តើជនជាប់ចោទ ឈូក បណ្ឌិត អាចនឹងត្រូវសាលាឧទ្ធរណ៍កាត់អោយមានទោសឬទេ?កេរ្តិ៍ឈ្មោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទាំងមូលនាពេលនេះ កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សាលាឧទ្ធរណ៍ បន្ទាប់ពីជនជាប់ចោទ ឈូក បណ្ឌិត បានប្ដឹងទាស់សាលក្រមរបស់តុលាការខេត្តស្វាយរៀង។សំណុំរឿងព្រហ្មទណ្ឌរបស់ជនជាប់ចោទ ឈូក បណ្ឌិត ដែលកំពុងគេចខ្លួនផុតពីសំណាញ់ច្បាប់ ក៏បានជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលកម្ពុជា ដែរ។ រួចផុតពីសំណាញ់ច្បាប់ គឺដោយសារតែជនជាប់ចោទរូបនេះកំពុងស្ថិតនៅក្រៅឃុំ ពោលគឺមានសេរីភាពដូចមនុស្សគ្មានទោស បើទោះជាតុលាការខេត្តស្វាយរៀង បានចេញសាលក្រមអោយជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះ ពីបទបាញ់ប្រហារកម្មការិនីរោងចក្រកៅវ៉េ (Kaoway) បីនាក់ អោយរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅខណៈកម្មកររោងចក្រកំពុងធ្វើបាតុកម្មទាមទារអោយថៅកែរោងចក្រគោរពច្បាប់ការងារ។រស់នៅក្រៅឃុំដោយមានសេរីភាព ដែលជាការផ្គើនទៅនឹងសាលក្រមផ្ដន្ទាទោសរបស់សាលាដំបូងខេត្តស្វាយរៀង គឺដោយសារមានមន្ត្រីរដ្ឋាភិបាលថ្នាក់កំពូលកំពុងការពារ។
នេះ គឺជាអំពើនិទ្ទណ្ឌភាពដែលរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាកំពុងចិញ្ចឹមទុកផ្ទុយពីការអះអាងរបស់ខ្លួន ដែលតែងប្ដេជ្ញាថា កំពុងលើកស្ទួយនីតិរដ្ឋ។
មជ្ឈដ្ឋានជាតិ និងអន្តរជាតិ កំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ចំពោះសេចក្តីសម្រេច និងចំណាត់ការណាមួយរបស់សាលាឧទ្ធរណ៍ និងរដ្ឋាភិបាលកម្ពុជា ទៅលើជោគវាសនារបស់ជនជាប់ចោទ ឈូក បណ្ឌិត។
ជំនឿរបស់ពលរដ្ឋខ្មែរចំពោះតុលាការ អាចនឹងធ្លាក់ដល់កម្រិតសូន្យ ប្រសិនបើសាលាឧទ្ធរណ៍សម្រេចអោយជនជាប់ចោទ ឈូក បណ្ឌិត រួចខ្លួន។
តុលាការ គឺជាស្ថាប័នកំពូលតែមួយគត់ ដែលប្រទេសនីមួយៗរៀបចំបង្កើតឡើងសម្រាប់អនុវត្តច្បាប់ ដោះស្រាយទំនាស់ក្នុងសង្គម។ សេចក្តីសម្រេចណាមួយរបស់តុលាការ អាចធ្វើអោយសង្គមមានសុខសន្តិភាព ប៉ុន្តែក៏អាចធ្វើអោយសង្គមបែកបាក់ផងដែរ។
ក្នុងសង្គមមួយដែលពលរដ្ឋគ្មានភាពជឿជាក់លើតុលាការ ក្នុងការរកយុត្តិធម៌អោយពួកគេនោះ ភាពផុយស្រួយនៃអំពើហិង្សាក្នុងសង្គមនោះ ងាយនឹងកើតមានឡើង។ នៅពេលពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ពួកគេនឹងប្រើវិធីសាស្ត្រផ្ទាល់ខ្លួន ដើម្បីដោះស្រាយជម្លោះដែលកើតមានចំពោះខ្លួន។
ចំពោះសាលាឧទ្ធរណ៍ ករណីរបស់ លោក ឈូក បណ្ឌិត គឺជាការធ្វើតេស្ដសាកល្បងរបស់ប្រជាពលរដ្ឋខ្មែរ ថាតើស្ថាប័នរកយុត្តិធម៌មួយនេះនឹងឈរខាងអំណាចច្បាប់ ឬឈរខាងអំណាចបុគ្គល?
