កាលពីថ្ងៃអង្គារទី២៦វិច្ឆិកាគណៈកម្មការសហគមន៍អឺរ៉ុប បានស្នើដល់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៨ប្រទេសកុំអនុញ្ញាតឲ្យមានការនាំត្រីចូលពីប្រទេសកម្ពុជានិងប្រទេសចំនួនពីរផ្សេងទៀតដូចជាប្រទេសបេលីហ្ស៍ និងប្រទេសហ្គីណេ។ មូលហេតុដោយសារប្រទេសកម្ពុជានិងប្រទេសនៃទ្វីបអាមេរិកកណ្តាល បេលីនិងប្រទេសអាហ្វ្រិកខាងលិច ហ្គីណេ បរាជ័យក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់។
លោកណៅ ធួក អគ្គនាយកនៃនាយកដ្ឋានជលផលរបស់ក្រសួងកសិកម្ម បានឲ្យដឹងថាប្រទេសកម្ពុជាមិនដែលនាំត្រីទៅកាន់បណ្តាប្រទេសអឺរ៉ុបនោះទេហើយការដាក់ទណ្ឌកម្មនេះគ្រាន់តែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនៃប្រទេសកម្ពុជាប៉ុណ្ណោះគឺមិនបានសម្តែងការពិតនោះទេ។
«វាប៉ះពាល់តែកិត្តិយសប្រទេសកម្ពុជាទេពីព្រោះប្រទេសកម្ពុជាមិនដែលនាំត្រីទៅកាន់អឺរ៉ុបទេដោយសារបែបបទនៅអឺរ៉ុបតឹងតែងពេក យើងមិនអាចនាំចូលបាន។ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជាដែលគេដាក់ចូលក្នុងបញ្ជីខ្មៅនេះ»។
យោងតាមលោកណៅ ធួក ប្រទេសកម្ពុជានាំផលត្រីរបស់ខ្លួនទៅកាន់ប្រទេសចំនួនដប់ដែលភាគច្រើនទៅកាន់បណ្តាប្រទេសអាស៊ីដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី ហុងកុង ចិន ជប៉ុន កូរ៉េខាងត្បូង ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសអូស្រា្តលី។
អ្នកនាំពាក្យគណៈកម្មការសហគមន៍អឺរ៉ុប និយាយថាប្រទេសកម្ពុជាបានបង្កភាពងាយស្រួលដល់ការនេសាទខុសច្បាប់«ដោយបានផ្តល់ទង់ជាតិរបស់ខ្លួនដល់ទូកនេសាទរបស់ប្រទេសដទៃទៀត»។ហើយប្រសិនបើសមាជិកសហភាពអឺរ៉ុបយល់ព្រមលើសំណើដាក់ទណ្ឌកម្មលើការនាំត្រីពីប្រទេសកម្ពុជា បែលីហ្ស៍និងហ្គីណេ ទណ្ឌកម្មនេះនឹងចូលជាធរមាននៅឆ្នាំ២០១៤។
លោកណៅ ធួក មានប្រសាសន៍បន្ថែមទៀតថាបម្រាមដែលស្នើដោយគណៈកម្មការសហគមន៍អឺរ៉ុប ផ្តោតលើការនេសាទសមុទ្រនិងក្នុងដែននេសាទអន្តរជាតិតែប៉ុណ្ណោះគឺមិនពាក់ព័ន្ធនឹងការនេសាទទឹកសាបទេ។
«យើងមិនដឹងធ្វើម៉េចទេព្រោះវាស្ថិតនៅក្រៅរង្វង់ទទួលខុសត្រូវរបស់យើង។នាវាបរទេសដោតទង់ជាតិកម្ពុជាហើយមិនស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានជលផលនៃក្រសួងកសិកម្មទេ។នៅក្នុងដែនសមុទ្រអន្តរជាតិដែលប្រព្រឹត្តឡើងដោយនាវាបរទេសដោតទង់ជាតិកម្ពុជាឯណោះទេ»។
សហភាពអឺរ៉ុបគឺជាទីផ្សារនៃអាហារសមុទ្រដ៏ធំរបស់ពិភពលោក។ហើយបរិមាណត្រីនេសាទខុសច្បាប់ក្នុងមួយឆ្នាំៗមានចន្លោះពី១១ទៅ១៦លានតោន។
បើតាមតួលេខផ្លូវការរបស់គណកម្មការសហគមន៍អឺរ៉ុប ការនាំផលនេសាទសមុទ្រដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា បេលីហ្ស៍និងប្រទេសហ្គីណេ មានទំហំមិនដល់១០លានអឺរ៉ូក្នុងមួយឆ្នាំឬច្រើនជាង១០លានដុល្លារអាមេរិកបន្តិចផ្ទុយទៅវិញបើតាមតួលេខពីប្រទេសទាំងនេះការនាំចេញផលនេសាទទៅកាន់សហភាពអឺរ៉ុបមានរហូតដល់ជាង២០០លានអឺរ៉ូឬប្រមាណ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ថ្វីបើមន្ត្រីផ្លូវការកម្ពុជាលើកពីការមិនជាប់ពាក់ព័ន្ធនឹងកម្ពុជាទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់គណកម្មការអឺរ៉ុបខាងលើក៏ដោយ ក៏លោកហួត ស៊ីណាត មន្ត្រីគម្រោងនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលដែលហៅកាត់ថាFACT បានឲ្យលើកពីការនេសាទខុសច្បាប់ជាច្រើនកើតនៅតាមបណ្តាខេត្តក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។ ខេត្តទាំងនោះរួមមានខេត្តកំពត កោះកុងនិងខេត្តព្រះសីហនុ។
លោកហួត ស៊ីណាត បញ្ជាក់ថាការនេសាទសមុទ្រខុសច្បាប់កើតឡើងជាពិសេសដោយការប្រើឧបករណ៍ខុសច្បាប់ ការកាប់បំផ្លាញព្រៃជម្រកត្រីនិងការលួចចូលនេសាទក្នុងដែនសមុទ្រកម្ពុជារបស់ជនជាតិវៀតណាម។
«បទល្មើសភាគច្រើនគឺទាក់ទងទៅនឹងអ្នកមានអំណាច ថៅកែមានឥទ្ធិពល។ជាទូទៅបទល្មើសដែលបង្រ្កាបបានហើយរួចទៅវិញ។ជាទូទៅគឺបទល្មើសទាក់ទងទៅនឹងការប្រើម៉ាស៊ីន»។
កាលពីឆ្នាំ២០១២កន្លងទៅផលនេសាទសមុទ្រ នេសាទទឹកសាប និងផលត្រីចិញ្ចឹម នៅប្រទេសកម្ពុជាសរុបជាង៧០០ ០០០ តោន៕
ប្រភព៖VOA Labels: ព័ត៌មានជាតិ