Pages

Sunday, November 3, 2013

បទ​វិភាគ៖ តើ​ជន​ជាប់​ចោទ ឈូក បណ្ឌិត អាច​នឹង​ត្រូវ​សាលា​ឧទ្ធរណ៍​កាត់​ឲ្យ​មាន​ទោស​ឬ​ទេ?

តើ​ជន​ជាប់​ចោទ ឈូក បណ្ឌិត អាច​នឹង​ត្រូវ​សាលា​ឧទ្ធរណ៍​កាត់​អោយ​មាន​ទោស​ឬ​ទេ?កេរ្តិ៍​ឈ្មោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ទាំង​មូល​នា​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាលា​ឧទ្ធរណ៍ បន្ទាប់​ពី​ជន​ជាប់​ចោទ ឈូក បណ្ឌិត បាន​ប្ដឹង​ទាស់​សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង។សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​ជន​ជាប់​ចោទ ឈូក បណ្ឌិត ដែល​កំពុង​គេច​ខ្លួន​ផុត​ពី​សំណាញ់​ច្បាប់ ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុជា ដែរ។ រួច​ផុត​ពី​សំណាញ់​ច្បាប់ គឺ​ដោយសារ​តែ​ជន​ជាប់​ចោទ​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ ពោល​គឺ​មាន​សេរីភាព​ដូច​មនុស្ស​គ្មាន​ទោស បើ​ទោះ​ជា​តុលាការ​ខេត្ត​ស្វាយរៀង បាន​ចេញ​សាលក្រម​អោយ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​កន្លះ ពី​បទ​បាញ់​ប្រហារ​កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) បី​នាក់ អោយ​របួស​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ខណៈ​កម្មករ​រោងចក្រ​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ។រស់​នៅ​ក្រៅ​ឃុំ​ដោយ​មាន​សេរីភាព ដែល​ជា​ការ​ផ្គើន​ទៅ​នឹង​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង គឺ​ដោយសារ​មាន​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​កំពូល​កំពុង​ការពារ។
នេះ គឺ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​កំពុង​ចិញ្ចឹម​ទុក​ផ្ទុយ​ពី​ការ​អះអាង​របស់​ខ្លួន ដែល​តែង​ប្ដេជ្ញា​ថា កំពុង​លើក​ស្ទួយ​នីតិរដ្ឋ។
មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ កំពុង​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តី​សម្រេច និង​ចំណាត់​ការ​ណា​មួយ​របស់​សាលា​ឧទ្ធរណ៍ និង​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​ជោគ​វាសនា​របស់​ជន​ជាប់​ចោទ ឈូក បណ្ឌិត។
ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ចំពោះ​តុលាការ អាច​នឹង​ធ្លាក់​ដល់​កម្រិត​សូន្យ ប្រសិន​បើ​សាលា​ឧទ្ធរណ៍​សម្រេច​អោយ​ជន​ជាប់​ចោទ ឈូក បណ្ឌិត រួច​ខ្លួន។
តុលាការ គឺ​ជា​ស្ថាប័ន​កំពូល​តែ​មួយ​គត់ ដែល​ប្រទេស​នីមួយៗ​រៀប​ចំ​បង្កើត​ឡើង​សម្រាប់​អនុវត្ត​ច្បាប់ ដោះស្រាយ​ទំនាស់​ក្នុង​សង្គម។ សេចក្តី​សម្រេច​ណា​មួយ​របស់​តុលាការ អាច​ធ្វើ​អោយ​សង្គម​មាន​សុខ​សន្តិភាព ប៉ុន្តែ​ក៏​អាច​ធ្វើ​អោយ​សង្គម​បែក​បាក់​ផង​ដែរ។
ក្នុង​សង្គម​មួយ​ដែល​ពលរដ្ឋ​គ្មាន​ភាព​ជឿជាក់​លើ​តុលាការ ក្នុង​ការ​រក​យុត្តិធម៌​អោយ​ពួក​គេ​នោះ ភាព​ផុយ​ស្រួយ​នៃ​អំពើ​ហិង្សា​ក្នុង​សង្គម​នោះ ងាយ​នឹង​កើត​មាន​ឡើង។ នៅ​ពេល​ពលរដ្ឋ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ពួក​គេ​នឹង​ប្រើ​វិធីសាស្ត្រ​ផ្ទាល់​ខ្លួន ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​កើត​មាន​ចំពោះ​ខ្លួន។
ចំពោះ​សាលា​ឧទ្ធរណ៍ ករណី​របស់ លោក ឈូក បណ្ឌិត គឺ​ជា​ការ​ធ្វើ​តេស្ដ​សាកល្បង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ថា​តើ​ស្ថាប័ន​រក​យុត្តិធម៌​មួយ​នេះ​នឹង​ឈរ​ខាង​អំណាច​ច្បាប់ ឬ​ឈរ​ខាង​អំណាច​បុគ្គល?
