥណ្ឌា​ខាង​ជើង។ រុក្ខជាតិ​មួយ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បន្លែ អាច​រក​ទទួល​ទាន​បាន​ពេញ​មួយ​ឆ្នាំ​ ហើយ​ស្ថិត​នៅ​ក្នុង​ចង្កោម​គ្រួសារ Alliaceae ពោល​គឺ​ពពួក​ខ្ទឹម ៖ ខ្ទឹម​ដើម ខ្ទឹម​ខ្យល់ ខ្ទឹម​ស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង។ ឬស​វា​ផ្តល់​ជា​មើម​។ ក្នុង​មួយ​មើមៗ​មាន​ចែក​ជា​​កំពិស​ ប្រមាណពី​១២ ទៅ​១៦កំពិស​យ៉ាង​ច្រើន។ ជា​សរុប​ខ្ទឹម​មាន​ប្រមាណ​ជា​ជាង​៣០​ប្រភេទ បែង​ចែង​ទៅ​តាម​មាឌ​ ពណ៌ ឬ​រសជាតិ​។ ពពួក​ខ្ទឹម​ទាំង​អស់​នេះ មាន​គុណភាព​​និង​គុណ​ប្រយោជន៍ ដូច​ដែល​បាន​រៀប​រាប់ខាង​លើ គ្រាន់តែ​ថា​ខ្ទឹម​ស​មាន​មហិទ្ធិរិទ្ធ​ខ្លាំង​ជាង​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ ក្នុង​មួយ​រយក្រាម​ ខ្ទឹម​បារាំង​មាន​ផ្ទុក​​សារធាតុ​រ៉ែ​សេឡេនីញ៉ូម​ ០,៥មីក្រូក្រាម ឯ​ខ្ទឹម​ស​វិញ​ដល់​ទៅ​១៤មីក្រូក្រាម។
ដើម្បី​អាច​ទាញ​ប្រយោជន៍​ពី​ខ្ទឹម​ដល់​សុខភាព​បាន ចូរ​ពិសារ​​ជា​ខ្ទឹម​ស្រស់ និង​ហាន់​ថ្មីៗ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ខ្ទឹម​ឆ្អិន​មានអានុភាព​តិច​ជា​ខ្ទឹម​ឆៅ។ រសជាតិ​របស់​ខ្ទឹម​ប្រែ​ប្រួល​ទៅ​តាម​របៀប​ហាន់​ កាន់​តែ​ស្តើង​ ល្អិត កាន់​តែ​មាន​រសជាតិ និងកាន់​តែ​ហិរ។ ហើយ​បើ​កាន់​តែ​ហិរ នោះ​កាន់​តែ​ផ្តល់​ផល​ល្អ​ដល់​សុខភាព។ ប៉ុន្តែ​​សត្រូវ​ដ៏​ចម្បង​របស់​ខ្ទឹម​ក៏​មាន​ដែរ នោះ​គឺ​ក្លិន​មាត់ ! តែ​សូមកុំ​ព្រួយ​បារម្ភ និង​យក​មក​ធ្វើ​ជា​លេស​លែង​បរិភោគ​ខ្ទឹមអី។ មាន​មធ្យោបាយ​មួយ​ចំនួន​អាច​ជួយ​លោក​អ្នក​បាន ៖ ដក​បណ្តូល​​ខ្ទឹម​ កុំ​បរិភោគ - សូម​ទំពារ​គ្រាប់​អានីស គ្រាប់​ក្រវ៉ាញ កាហ្វេ ឬ​ជីរ​ ជីរ​អង្កាម ក្រោយ​ពេល​បរិភោគ​ខ្ទឹម​រួច។
ចង់​បាន​សុខភាព​ល្អ ទាល់​តែ​ហ៊ាន​ខ្លះ​បង់​ខ្លះ ហើយ​សូម​កុំ​ធ្វើ​អ្វី​ឱ្យ​ជ្រុល​ហួស​ហេតុ ! ខ្ទឹម​មាន​គុណប្រយោជន៍​ល្អ​មែន​សម្រាប់​សុខភាព ប៉ុន្តែ​បើ​បរិភោគ​ច្រើនជ្រុល​ពេក​ក៏អាច​ធ្វើ​ឱ្យ​រលាក​ក្រពះទៅ​វិញ បើលាប​លើ​ស្បែក​ច្រើន​ក៏​នឹងធ្វើ​ឱ្យ​ស្បែក​អាច​រលាក​ ឬ​ងាប់​កោសិកា​ស្បែក​ខ្លះ​ទៀត​ផង៕