ចំពោះរដ្ឋាភិបាលកម្ពុជា វិញ ករណីរបស់ លោក ឈូក បណ្ឌិត ក៏ជាឱកាសបង្ហាញជំហររបស់ខ្លួន ថានឹងបន្តការពារជនល្មើសច្បាប់តទៅទៀត ឬត្រូវឆក់ឱកាសអាណត្តិថ្មីរបស់ខ្លួននាពេលនេះ ដើម្បីចាប់ផ្ដើមបញ្ចប់អំពើនិទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជា ពីពេលនេះទៅ។
ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ស៊ីជម្រៅនៅក្នុងអាណត្តិថ្មីនេះ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនាពេលថ្មីៗនេះ អាចបង្ហាញថា តើការប្ដេជ្ញាចិត្តនោះ មានភាពប្រាកដនិយមប៉ុណ្ណា? តេស្ដទីមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ជាក់ជូនមជ្ឈដ្ឋានជាតិ និងអន្តរជាតិ នោះ គឺសំណុំរឿងព្រហ្មទណ្ឌរបស់ លោក ឈូក បណ្ឌិត នេះឯង។ ការប្ដេជ្ញា ឬការសន្យារបស់ប្រមុខរដ្ឋាភិបាលទៅនឹងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ស៊ីជម្រៅ វានឹងគ្មានន័យអ្វីទាំងអស់ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់តេស្ដទី១នេះ។ នេះមិនមែនមានន័យថា ប្រមុខរដ្ឋាភិបាលដែលជាអង្គការនីតិប្រតិបត្តិ ត្រូវទៅបង្គាប់អោយតុលាការដាក់ទោសជនជាប់ចោទ ឈូក បណ្ឌិត នោះទេ ប៉ុន្តែតាមគោលការណ៍ច្បាប់ រដ្ឋាភិបាលដែលមានអំណាចនីតិប្រតិបត្តិ មិនអាចការពារបុគ្គលទាំងឡាយណាដែលអង្គតុលាការរកឃើញថា បានប្រព្រឹត្តអំពើខុសច្បាប់នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់សមាជិកគណៈរដ្ឋមន្ត្រីថ្មី ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋាភិបាលអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកឈប់ការពារមន្ត្រីប្រព្រឹត្តខុសច្បាប់ទៀតហើយនៅក្នុងអាណត្តិថ្មីនេះ។
នេះជាទ្រឹស្ដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសន្យាច្រើនណាស់ជាមួយពលរដ្ឋខ្មែរ ប៉ុន្តែការអនុវត្តអោយសម្រេចជាក់ស្តែង វាជាការសន្យាថ្វាយដំរី តែមែនទែន បានត្រឹមសែនកន្ទុយកណ្ដុរតែប៉ុណ្ណោះ។ តែគេនៅចាំមើលថា តើសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមអាណត្តិថ្មីនេះ អាចយកជាការបានដែរ ឬគ្រាន់តែនិយាយអោយពីរោះស្តាប់។
សហគមន៍ជាតិ និងអន្តរជាតិ កំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើសាលាឧទ្ធរណ៍។ នៅថ្ងៃច័ន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្អែកនេះ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើករណីជនជាប់ចោទ ឈូក បណ្ឌិត។
តើសាលាឧទ្ធរណ៍នឹងសម្រេចយ៉ាងណា?
បើយោងតាមសេចក្តីសម្រេចកន្លងមករបស់សាលាឧទ្ធរណ៍ ចំពោះសំណុំរឿងរបស់ជនជាប់ចោទ ឈូក បណ្ឌិត សាលដីការបស់សាលាឧទ្ធរណ៍នៅថ្ងៃច័ន្ទ ស្អែកនេះ ទំនងជានឹងតម្កល់សាលក្រមរបស់តុលាការខេត្តស្វាយរៀង។
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២ ចៅក្រមស៊ើបសួរតុលាការខេត្តស្វាយរៀង បានទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងទៅលើជនជាប់ចោទ ឈូក បណ្ឌិត បើទោះជាមានសាក្សីច្រើននាក់ និងភស្តុតាងដែលអាចបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ លោក ឈូក បណ្ឌិត ដែលពេលនោះជាអតីតអភិបាលក្រុងបាវិត ជាអ្នកបាញ់កម្មការិនីបីនាក់អោយរងរបួសក្តី។