ចំពោះ​រដ្ឋាភិបាល​កម្ពុជា វិញ ករណី​របស់ លោក ឈូក បណ្ឌិត ក៏​ជា​ឱកាស​បង្ហាញ​ជំហរ​របស់​ខ្លួន ថា​នឹង​បន្ត​ការពារ​ជន​ល្មើស​ច្បាប់​ត​ទៅ​ទៀត ឬ​ត្រូវ​ឆក់​ឱកាស​អាណត្តិ​ថ្មី​របស់​ខ្លួន​នា​ពេល​នេះ ដើម្បី​ចាប់​ផ្ដើម​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា ពី​ពេល​នេះ​ទៅ។
ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ស៊ី​ជម្រៅ​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ អាច​បង្ហាញ​ថា តើ​ការ​ប្ដេជ្ញា​ចិត្ត​នោះ មាន​ភាព​ប្រាកដ​និយម​ប៉ុណ្ណា? តេស្ដ​ទី​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បញ្ជាក់​ជូន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ នោះ គឺ​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់ លោក ឈូក បណ្ឌិត នេះ​ឯង។ ការ​ប្ដេជ្ញា ឬ​ការ​សន្យា​របស់​ប្រមុខ​រដ្ឋាភិបាល​ទៅ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ស៊ី​ជម្រៅ វា​នឹង​គ្មាន​ន័យ​អ្វី​ទាំងអស់ ប្រសិន​បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់​តេស្ដ​ទី​១​នេះ។ នេះ​មិន​មែន​មាន​ន័យ​ថា ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​អង្គការ​នីតិប្រតិបត្តិ ត្រូវ​ទៅ​បង្គាប់​អោយ​តុលាការ​ដាក់​ទោស​ជន​ជាប់​ចោទ ឈូក បណ្ឌិត នោះ​ទេ ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់ រដ្ឋាភិបាល​ដែល​មាន​អំណាច​នីតិប្រតិបត្តិ មិន​អាច​ការពារ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​អង្គ​តុលាការ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នោះ​ទេ។
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ទៅ​កាន់​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី ក្នុង​ឱកាស​បើក​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​ឈប់​ការពារ​មន្ត្រី​ប្រព្រឹត្ត​ខុស​ច្បាប់​ទៀត​ហើយ​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ។
នេះ​ជា​ទ្រឹស្ដី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សន្យា​ច្រើន​ណាស់​ជាមួយ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ការ​អនុវត្ត​អោយ​សម្រេច​ជាក់ស្តែង វា​ជា​ការ​សន្យា​ថ្វាយ​ដំរី តែ​មែន​ទែន បាន​ត្រឹម​សែន​កន្ទុយ​កណ្ដុរ​តែ​ប៉ុណ្ណោះ។ តែ​គេ​នៅ​ចាំ​មើល​ថា តើ​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ដើម​អាណត្តិ​ថ្មី​នេះ អាច​យក​ជា​ការ​បាន​ដែរ ឬ​គ្រាន់​តែ​និយាយ​អោយ​ពីរោះ​ស្តាប់។
សហគមន៍​ជាតិ និង​អន្តរជាតិ កំពុង​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សាលា​ឧទ្ធរណ៍។ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ស្អែក​នេះ សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​លើ​ករណី​ជន​ជាប់​ចោទ ឈូក បណ្ឌិត។
តើ​សាលា​ឧទ្ធរណ៍​នឹង​សម្រេច​យ៉ាង​ណា?
បើ​យោង​តាម​សេចក្តី​សម្រេច​កន្លង​មក​របស់​សាលា​ឧទ្ធរណ៍ ចំពោះ​សំណុំ​រឿង​របស់​ជន​ជាប់​ចោទ ឈូក បណ្ឌិត សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ច័ន្ទ ស្អែក​នេះ ទំនង​ជា​នឹង​តម្កល់​សាលក្រម​របស់​តុលាការ​ខេត្ត​ស្វាយរៀង។
កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២ ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត​ស្វាយរៀង បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ទៅ​លើ​ជន​ជាប់​ចោទ ឈូក បណ្ឌិត បើ​ទោះ​ជា​មាន​សាក្សី​ច្រើន​នាក់ និង​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ លោក ឈូក បណ្ឌិត ដែល​ពេល​នោះ​ជា​អតីត​អភិបាល​ក្រុង​បាវិត ជា​អ្នក​បាញ់​កម្មការិនី​បី​នាក់​អោយ​រង​របួស​ក្តី។
