អារ៉ាប៊ីសាអ៊ូឌីត ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរស៍មិនសប្បាយចិត្តនឹងនយោបាយការបរទេសរបស់ លោកអូបាម៉ា នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ស៊ីរី៖ អារ៉ាប៊ីសាអ៊ូឌីតគាំទ្រក្រុមប្រឆាំងស៊ីរី ហើយមិនចង់ឃើញលោកបាស្ហាអាល់អាសាដ នៅបន្តកាន់អំណាចនៅស៊ីរីតទៅទៀតទេ ពីព្រោះ លោកអាសាដ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ គឺជាសត្រូវធំបំផុតរបស់អារ៉ាប៊ីសាអ៊ូឌីត។ តាំងពីផ្ទុះសង្រ្គាមស៊ីវិលនៅស៊ីរីមក អារ៉ាប៊ីសាអ៊ូឌីតតែងតែកើតរឿងមិនសប្បាយចិត្តនឹងអាមេរិក ដោយសារតែអាមេរិកចេះតែរារែកអល់អែកមិនចង់បញ្ជូនគ្រឿងសព្វាវុធទៅ ជួយក្រុមឧទ្ទាមស៊ីរី។ រឿងដែលធ្វើឲ្យអារ៉ាប៊ីសាអ៊ូឌីតផ្ទុះកំហឹងកាន់តែខ្លាំង គឺនៅពេលឃើញលោកអូបាម៉ាផ្លាស់ប្តូរជំហរជុំវិញការធ្វើអន្តរាគមន៍ យោធានៅស៊ីរី។ ពីដំបូង ក្រោយពីមានព័ត៌មានពីការប្រើអាវុធគីមី លោកអូបាម៉ាបានគំរាមថានឹងធ្វើការវាយប្រហារដោយប្រើមីស៊ីលទៅលើ ទីតាំងយោធាសំខាន់ៗរបស់លោកអាសាដ។ ក៏ប៉ុន្តែ ក្រោយមកក៏ស្រាប់តែប្តូរជំហរ ១៨០អង្សារ លុបចោលផែនការធ្វើអន្តរាគមន៍យោធានៅស៊ីរីនេះវិញ ដោយថែមទាំងទៅសហការជាមួយរុស្ស៊ី ចុះកិច្ចព្រមព្រៀងកម្ទេចអាវុធគីមីនៅស៊ីរី។
អ៊ីរ៉ង់៖ អ៊ីរ៉ង់ គឺជាគូប្រជែងធំបំផុតរបស់អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ខាងផ្នែកសាសនា អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសនាំមុខក្នុងក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុនីត ចំណែកអ៊ីរ៉ង់វិញនាំមុខខាងនិកាយស្ហ៊ីអ៊ីត។ ខាងផ្នែកភូមិសាស្រ្តនយោបាយ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ ប្រជែងដណ្តើមឥទ្ធិពលគ្នា ដើម្បីធ្វើជាមហាអំណាចក្នុងតំបន់។ ភាពជាគូសត្រូវជាមួយនឹងអ៊ីរ៉ង់នេះហើយ ដែលជាកត្តាដ៏ចម្បងមួយ ជំរុញឲ្យអារ៉ាប៊ីសាអ៊ូឌីតចងសម្ព័ន្ធភាពជាមួយអាមេរិក។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីអ៊ីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី គឺលោកហាសាន់ រ៉ូហានី អារ៉ាប៊ីសាអ៊ូឌីតមិនសប្បាយចិត្តនឹងការណ៍ដែលលោកអូបាម៉ាបន្ទន់ជំហរ ដាក់អ៊ីរ៉ង់។
វិបត្តិនៅអេហ្ស៊ីប៖ អារ៉ាប៊ីសាអ៊ូឌីតគាំទ្រមេដឹកនាំយោធា ក៏ប៉ុន្តែ លោកអូបាម៉ាជំទាស់នឹងការធ្វើរដ្ឋប្រហារទម្លាក់លោកម៉រស៊ី រហូតដល់ផ្តាច់ជំនួយពីអេហ្ស៊ីប។
ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៖ អារ៉ាប៊ីសាអ៊ូឌីតយល់ថា លោកអូបាម៉ាគ្មានសមត្ថភាព ឬគ្មានឆន្ទៈ ក្នុងការដាក់សម្ពាធទៅលើរដ្ឋាភិបាលអ៊ីស្រាអែលឲ្យបញ្ឈប់ការពង្រីក អាណានិគមលើទឹកដីប៉ាឡេស្ទីន ដើម្បីបើកផ្លូវឲ្យមានការចរចាសន្តិភាព។
នយោបាយការបរទេសរបស់លោកអូបាម៉ានៅអាស៊ី៖ ការបង្វែរអាទិភាព ទៅកាន់តំបន់អាស៊ី ក្នុងនយោបាយការបរទេសរបស់លោកអូបាម៉ាធ្វើឲ្យអារ៉ាប៊ីសាអ៊ូឌីតបារម្ភ ថា អាមេរិកនឹងលែងយកចិត្តទុកដាក់លើតំបន់មជ្ឈិមបូព៌ាដូចមុនទៀត។
អារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញពីការមិនសប្បាយចិត្តចំពោះសហរដ្ឋអាមេរិក តាមរយៈការធ្វើពហិការមិនចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សា សន្តិសុខអ.ស.ប។ ជាផ្លូវការ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតពន្យល់ថា ការបដិសេធមិនចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាសន្តិសុខនេះ គឺដើម្បីបង្ហាញពីការមិនសប្បាយចិត្ត ដែលក្រុមប្រឹក្សាសន្តិសុខមិនអាចដោះស្រាយវិបត្តិស៊ីរីបាន។ ក៏ប៉ុន្តែ មន្រ្តីជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីតបានប្រាប់កាសែតអាមេរិកថា តាមការពិត គោលដៅសំខាន់បំផុតនៃការធ្វើពហិការក្រុមប្រឹក្សាសន្តិសុខនេះ គឺអារ៉ាប៊ីសាអ៊ូឌីតចង់បង្ហាញពីការមិនសប្បាយចិត្តនេះនឹងជំហររបស់ លោកអូបាម៉ាចំពោះវិបត្តិនៅស៊ីរី។
កាលពីថ្ងៃអាទិត្យម្សិលមិញ មុននឹងចេញពីអេហ្ស៊ីប ទៅអារ៉ាប៊ីសាអ៊ូឌីត លោកចន ឃែរី បានប្រកាសថា ចំពោះវិបត្តិស៊ីរី អាមេរិកនៅតែប្រកាន់ជំហរដដែល គឺចង់ដោះស្រាយជម្លោះ ដោយបង្កើតជារដ្ឋាភិបាលអន្តរកាលមួយ ដែលគ្មានលោកបាស្ហា អាល់អាសាដ។ លោកចន ឃែរី ក៏បានព្យាយាមរំងាប់ក្តីបារម្ភរបស់អារ៉ាប៊ីសាអ៊ូឌីតផងដែរ ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ ដោយបានប្រកាសថា អាមេរិកនៅតែយកចិត្តទុកដាក់ចំពោះសន្តិសុខរបស់អារ៉ាប៊ីសាអ៊ូឌីត។ អារ៉ាប៊ីសាអ៊ូឌីតគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិក ហើយអាមេរិកនឹងមិនឱបដៃឈរមើលអារ៉ាប៊ីសាអ៊ូឌីតត្រូវទទួលរងនូវការ វាយប្រហារពីសំណាក់ប្រទេសក្រៅណាមួយទេ៕
ប្រភព៖RFI
Labels: ព័ត៌មានអន្តរជាតិ