បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួបកង​ទ័ព​នៅ​ប្រាសាទ​ព្រះ​វិហារ​



ដោយ ស៊ុន មេសា
គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​ទៅ​ចុះ​ជួប​កងទ័ព​ប្រចាំ​តំបន់​ប្រាសាទព្រះវិហារ​ ​ក្នុង​ខែធ្នូ​ខាងមុខ។ ការចុះ​ជួប​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​​ជាបន្តបន្ទាប់​​របស់​គណបក្សប្រឆាំង​ ក្រោយ​បាតុកម្ម​ថ្ងៃទី១០ធ្នូ​ នៅ​ខេត្ត​សៀមរាប។ ​​
ប៉ុន្តែ មេបញ្ជាការ​​កងទ័ព​តំបន់​ប្រសាទ​ព្រះវិហារ មិនទាន់​ទទួលបាន​ដំណឹង​ពី​ការ​ទស្សនកិច្ច​នេះ​ទេ។គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ដំណើរ​ទស្សនកិច្ច​បន្តបន្ទាប់​មួយ ​​ទៅកាន់​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃទី១១ ធ្នូ​ខាងមុខ មុន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី១៥ធ្នូ។ អ្នកនាំពាក្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញា​ឫទ្ធិ បានឱ្យដឹងថា​ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​​កងទ័ព និង​ពិនិត្យ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ផងដែរ។ តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​តុលាកា​រយុត្តិធម៌​អន្តរជាតិ ​បាន​កាត់​ឱ្យនៅ​ក្រោម​ដែន​អធិបតេយ្យភាព​​របស់​កម្ពុជា។

គួររំលឹកថា ​ដំណើរ​ទស្សនកិច្ច​នេះ កើតឡើង​ខណៈ​ស្ថាន​ការ​នៅ​ប្រាសាទ​ព្រះវិហារ​នៅមាន​ភាព​តានតឹង​នៅឡើយ។ តានតឹង​ព្រោះថា ​ភាគី​ថៃ​ដែល​កំពុងមាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​នោះ មិនទាន់​អនុវត្ត​ដក​កងទ័ព​ចេញពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក្រោយ​ការបកស្រាយ​សាលក្រម​របស់​តុលាកា​អន្តរជាតិ ទីក្រុង​ឡាអេ ​កាលពី​ថ្ងៃទី១១ វិច្ឆិកា​នៅឡើយ​នោះទេ។

យ៉ាងណាក៏ដោយ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មិនបាន​បញ្ជាក់​លំអិត​ពី​កម្មវិធី​ទៅ​ជួប​សួរ​សុខ​ទុក្ខ​កងទ័ព​នោះទេ។ មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនី​យ ​ស្រី ​ដឹក បាន​អះអាងថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នៃ​ការ​មក​ទស្សនា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​នោះទេ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ក្រោយ​ធ្វើ​មហា​បាតុកម្ម​នៅ​ខេត្តសៀមរាប និង​សួរសុខទុក្ខ​កងទ័ព​នៅ​តំបន់​ព្រំដែន គណបក្សប្រឆាំង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹងធ្វើ​ដំណើរ​ទៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្តកំពង់ធំ​ នៅ​ថ្ងៃទី១២ធ្នូ​ខាងមុខនេះ។ ដំណើ​រទៅកាន់​តំបន់​ព្រៃ​ឡង់​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​លោក​យ៉ែម បុញ្ញឫទ្ធិ​ដដែល បាន​អះអាងថា​ ជាការ​លើកទឹកចិត្ត ដល់​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​ការការពារ​ព្រៃឈើ។ សូមបញ្ជាក់ថា ដំណើរ​ទៅកាន់​ខេត្តសៀមរាប ព្រះវិហារ និង​ខេត្តកំពង់ធំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​បន្តបន្ទាប់​គ្នា​មួយ មុន​ការធ្វើ​បាតុកម្ម​រៀងរាល់​សប្តាហ៍​ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​​យុត្តិធម៌​នៃ​ការបោះឆ្នោត៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors