Pages

Wednesday, November 6, 2013

គោលការណ៍​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​មិន​ទាន់​មាន​ក្នុង​ប្រពន្ធ័​យុត្តិធម៌​កម្ពុជា​

ដោយ ប៉ែន បូណាចំណាត់​ការ​របស់​តុលាការ​សាលាឧទ្ធរណ៍​ចំពោះ​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​និង​ករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា គឺ​ជា​សំណុំ​រឿង​ពីរ​ដែល​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​យ៉ាង​ល្អ​អំពី​ប្រពន្ធ័​យុត្តិធម៌​នៅ​កម្ពុជា។ ករណី​នេះ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​ការ​មិន​គោរព​គោលការណ៍​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នៅ​ក្នុង​អំណាច​តុលាការ។ទោះបីជា​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​បាន​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​យ៉ាងណាក៏ដោយ ក៏​គេ​មិន​ទាន់​សង្កេត​ឃើញ​មាន​ការ​ប្រែប្រួល​
ធំ​ដុំ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ឡើយ​ទេ
ស្តង់ដា​ពីរ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​នៅតែ​បង្ហាញ​ច្បាស់​ដដែល​រហូតមកទល់​ពេលនេះ។ មាន​សំណុំរឿង​ច្រើនណាស់​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ក្នុងនោះ​សំណុំរឿង​ពីរ​អាច​ឆ្លុះបញ្ចាំង​បាន​យ៉ាង​ល្អ​និង​យ៉ាង​ងាយស្រួល​បំផុត​អំពី​អត្ថិភាព​នៃ​ស្តង់ដារ​ពីរ​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា។
សំណុំរឿង​ទី១គឺ​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ជនជាប់ចោទ​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស និង​សំណុំរឿង​ទី​២ គឺ​ករណី​ស្ត្រី​បឹងកក់​អ្នកស្រី​យ៉ោ​ម បុប្ផា ជនជាប់ចោទ​ក្នុង​ការបង្ក​របួសស្នាម​ទៅលើ​អ្នករត់ម៉ូតូឌុប។ ដោយ​មិនចាំបាច់​ចូល​ជ្រៅ​ទៅក្នុង​អង្គហេតុ ហើយ​គ្រាន់តែ​ពិនិត្យមើល​សេចក្តីសម្រេច​របស់​តុលាការ គេ​អាច​មើលឃើញ​យ៉ាងច្បាស់​អំពី​យុត្តិធម៌​ខុសគ្នា​ក្នុង​ប្រព័ន្ធតុលាការ​តែមួយ។
លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដែល​ជាប់​ចោទថា​បាន​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស​នៅក្នុង​បាតុកម្ម​មួយ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១២ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ១៨ ខែ។ ចំណែក​អ្នកស្រី យ៉ោ​ម បុប្ផា ដែល​ជាប់ចោទ​ពីបទ​បង្ក​របួសស្នាម​ទៅលើ​អ្នករត់ម៉ូតូឌុប​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ៣ឆ្នាំ តែ​ក្រោយមក​សាលាឧទ្ធរណ៍​បាន​បន្ថយ​មក​នៅត្រឹម២ឆ្នាំ​វិញ។ ស្ត្រី​រស់ក្នុង​សហគមន៍​ក្រីក្រ​រូបនេះ​ត្រូវបាន​តុលា​ការចាប់​ដាក់ពន្ធនាគា​រ​ខណៈដែល​លោក ឈូក បណ្ឌិត ជា​មន្ត្រី​មានអំណាច និង​ខ្នងបង្អែក​កំពុងមាន​សេរីភាព​រហូតមក។
ឧទាហរណ៍​បែបនេះ​ក៏​មិនមែនជា​រឿង​កម្រ​នឹង​ឃើញ​នោះដែរ។ មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​បាន​កើតមាន​ប្រហាក់ប្រហែលគ្នា​និង​បានធ្វើ​ឲ្យ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ក្លាយជា​បង្អែក​របស់​អ្នកមាន​ប្រាក់​និង​មានអំណាច​តែ​វា​ជា​សម្ពាធ​សង្កត់​ទៅលើ​អ្នកក្រីក្រ​គ្មាន​ទីពឹង។
ជាការ​ពិតណាស់ យុត្តិធម៌​សង្គម​គឺជា​សេចក្តីត្រូវការ​ចាំបាច់​ស​ម្រា​ប់​មនុស្ស​គ្រប់គ្នា​មិន​ថា អ្នកមាន អ្នកក្រ អ្នកតូច​ឬ​អ្នកធំ​ឡើយ។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ គោលការណ៍​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​គឺជា​មូលដ្ឋានគ្រឹះ​មួយ​ដែល​គេ​ត្រូវគោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត ពោលគឺ​អ្នកប្រព្រឹត្ត​ខុសត្រូវ​ទទួលទោស​ដូចគ្នា​ដោយ​គ្មាន​លើកលែង។ តុលាការ​គឺជា​ស្ថាប័ន​ស្នូល​ក្នុងការ​រក្សា​គោលការណ៍​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់។
នៅពេលដែល​តុលាការ​មិនអាច​បំពេញ​តួនាទី​នេះ​បានល្អ អយុត្តិធម៌​សង្គម​នឹង​កើតមានឡើង ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​កាន់តែច្រើនឡើង។ មិន​ត្រឹមតែ​អ្នករងគ្រោះ​ដោយផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អ្នក​ស្រឡាញ់​យុត្តិធម៌​ទាំងឡាយ​ក៏​ចូលរួម​ឈឺឆ្អាល​ក្នុង​រឿងនេះ​ដែរ។ ដូច្នេះហើយ​បានជា​បន្តិចម្តងៗ កំហឹង​នឹង​ពូតផ្តុំ​គ្នា​ប្រៀបបាន​នឹង​កំទេច​ភ្លើងតូចៗផ្តុំគ្នា​ក្លាយជា​អគ្គិភ័យ​បាន​យ៉ាង​ដូច្នេះ​ដែរ។ ទីបំផុត ផលវិបាក​បាន​ធ្លាក់​ទៅលើ​រដ្ឋាភិបាល។
ការដាក់ចេញ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​តាំងពី​ច្រើន​ឆ្នាំ​មកហើយ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការយល់ដឹង​របស់​រដ្ឋា​ភិ​បាល​អំពី​គ្រោះថ្នាក់​នេះ។ ប៉ុន្តែ ដំណើរការ​ដ៏​យឺតយ៉ាវ​នៃ​កំណែទម្រង់​នេះ​មិនអាច​បញ្ចៀស​ផល​អាក្រក់​ទៅលើ​រដ្ឋាភិបាល​បានឡើយ។ លទ្ធផល​បោះឆ្នោត​ចុងក្រោយ​នេះ ពិត​ជាមាន​ចំណែក​សំខាន់​ណាស់​ចេញពី​ប្រព័ន្ធយុត្តិធម៌។
ដូច្នេះ ការអនុវត្ត​មិនបាន​នូវ​គោលការណ៍​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​នៅតែ​ជា​បញ្ហា​ធំធេង​មួយ​នៅឡើយ​ក្នុង​ប្រព​ន្ធ័​យុត្តិធម៌​កម្ពុជា។ ជាទូទៅ ស្តង់ដា​ពីរ​ខុសគ្នា​នៅតែ​បង្ហាញឡើង​យ៉ាងច្បាស់។ អ្នកមាន​ប្រាក់ និង​មានអំណាច​ឬ​មាន​ខ្នងបង្អែក​ច្រើនតែ​មានសំណាង​ជាង​អ្នកក្រីក្រ​គ្មាន​ទីពឹង​នៅក្នុង​ប្រព​ន្ធ័​យុត្តិធម៌។ ប្រហែលជា​មកពី​អំណោយផល​នេះហើយ​បានជា មកដល់​សម័យនេះ​ទៅហើយ នៅតែមាន​មន្ត្រី​សាធារណៈ​ដែលមាន​តួនាទី​ខ្ពង់ខ្ពស់​ហ៊ាន​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់ប្រហារ​ទៅលើ​ហ្វូងមនុស្ស​ដោយ​គ្មាន​ញញើត​ច្បាប់​អ្វី​បន្តិច​សោះ។ មូលហេតុ​គឺ​បណ្តាលមកពី​ពួកគេ​គិតថា អំណាច និង​ទឹកប្រាក់​អាចជួយ​ឲ្យ​ខ្លួន​រួច​ផុតពី​សំណាញ់​ច្បាប់​បាន។

ប៉ុន្តែ សូម​កុំភ្លេចថា ការអនុវត្ត​ស្តង់ដារ​ពីរ​នៅក្នុង​ប្រព​ន្ធ័​យុត្តិធម៌​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កំណែទម្រង់​ប្រព​ន្ធ័​យុត្តិធម៌​របស់​រដ្ឋាភិបាល​ដំណើរការ​ទៅមុខ​មិន​រួច​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ទាំងមូល​ទៀតផង។ ដូច្នេះ តើ​គេ​គួរ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​នេះ​កើតមាន​តទៅទៀត​ដែរឬទេ? នេះ​ជា​សំណួរ​ដែល​រដ្ឋាភិបាល និង​ជាពិសេស​មន្ត្រី​តុលា​ការគួរ​ពិចារណា​ជាបន្ទាន់៕

ប្រភព៖RFI