សញ្ញានៃបដិវត្តន៍ដីធ្លីបានស្តែងឡើងកាន់តែច្បាស់!



ដោយ ប៉ែន បូណា
ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ក្រុម​អ្នកភូមិ​ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រំលោភ​យកដី​ បាន​ផ្តើម​នាំគ្នា​បះបោរ​ប្រឆាំង​ក្រុមហ៊ុន​ទាំងនោះ។ ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​ ក៏បាន​ផ្ទុះ​ឡើង​ជាហូរហែ។ 
នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​បញ្ហា​ដីធ្លី​កំពុង​ទុំជោរ​ ហើយ​សញ្ញា​នៃ​បដិវត្តន៍​ដីធ្លី​ក៏បាន​បង្ហាញ​ឡើង​ដែរ។ ​នេះ​ក៏ជា​សញ្ញា​ដែល​បង្ហាញ​ថា​ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ជា​បន្ទាន់។
កាលពី​សប្តាហ៍​កន្លង​ទៅ​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ព្រែក​លាប​ ខណ្ឌ​ឬស្សីកែវ​ បាន​នាំគ្នា​បិទ​ផ្លូវ​ និង​ដុត​បំផ្លាញ​ត្រាក់ទ័រ​មួយ​គ្រឿង ​ព្រមទាំង​សម្ភារៈ​ជាច្រើន​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ប៉ុនប៉ង​កម្ទេច​ឈាបនដ្ឋាន​មួយ​កន្លែង​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ ​បន្ទាប់ពី​ហេតុការណ៍​អាក្រក់​នេះ​កើត​ឡើង​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ប្រញាប់​ប្រញាល់​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​ក្រុម​អ្នកភូមិ​វិញ។
នៅ​ថ្ងៃ​២៦​វិច្ឆិកា​ទៀត​ ក្រុម​អ្នកភូមិ​រលួស​ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ​ខេត្តកំពត​បាន​នាំគ្នា​ផ្អើល​ប្រឆាំង​ក្រុមហ៊ុន​ឯកជន​មួយ ​ស្ទើរតែ​ផ្ទុះ​អំពើ​ហិង្សា​ម្តងទៀត ​បន្ទាប់ពី​ពួកគេ​បាន​ឃើញ​ក្រុមហ៊ុន​នោះ​ដាក់​ប៉ុស្តិ៍​យាមយ៉ាង​រឹងមាំ​ នៅ​ចំណុច​ផ្លូវ​ចូលទៅ​ចម្ការ​របស់​ពួកគេ។ ​ការងើប​បះបោរ​នេះ​ក៏ព្រោះ​តែ​ក្រុម​អ្នកស្រុក​បារម្ភ​ថា ​ក្រុមហ៊ុន​ចង់​បិទផ្លូវ​មិនឲ្យ​ពួកគេ​ចេញ​ចូល​ទីនោះ​ទៀត។

ការងើប​បះបោរ​ការពារ​ដីស្រែ ​ចម្ការ​ ផ្ទះសម្បែង​ ពីសំណាក់​ជនរងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ដែល​ពេល​ខ្លះ​ប្រកប​ដោយ​អំពើ​ហិង្សា​ ​បាន​កើតឡើង​កាន់តែ​ស្រួចស្រាល់​ជាងមុន។ ​នេះស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ទំនាស់​ដីធ្លី​កំពុង​ក្លាយជា​បញ្ហា​ទុំជោរ​ និង​កាន់តែ​រសើប​ខ្លាំង​ឡើង​ជាលំដាប់។ ប្រសិន​បើ​គេ​និយាយ​ឲ្យ​ជ្រៅ​ជាង​នេះ វា​គឺជា​សញ្ញា​នៃ​បដិវត្តន៍​ដីធ្លី​នៅ​កម្ពុជា​យ៉ាង​ពិត​ប្រាកដ​ពីព្រោះ ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​លែង​ពឹង​លើ​ច្បាប់​ និង​លើ​អាជ្ញាធរ​ទៀត​ហើយ​ តែ​ពួកគេ​បែរ​មក​ពឹង​លើការតតាំង​ដោយ​ខ្លួន​ឯង​វិញ។

មាន​មូលហេតុ​សំខាន់​២​ដែល​អាច​ពន្យល់​បាន​ពី​ស្ថានភាព​នេះ​បាន៖ 

មូលហេតុទី១៖ ​មក​ពី​ពួកគេ​អស់​ជំនឿ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​និ​ងទៅ​លើ​តុលាការ។​ អស់​ជំនឿ​ពីព្រោះ​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​តុលាការ​ជាទូទៅ​ ច្រើន​តែ​ឈរ​នៅ​ខាង​ក្រុមហ៊ុន​ដែល​ជាអ្នក​មាន​លុយ។ ​ជាទូទៅ ​ក្រុម​អ្នកភូមិ​តែង​ចាញ់​ក្តី​ បើទោះ​ជា​ផ្ទះសម្បែង​និង​ដីស្រែ​ចម្ការ​របស់​ពួកគេ​ត្រូវបាន​ក្រុម​ហ៊ុន​រំលោភ​បំពាន​ក៏ដោយ។ ​ដូច្នេះ​ ជម្រើស​ចុងក្រោយ​គឺ​ត្រូវ​ការពារ​ដី​ស្រែ​ ចម្ការ​ និ​ងផ្ទះសម្បែង​ដោយ​ខ្លួន​ឯង។

មូលហេតុទី២៖​ ដីស្រែ​ចម្ការ​និង​ផ្ទះ​សម្បែង​គឺជា​ទ្រព្យសម្បត្តិ​ចុងក្រោយ​របស់​អ្នកក្រ។ ​ដូច្នេះ ប្រសិន​បើ​ពួកគេ​បាត់បង់​ទ្រព្យសម្បត្តិ​ចុងក្រោយ​នេះ​ទៀត​ គ្មាន​អ្វី​ដែល​នៅ​សេសសល់​ទៀត​ឡើយ​។ ​ក្នុង​បរិបទ​នេះ​ ចាំបាច់​ណាស់​ដែល​ពួកគេ​ត្រូវ​ងើប​ឡើង​ដើម្បី​ការពារ​ប្រភព​រស់​ចុងក្រោយ​របស់​ខ្លួន​ ដោយ​គ្មាន​គិត​អ្វី​ទាំង​អស់ ​ពីព្រោះ​វា​ជា​ស្ថានភាព​ទ័លច្រក​និង​ដល់​ក។

ការបណ្តែត​បណ្តោយ​ឲ្យ​វិបត្តិ​ដីធ្លី​អូស​បន្លាយ​គ្មាន​ទីបញ្ចប់​បែប​នេះ​ ក៏ពិត​ជា​មាន​មូលហេតុ​របស់​វាដែរ។​ មូលហេតុ​ដំបូង​គេ​ គឺ​មក​ពីការ​សម្រេច​ចិត្ត​ផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មិន​បាន​សិក្សា​ឲ្យ​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជុំវិញ។ ​មិន​បាន​សិក្សា​មក​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ទទួល​ផលប្រយោជន៍​ពីក្រុមហ៊ុន​ រួច​ហើយ​ពួកគេ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​នាយក​រដ្ឋមន្ត្រី​ឆាប់​ចុះ​ហត្ថលេខា​កាន់​តែ​លឿន​កាន់​តែ​ល្អ។

នៅ​ពេល​បាន​ទទួល​អាជ្ញាប័ណ្ណ​ហើយ​ ជាទូទៅ​ក្រុមហ៊ុន​ច្រើន​តែ​អាង​លើ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​នៅ​ពីក្រោយ។ ​ហេតុដូច្នេះ​ ពួកគេ​ក៏ហាក់​មាន​អារម្មណ៍​ថា ​ខ្លួន​អាច​ធ្វើ​អ្វី​ក៏បាន​តាម​ចិត្ត​រាប់​ទាំង​ការ​ឈូស​បំផ្លាញ​ផ្ទះ​អ្នកភូមិ ​សូម្បី​តែ​កន្លែង​បូជា​សព​ក៏មិន​លើក​លែង។

ជាការ​ពិត​ណាស់​ ស្ថានភាព​បែប​នេះ​មិនគួរ​នឹង​កើត​មាន​ទាល់តែ​សោះ​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​ជាតិ​កំពុង​អភិវឌ្ឍន៍។ ​តាម​ទ្រឹស្តី ​គេ​មិន​ដែល​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី​ផ្ទះសម្បែង​ និង​ធ្លាក់​ខ្លួន​ក្រ​ជាង​មុន​ទេ។ ​អភិវឌ្ឍន៍​វា​គួរតែ​ធ្វើ​ឡើង​ក្នុង​ន័យ​បែងចែក​ភាគផល​ដល់​មនុស្ស​គ្រប់គ្នា។ ​តាមពិត​ ក្រុម​អ្នកមាន​លុយ​គួរតែ​ជួយ​ដល់​អ្នកក្រ​ទៅវិញ​ទេ​ គឺមិន​មែន​មក​រឹប​អូស​ផ្ទះ​សម្បែង​ ដីស្រែ​ចម្ការ​ពីពួកគេ​ច្នេះឡើយ។

សរុប​មក​វិញ​ បញ្ហា​ដីធ្លី​កំពុង​ទុំជោរ​ហើយ។ ​លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ទទួល​ស្គាល់​ថា ​បដិវត្តន៍​ដីធ្លី​នៅ​កម្ពុជា​អាច​នឹង​កើត​ឡើង​ប្រសិន​បើ​បញ្ហា​នៅ​បន្ត​អូស​បន្លាយ។ ​ឥឡូ​វនេះ​ សញ្ញា​នៃ​បដិវត្តន៍​ដីធ្លី​បាន​បង្ហាញ​ជាបណ្តើរៗ​ហើយ។ ​ដូច្នេះ​ រដ្ឋាភិបាល​ពិត​ជា​គ្មាន​ពេល ​ដែល​ត្រូវ​អូស​បន្លាយ​ទៀត​ឡើយ។

​ប្រសិន​បើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ក្នុង អាណត្តិ​នេះ​ទេ​នោះ ផលវិបាក​សំខាន់​ពីរ​បាន​ស្តែង​យ៉ាង​ច្បាស់​ហើយ​នៅ​ចំពោះ​មុខ៖​ ទី១​ បដិវត្តន៍​ដីធ្លី​នឹង​ផ្ទុះ​ឡើង​គ្រប់​ទិសទី​ និង​ទី២​ ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ នឹង​បន្ត​ស្រុត​ចុះ​ថែម​ទៀត។​ ផលវិបាក​ទាំងពីរ​ជាសូរ​ជួង​អាសន្ន​ដែល​បញ្ជាក់​ថា​ បញ្ហា​ដីធ្លី​ត្រូវ​តែ​ដោះស្រាយ​បញ្ចប់​ជាដាច់​ខាត​ បើទោះ​ជា​ក្នុង​តម្លៃ​ណាក៏​ដោយ​ចុះ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors