កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥ អ្នកស្រីអាំងសាន ស៊ូជីគឺជាកូនស្រីរបស់លោកអាំង សាន។ អ្នកស្រីមានអាយុទើបតែ២ឆ្នាំនៅពេលដែលឪពុករបស់អ្នកស្រីបានស្លាប់ដោយការធ្វើឃាត។ លោកអាំង សាននៅគ្រានោះ គឺជានាយករដ្ឋមន្រ្តីដោយការសន្មត ព្រោះពុំមានការតែងតាំងតាមច្បាប់ត្រឹមត្រូវឡើយ នៅក្នុងគ្រាដែលប្រទេសភូមាបានឋិតនៅក្នុងដំណើរឈានទៅរកឯករាជភាព។ លោកបានស្លាប់ដោយការធ្វើឃាត តែ៦ខែមុនភូមាបានទទួលឯករាជភាព។ អ្នកស្រីអាំងសាន ស៊ូជីបានធំចម្រើនវ័យ និងបានទទួលការសិក្សាអប់រំនៅប្រទេសឥណ្ឌា និងសកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេស ជាកន្លែងដែលអ្នកស្រីបានជួបស្វាមីរបស់អ្នកស្រី គឺលោក Michael Aris ។អ្នកស្រីអាំងសាន ស៊ូជីបានចូលទៅកាន់ក្រុងយ៉ង់ហ្គនវិញ នៅពេលដែលម្ដាយអ្នកស្រីធ្លាក់ខ្លួនឈឺនៅឆ្នាំ ១៩៨៨។ អ្នកផងទាំងពួងគិតថាអ្នកស្រីនឹងវិលត្រលប់ទៅជួបជុំកូននិងស្វាមីវិញនៅប្រទេសអង់គ្លេស ក្នុងពេលប្រហែលជា២អាទិត្យប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលដំណើរទៅមើលម្ដាយរបស់អ្នកស្រីកើតមានឡើងគាប់ជួនទៅនឹងការគាបសង្កត់យ៉ាងឃោរឃៅទៅលើការធ្វើបាតុកម្មនិងកូដកម្មជាហូរហែ ដែលឥឡូវនេះគេហៅថា ការបះបោរចលាចល 8888 នោះ អ្នកស្រីអាំងសាន ស៊ូជីបានបង្ខំចិត្តចេញមុខនិយាយដោយមិនខ្លាចក្រែងប្រឆាំងនឹងការគាបសង្កត់ទាំងនោះ។ ការចូលប្រឡូកក្នុងឆាកនយោបាយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបណ្ដុះពន្លកប្រជាធិបតេយ្យ បានធ្វើឲ្យមានការដាក់បង្ខាំងរូបអ្នកស្រីនៅក្នុងគេហដ្ឋានជាលើកដំបូងនៅឆ្នាំ១៩៩៥។ អ្នកស្រីអាំងសាន ស៊ូជីបានចំណាយពេល១៥ឆ្នាំក្នុងរយៈពេល២១ឆ្នាំជាប់នៅក្នុងគេហដ្ឋាន។ ទោះបីជាមានការស្នើផ្ដល់សេរីភាពជូនអ្នកស្រី បើអ្នកស្រីសុខចិត្តចាកចេញពីភូមាក៏ដោយ ក៏អ្នកស្រីមិនទួលយកនូវសំណើនេះដែរ។នៅឆ្នាំ១៩៩១ អ្នកស្រីអាំងសាន ស៊ូជីបានទទួលរង្វាន់សន្តិភាពនូបែល ក៏ប៉ុន្តែអ្នកស្រីមិនអាចទទួលយករង្វាន់នោះឡើយ ដោយសារអ្នកស្រីជាប់ឃុំនៅក្នុងគេហដ្ឋាន។ កូនប្រុសរបស់អ្នកស្រីបានទៅទទួលយករង្វាន់នោះ ជំនួសអ្នសស្រី។ ទីបំផុតទៅ នៅក្នុងឆ្នាំ២០១២ អ្នកស្រីអាំងសាន ស៊ូជីមានលទ្ធភាពធ្វើដំណើរទៅធ្វើបឋកថាជាលើកដំបូងអំពីរង្វាន់សន្តិភាពណូបែលនេះ នៅក្នុងសាលសាលាក្រុងអូស្លូប្រទេសណ័កវ៉េ។
អ្នកស្រីអាំងសាន ស៊ូជីបានចំណាយពេលអាននិងលេងព្យាណូនៅពេលអ្នកស្រីជាប់នៅក្នុងគេហដ្ឋានទៅណាមិនរួច។ លោក Michael Aris ស្វាមីរបស់អ្នកស្រីបានធ្វើដំណើរទៅជួបអ្នកស្រីបានតែម្ដងគត់ នៅក្នុងពេលបុណ្យណូអែល ឆ្នាំ ១៩៩៥។ លោកបានលាចាកលោកដោយជំងឺមហារីកនៅឆ្នាំ១៩៩៩។ អ្នកស្រីអាំងសាន ស៊ូជីមានកូនប្រុស២នាក់ គឺ Kim និង Alexander ។ ពួកគេមានអាយុតែ១១ ឆ្នាំ និង១៦ឆ្នាំប៉ុណ្ណោះនៅពេលដែលគេចាប់ខ្លួនអ្នកស្រី។កាលពីខែឧសភា ឆ្នាំ ២០០៩ លោក John Yettaw ដែលជាជនជាតិអាម៉េរិកបានចូលទៅជួបអ្នកស្រីនៅក្នុងគេហដ្ឋានអ្នកស្រី ដោយពុំមានការគ្រោងទុក និងពុំមាននរណាដឹងទុកជាមុន ដែលធ្វើឲ្យអ្នកស្រីអាំងសាន ស៊ូជីមានការភ្ញាក់ផ្អើល។ ជនជាតិអាម៉េរិករូបនេះបានហែលទឹកឆ្លងបឹងចម្ងាយ២គីឡូម៉ែត្រ ចូលទៅដល់គេហដ្ឋានរបស់អ្នកស្រី ដោយប្រើទ្រនាប់ជាប់ហែលទឹក (flippers) ធ្វើអាយ ។ ពេលទៅដល់បរិវេណផ្ទះ លោកបានឡើងលើរបង និងតាមបំពង់លូចូលទៅក្នុងគេហដ្ឋានរបស់អ្នកស្រីអាំងសាន ស៊ូជី។ លោកបានទទួលការអនុញ្ញាតឲ្យស្នាក់នៅមួយរយៈកាល ក្រោយពីបានថ្ងូរថាអស់កម្លាំង និងមានការឈឺចុកចាប់។ នេះគឺជាលើកទី២ហើយដែលជនជាតិអាម៉េរិករូបនេះបានហែលទឹកឆ្លងបឹងចូលទៅគេហដ្ឋានរបស់អ្នកស្រីអាំងសាន ស៊ូជី ដ្បិតការប៉ុនប៉ងលើកដំបូងរបស់លោកបានជួបនឹងការរារាំងមិនឲ្យចូលជួបអ្នកស្រីអាំងសាន ស៊ូជី ពីសំណាក់បុគ្គលិកប្រចាំការនៅនឹងគេហដ្ឋាន។ យ៉ាងណាមិញ ការព្យាយាមលើកទីពីររបស់លោក John Yettaw នេះ បានធ្វើឲ្យអ្នកស្រីអាំងសាន ស៊ូជីរងទោសជាប់នៅក្នុងគេហដ្ឋានចំនួន១៨ខែថែមទៀត។អ្នកស្រីអាំងសាន ស៊ូជីបានទទួលការដោះលែងចេញពីគេហដ្ឋាន នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១០។ អ្នកស្រី បានទទួលការស្វាគមន៍ពីសំណាក់ហ្វូងអ្នកគាំទ្រ និងការយកចិត្តទុកដាក់ជាខ្លាំងពីបណ្ដាញព័ត៌មានអន្តរជាតិ។អ្នកស្រីអាំងសាន ស៊ូជីបានធ្វើសច្ចាប្រណិធានចូលរដ្ឋសភានៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១២។ នេះគឺជាលើកដំបូងហើយ ដែលអ្នកស្រីបានកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល។ តាំងពីពេលនោះមកអន្តរជាតិក៏ផ្ដោតការយកចិត្តទុកដាក់លើភូមាកាន់តែខ្លាំងឡើង ជាពិសេសនៅពេលអំពើហិង្សាពាក់ព័ន្ធនឹងសាសនានៅក្នុងរដ្ឋ Rakhine បន្តឆាបឆេះមិនឈប់ឈរសោះ។ ឥឡូវនេះ អ្នកស្រីអាំងសាន ស៊ូជីមានលទ្ធភាពចាកចេញពីប្រទេសភូមា ដើម្បីធ្វើដំណើរទៅប្រទេសនានានៅក្នុងតំបន់ និងទីឆ្ងាយឯទៀតនៅលើឆាកអន្តរជាតិ។ អ្នកស្រី ឥឡូវនេះ កំពុងតែធ្វើដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលី៕
Labels: ព័ត៌មានអន្តរជាតិ