Pages

Friday, November 8, 2013

ដើរមិនទាន់សភាពការណ៍»ជាបញ្ហាខុសឆ្គងរបស់អ្នកដឹកនាំ!

ដោយ ប៉ែន បូណា
យុគសម័យ​សកលភាវូបនីយកម្ម ​និង​បច្ចេក​វិជ្ជា​ជឿនលឿន​ដូច​ជា​បច្ចុប្បន្ន​នេះ​ តម្រូវ​ឲ្យ​មនុស្ស​​គ្រប់​គ្នា​ជាពិសេស​អ្នកនយោបាយ ​និង​អ្នកដឹកនាំ​តែម្តង​តាមដាន​ព័ត៌មាន ​និង​ស្វែង​យល់​អំពី​ការវិវឌ្ឍ​នានា​ឲ្យ​បាន​ដិតដល់។
ការតាមទាន់​សភាពការណ៍​នេះ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ឆ្លើយតប​បាន​ទាន់​ពេលវេលា ​និង​មាន​ប្រសិទ្ធិភាព​ចំពោះ​សេចក្តី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ។ ​ គណបក្ស​ណា​ដែល​តាម​មិនទាន់​សភាពការណ៍​ទេ​ ហើយ​នៅ​តែ​ព្យាយាម​ប្រើ​មធ្យោបាយ​ចាស់​គម្រឹល​ក្នុង​ការដឹកនាំ​ នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​ផ្នែក​នយោបាយ​បាន​ឡើយ។ សេចក្តី​ត្រូវការ​របស់​មនុស្ស​មាន​ការវិវឌ្ឍ​ពី​ដំណាក់កាល​មួយ​ទៅ​មួយ​យ៉ាង​ ទៀងទាត់​ទៅ​តាម​ក្រឹត្យក្រម​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ជាតិ។ ​ជាក់ស្តែង ​កាលពី​សម័យ​ខ្មែរក្រហម​ មនុស្ស​ត្រូវការ​តែ​អាហារ​ដើម្បី​បំបាត់​ការ​ស្រេកឃ្លាន​និង​ដើម្បី​រស់​តែ​ ប៉ុណ្ណោះ។ ​កាលណោះ ​បំណង​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​គឺ​ការ​បន់ស្រន់​រក​អ្នកជួយ​ សង្គ្រោះ​ជីវិត​ពី​សេចក្តី​ស្លាប់ និង​អាច​ផ្តល់​អាហារ​ចម្អែត​ក្រពះ​ដល់​ខ្លួន​តែប៉ុណ្ណោះ។

ក្រោយ​ឆ្នាំ ​១៩៧៩​ ទាំង​អស់គ្នា​ត្រូវ​ការ​ហូប​ឆ្អែត​និង​មាន​លំនៅ​ដ្ឋាន​កម្មសិទ្ធិ​មួយ​ សម្រាប់​ជ្រក​កោន។ ​ជា​បន្តបន្ទាប់​ សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ​ក៏​ចេះ​តែ​វិវឌ្ឍន៍​ទៅ​មុខ​ឥត​ឈប់ឈរ​ ពោលគឺ​ត្រូវការ​ម្ហូប​ឆ្ងាញ់ ​សម្លៀក​បំពាក់​ស្អាត ​យានជំនិះ​ ពីកង់​ទៅ​ម៉ូតូ​និង​ពី​ម៉ូតូ​ទៅ​រថយន្ត និង​ត្រូវ​ការ​ផាសុកភាព​ក្នុង​ការរស់​នៅ​កាន់​តែ​ខ្លាំង។ ​ក្រៅពី​នោះ​ មនុស្ស​ត្រូវការ​សរីភាព និង​សិទ្ធិ​ផ្សេងៗ​ជាច្រើន​ទៀត។

បច្ចុប្បន្ន ​ អ្នកមាន​ និង​អ្នកធំ​មាន​ មាន​អ្វីៗ​ទាំង​នេះ​អស់​ហើយ។ ​ពួក​គេ​មាន​សេចក្តី​ត្រូវការ​លើស​ពី​នេះ​យ៉ាង​ឆ្ងាយ​ទៅ​ទៀត។ ​ប៉ុន្តែ​ នៅ​ឡើយ​តែ​អ្នកក្រ​មួយចំនួន​នៅ​តែ​តស៊ូ​ត្រឹមតែ​ដើម្បី​មាន​ផ្ទះ​សម្បែង​ ជ្រកកោន និង​មាន​ម្ហូប​អាហារ​បរិភោគ​គ្រប់គ្រាន់​នៅ​ឡើយ។