ក្រោយពីចៅក្រមស៊ើបសួរនៃតុលាការខេត្តស្វាយរៀង ទម្លាក់ចោលការចោទប្រកាន់ជនរងគ្រោះ និងព្រះរាជអាជ្ញាបានប្ដឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ក៏បានបង្វិលសំណុំរឿងក្ដីក្ដាំអ្នកធំបាញ់កម្មករតូចតាចនេះ ទៅសាលាដំបូងខេត្តស្វាយរៀង វិញ ដោយបង្គាប់អោយបើកសវនាការជំនុំជម្រះ។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ក៏បានបើកសវនាការជំនុំជម្រះកំបាំងមុខ ហើយរកឃើញថា លោក ឈូក បណ្ឌិត មានទោសពីបទបង្ករបួសស្នាមដោយអចេតនា ហើយសម្រេចអោយជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ និងបានចេញដីកាអោយតាមចាប់ខ្លួនអតីតអភិបាលក្រុងបាវិត រូបនេះ។ ចំពោះអ្នកច្បាប់វិញ យល់ឃើញថា ទោសជាប់គុក ១ឆ្នាំកន្លះនេះ ជាទោសស្រាលបំផុត បើប្រៀបធៀបទៅនឹងអំពើប្រព្រឹត្ត។ ទោះជាយ៉ាងណា បើទោសស្រាលហើយក៏ស្រាលចុះ ធ្វើម៉េចបើតុលាការកាត់ហើយ ប៉ុន្តែអ្វីដែលស្ត្រីជនរងគ្រោះវ័យក្មេងទាំងបីនាក់ និងសាធារណជនភ្ញាក់ផ្អើលបំផុតនោះ គឺជនជាប់ចោទ ឈូក បណ្ឌិត មិនដែលត្រូវបានចាប់ខ្លួនដាក់ក្នុងពន្ធនាគារទេ ចាប់តាំងពីពេលចេញសាលក្រមថ្ងៃទី២៥ មិថុនា រហូតមកដល់ពេលនេះ។ អតីតអភិបាលក្រុងបាវិត ឈូក បណ្ឌិត នៅមានសេរីភាពដូចមនុស្សគ្មានប្រព្រឹត្តអ្វីខុស ដោយមានការការពារពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ មិនមានសេចក្តីក្លាហានដើរចូលទ្រុងសារិកា ប៉ុន្តែជនជាប់ចោទ ឈូក បណ្ឌិត ហ៊ានប្ដឹងឧទ្ធរណ៍ជំទាស់ទៅនឹងសាលក្រមសាលាដំបូងខេត្តស្វាយរៀង។
ទោះជាយ៉ាងណា បើយោងតាមការសម្រេចកន្លងមករបស់សាលាឧទ្ធរណ៍ តុលាការថ្នាក់កណ្ដាលមួយនេះទំនងជាសម្រេចអោយជនជាប់ចោទ ឈូក បណ្ឌិត មានទោសដូចការសម្រេចរបស់តុលាការខេត្តស្វាយរៀង ដែរ ពីព្រោះសាលាឧទ្ធរណ៍ធ្លាប់បានបង្វិលសំណុំរឿងមួយនេះទៅអោយតុលាការខេត្តស្វាយរៀង បង្គាប់អោយពិនិត្យមើលឡើងវិញ បន្ទាប់ពីចៅក្រមស៊ើបសួរនៃតុលាការនេះបានលើកលែងការចោទប្រកាន់ លោក ឈូក បណ្ឌិត។ ក៏ប៉ុន្តែ បើមានការជ្រៀតជ្រែកពីមន្ត្រីរដ្ឋាភិបាលទៅក្នុងកិច្ចការតុលាការ ឬសាលាឧទ្ធរណ៍ខ្លួនឯង មិនហ៊ានក្រោកការពារភាពឯករាជ្យរបស់ខ្លួន ដែលរដ្ឋធម្មនុញ្ញកម្ពុជា បានប្រគល់ជូននោះ លទ្ធផលអាចផ្សេងទៅវិញ។
ទោះជាយ៉ាងណា គេមិនរំពឹងថា ជនជាប់ចោទ ឈូក បណ្ឌិត ក្លាហានហ៊ានចេញទៅបង្ហាញវត្តមាននៅសាលាឧទ្ធរណ៍ក្នុងសវនាការថ្ងៃស្អែកនេះទេ។ សម្រាប់ជនរងគ្រោះស្ត្រីវ័យក្មេងទាំងបីនាក់ មាន ប៊ុន ចិន្តា នុត សុខន និង កែវ នា ដែលនៅមានការឈឺចាប់លើមុខរបួស ដោយសារគ្រាប់កាំភ្លើងនោះប្រាកដជានឹងធ្វើដំណើរពីខេត្តស្វាយរៀង ទៅបង្ហាញខ្លួនដើម្បីរកយុត្តិធម៌។
កត្តាដែលជនជាប់ចោទ ឈូក បណ្ឌិត ស្ថិតនៅក្រៅឃុំមានសេរីភាពដើរហើរតាមចិត្ត បន្ទាប់ពីតុលាការចេញសេចក្តីសម្រេចថា ជាមនុស្សមានទោសនោះ បានធ្វើជនរងគ្រោះទាំងបីនាក់មានការភិតភ័យអំពីសុវត្ថិភាពរបស់ខ្លួន៕