ក្រោយ​ពី​ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​ស្វាយរៀង ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ជន​រងគ្រោះ និង​ព្រះរាជអាជ្ញា​បាន​ប្ដឹង​ឧទ្ធរណ៍ ហើយ​សាលា​ឧទ្ធរណ៍​ក៏​បាន​បង្វិល​សំណុំ​រឿង​ក្ដីក្ដាំ​អ្នក​ធំ​បាញ់​កម្មករ​តូចតាច​នេះ ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង វិញ ដោយ​បង្គាប់​អោយ​បើក​សវនាការ​ជំនុំ​ជម្រះ។
នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៣ ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ក៏​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កំបាំង​មុខ ហើយ​រក​ឃើញ​ថា លោក ឈូក បណ្ឌិត មាន​ទោស​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ហើយ​សម្រេច​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​កន្លះ និង​បាន​ចេញ​ដីកា​អោយ​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ។ ចំពោះ​អ្នក​ច្បាប់​វិញ យល់​ឃើញ​ថា ទោស​ជាប់​គុក ១​ឆ្នាំ​កន្លះ​នេះ ជា​ទោស​ស្រាល​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​អំពើ​ប្រព្រឹត្ត។ ទោះ​ជា​យ៉ាង​ណា បើ​ទោស​ស្រាល​ហើយ​ក៏​ស្រាល​ចុះ ធ្វើ​ម៉េច​បើ​តុលាការ​កាត់​ហើយ ប៉ុន្តែ​អ្វី​ដែល​ស្ត្រី​ជន​រងគ្រោះ​វ័យ​ក្មេង​ទាំង​បី​នាក់ និង​សាធារណជន​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ជន​ជាប់​ចោទ ឈូក បណ្ឌិត មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ទេ ចាប់​តាំង​ពី​ពេល​ចេញ​សាលក្រម​ថ្ងៃ​ទី​២៥ មិថុនា រហូត​មក​ដល់​ពេល​នេះ។ អតីត​អភិបាល​ក្រុង​បាវិត ឈូក បណ្ឌិត នៅ​មាន​សេរីភាព​ដូច​មនុស្ស​គ្មាន​ប្រព្រឹត្ត​អ្វី​ខុស ដោយ​មាន​ការ​ការពារ​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ មិន​មាន​សេចក្តី​ក្លាហាន​ដើរ​ចូល​ទ្រុង​សារិកា ប៉ុន្តែ​ជន​ជាប់​ចោទ ឈូក បណ្ឌិត ហ៊ាន​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។
ទោះ​ជា​យ៉ាង​ណា បើ​យោង​តាម​ការ​សម្រេច​កន្លង​មក​របស់​សាលា​ឧទ្ធរណ៍ តុលាការ​ថ្នាក់​កណ្ដាល​មួយ​នេះ​ទំនង​ជា​សម្រេច​អោយ​ជន​ជាប់​ចោទ ឈូក បណ្ឌិត មាន​ទោស​ដូច​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ស្វាយរៀង ដែរ ពីព្រោះ​សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​បង្វិល​សំណុំ​រឿង​មួយ​នេះ​ទៅ​អោយ​តុលាការ​ខេត្ត​ស្វាយរៀង បង្គាប់​អោយ​ពិនិត្យ​មើល​ឡើង​វិញ បន្ទាប់​ពី​ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​នេះ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់ លោក ឈូក បណ្ឌិត។ ក៏ប៉ុន្តែ បើ​មាន​ការ​ជ្រៀតជ្រែក​ពី​មន្ត្រី​រដ្ឋាភិបាល​ទៅ​ក្នុង​កិច្ចការ​តុលាការ ឬ​សាលា​ឧទ្ធរណ៍​ខ្លួន​ឯង មិន​ហ៊ាន​ក្រោក​ការពារ​ភាព​ឯករាជ្យ​របស់​ខ្លួន ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ប្រគល់​ជូន​នោះ លទ្ធផល​អាច​ផ្សេង​ទៅ​វិញ។
ទោះ​ជា​យ៉ាង​ណា គេ​មិន​រំពឹង​ថា ជន​ជាប់​ចោទ ឈូក បណ្ឌិត ក្លាហាន​ហ៊ាន​ចេញ​ទៅ​បង្ហាញ​វត្តមាន​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​សវនាការ​ថ្ងៃ​ស្អែក​នេះ​ទេ។ សម្រាប់​ជន​រងគ្រោះ​ស្ត្រី​វ័យ​ក្មេង​ទាំង​បី​នាក់ មាន ប៊ុន ចិន្តា នុត សុខន និង កែវ នា ដែល​នៅ​មាន​ការ​ឈឺ​ចាប់​លើ​មុខ​របួស ដោយសារ​គ្រាប់​កាំភ្លើង​នោះ​ប្រាកដ​ជា​នឹង​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្វាយរៀង ទៅ​បង្ហាញ​ខ្លួន​ដើម្បី​រក​យុត្តិធម៌។
កត្តា​ដែល​ជន​ជាប់​ចោទ ឈូក បណ្ឌិត ស្ថិត​នៅ​ក្រៅ​ឃុំ​មាន​សេរីភាព​ដើរ​ហើរ​តាម​ចិត្ត បន្ទាប់​ពី​តុលាការ​ចេញ​សេចក្តី​សម្រេច​ថា ជា​មនុស្ស​មាន​ទោស​នោះ បាន​ធ្វើ​ជន​រងគ្រោះ​ទាំង​បី​នាក់​មាន​ការ​ភិតភ័យ​អំពី​សុវត្ថិភាព​របស់​ខ្លួន៕