យ៉ាងណា​ក៏ដោយ ​សង្គម​សម្ភារៈនិយម​បាន​បង្ខំ​ឲ្យ​មនុស្ស​គ្រប់គ្នា​រាប់ទាំង​អ្នកក្រ​ផង​ ដែរ​មាន​តម្រូវការ​ជីវភាព​សមរម្យ​ដើម្បី​អាច​ចូល​ចុះ​ក្នុង​សង្គម។​ ក្រៅពី​ជីវភាព​ប្រចាំថ្ងៃ ​មនុស្ស​គ្រប់​គ្នា​មាន​កាតព្វកិច្ច​សង្គម​ជាច្រើន​ទៀត​ដូច​ជា ​ចំណាយ​ទៅ​លើ​ពិធីបុណ្យ ​អាពាហ៍ពិពាហ៍ ​សម្លៀក​បំពាក់ ​និង​យានយន្ត​ធ្វើ​ដំណើរ​ជាដើម។

​ដូច្នេះ ​ការបំពេញ​តម្រូវការ​របស់​ពលរដ្ឋ​តាម​រយៈការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ អ្នកក្រីក្រ​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​និង​ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​ រាជការ​ គ្រូបង្រៀន ​ទាហាន​ ប៉ូលិស​ ឲ្យ​បាន​សមរម្យ​ទៅ​នឹង​សេចក្តី​ត្រូវការ​ គឺជា​កាតព្វកិច្ច​របស់​អ្នកគ្រប់គ្រង​រដ្ឋ។

ការបណ្តោយ​ទុក​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​សភាព​ខ្វះខាត​គឺជា​កំហុស​ឆ្គង​ឬ​ អសមត្ថភាព​របស់​អ្នកដឹកនាំ។ ​រីឯ​ការលើក​យក​របប​ខ្មែរក្រហម​មក​ប្រៀបធៀប​គឺជា​ចម្រៀង​ឥតន័យ​ពីព្រោះ​វា​ មានន័យថា​ជា​ការដើរ​យឺត​ជាង​សភាពការណ៍​ពី​២០​ទៅ​៣០​ឆ្នាំ​នោះឡើយ។

ម្យ៉ាងទៀត ​សម័យ​នេះ​ បើទោះ​បី​ជា​នៅ​មាន​អ្នកក្រ​ច្រើន​នៅ​ឡើយ ​ក៏​ផ្នត់​គំនិត​មនុស្ស​ផ្លាស់​ប្តូរ​មិន​ដូច​ពីមុន​ដែរ។​ បើ​សិន​មនុស្ស​គ្រប់​គ្នា​មាន​ជីវភាព​ក្រីក្រ​ប្រហាក់​ប្រហែល​គ្នា​វា​មិន​ ថ្វី​ទេ ប៉ុន្តែ គម្លាត​ខុស​គ្នា​ឆ្ងាយេ​ពេក​រវាង​អ្នក​មាន​និង​អ្នកក្រ​បាន​ក្លាយជា​បញ្ហា​ ដែល​ពិបាក​នឹង​លើក​ហេតុផល​មក​ពន្យល់។ ​

ជាក់ស្តែង​ រដ្ឋាភិបាល​អាច​លើក​ហេតុផល​ថា​ គេ​មិន​អាច​ដំឡើង​ប្រាក់​ខែ​មន្ត្រីរាជការ​ឲ្យ​បាន​ច្រើន​ពីព្រោះ​តែ​ រដ្ឋគ្មាន​ថវិកា។ ហេតុផល​នេះ​ទំនង​ជា​អាច​យល់​បាន​ប្រសិន​បើ​អ្នកបម្រើ​រាជការ​ទាំងអស់​មាន​ ជីវភាព​ប្រហាក់​ប្រហែល​គ្នា។ ​ប៉ុន្តែ​ ហេតុអ្វី​បាន​ជា​រដ្ឋ​គ្មាន​ថវិកា​ បែរ​ជា​មន្ត្រីរាជការ​ដែល​មានតួនាទី​សំខាន់ៗ​​មាន​ជីវភាព​ហ៊ឺហារ​និង​ ស្តុកស្តម្ភ​ខ្លាំង​ម្ល៉េះ? ​

សំណួរ​នេះ​នឹង​កើត​ឡើង​ជាស្វ័យប្រវត្តិ ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ការពន្យល់​ហេតុផល​របស់​រដ្ឋាភិបាល​ក្លាយជា​គ្មាន​ន័យ។ ​ក្នុង​ន័យ​នេះ ​គេ​ត្រូវ​ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ជាជាង​ ការព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​យល់​ហេតុផល​ដែល​ពិបាក​នឹង​ទទួល។

ក្រៅពី​ជីវភាព​ នៅ​មាន​បញ្ហា​ច្រើន​យ៉ាង​ណាស់​ដែល​មន្ត្រីរដ្ឋាភិបាល ​និង​អាជ្ញាធរ​ ក្នុង​ឋានៈជា​អ្នកដឹកនាំ​ត្រូវ​តាម​ឲ្យ​ទាន់​សភាពការណ៍។ ​ជាក់ស្តែង​ របៀប​ដឹកនាំ​និង​គ្រប់គ្រង​បែប​ប្រើ​អំណាច ​គំរាមកំហែង​ គាបសង្កត់​ ជារឿង​ហួស​សម័យ។ ​ការព្យាយាម​បិទ​ខ្ទប់​ព័ត៌មាន​មិន​ឲ្យ​ចេញ​មក​ខាងក្រៅ​មិន​អាច​ទៅ​រួច​ទៀត​ ឡើយ​ក្នុង​យុគសម័យ​ដែល​សារព័ត៌មាន​កំពុង​មាន​ឥទ្ធិពល។

​រីឯការ​កែប្រែ​រឿង​ស​ឲ្យ​ទៅ​ជា​ខ្មៅ ​ឬ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជា​ស​ក៏ពិត​ជា​មិន​អាច​លាក់បាំង​ពី​ភ្នែក​មហាជន​បាន​ទៀត ​ដែរ​ពីព្រោះ​ល្បែង​ឆ្ពិន​ភ្នែក​លែង​ជា​រឿង​អស្ចារ្យ​ទៀត​ហើយ​សម្រាប់​ មនុស្ស​សម័យ​នេះ​។

សរុប​មក​វិញ​ ពី​ពេល​នេះ​តទៅ ​មិន​មែន​ជា​ពេល​វេលា​ដែល​ត្រូវ​កាត់​ក្បាល​តម្រូវ​តាម​មួក​ទេ​ តែ​ជា​ពេល​ដែល​ត្រូវ​កាត់មួក​តម្រូវ​តាម​ក្បាល ​យ៉ាង​ណា​មិញ​ អំណឹះ​តទៅ ​អ្នកដឹកនាំ​ត្រូវ​ខិតខំ​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ ប្រជាពលរដ្ឋ​ តែ​មិន​មែន​តម្រូវ​ឲ្យ​ពលរដ្ឋ​ជឿ​និង​ធ្វើតាម​អ្វី​ខ្លួន​ចង់​បាន​នោះឡើយ។​ អ្នកដែល​ក្តាប់​សភាព​ការណ៍​បាន​ល្អ ​ឆ្លើយ​តប​បាន​ត្រឹម​ត្រូវ​និង​ឆាប់​រហ័ស​គឺជា​អ្នកឈ្នះ។​

រីឯ​អ្នក​នយោបាយ​ឬ​អ្នកដឹកនាំ​ទាំងឡាយ​ណា​ដែល​ដើរ​មិន​ទាន់​សភាពការណ៍​នេះ​ ច្បាស់​ជា​ត្រូវ​គេ​ផាត់​ចោល​ពី​សង្វៀន​ជា​មិនខាន។​ នេះ​គឺ​ជា​ក្រឹត្យ​ក្រម​សត្យានុម័ត​ដែល​មិន​អាច​បដិសេធ​បាន៕

ប្រភព៖RFI