ភ្នំពេញ៖ ប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកខ្ពស់ឈរក្នុងលំដាប់ថ្នាក់លេខ៤ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ប៉ុន្តែនៅពុំមានតួលេខពិតប្រាកដនោះទេ។ ចំណែកឯជំងឺមហារីកមាត់ស្បូននិងជំងឺមហារីកថ្លើមលើបុរសឈរលំដាប់ថ្នាក់លេខ១។ នេះបើតាមការអះអាងរបស់មន្ត្រីជំនាញនៃជំងឺមហារីក។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថាការយល់ដឹងផ្នែកជំងឺមហារីករបស់ប្រជាពលរដ្ឋមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពជំងឺនេះដែលជាហេតុបណ្តាលឱ្យអ្នកជំងឺមហារីកប្រមាណជា៧២ភាគរយមកមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពិបាកក្នុងការជួយសង្គ្រោះ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថាភាគច្រើនអ្នកកើតជំងឺមហារីកក្នុងប្រទេសកម្ពុជាមានអាយុក្មេងជាងប្រទេសជិតខាងហើយយ៉ាងហោចណាស់ក្នុង១ឆ្នាំមានអ្នកកើតជំងឺមហារីកប្រមាណជា៤.០០០នាក់បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។
«អីចឹងបើយើងមើលតួរលេខហ្នឹង យើងឃើញថាប្រជាជនកម្ពុជាយើងកំពុងតែ ប្រឈមមុខនឹងការកើតជំងឺមហារីកហ្នឹង គួរឲ្យព្រួយបារម្ភដែរ។ អីចឹងមើលទៅកម្រិតនៃការយល់ដឹងរបស់ប្រជាជនយើងទាក់ទងនឹងជំងឺមហារីកនេះគឺថាឥឡូវនេះគឺវាមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជំងឺមហារីកបច្ចុប្បន្នហ្នឹងទេ។ ឥឡូវហ្នឹងគឺថាយើងសង្កេតឃើញថាអ្នកជំងឺមហារីកដែលមករកសេវាព្យាបាលនៅមន្ទីរពេទ្យហ្នឹងគឺថាគាត់មកដល់នៅមន្ទីរពេទ្យហ្នឹងនៅដំណាក់កាលធ្ងន់ធ្ងរហើយ»។
មន្ទីរពេទ្យកាល់ម៉ែត្រកំពុងរៀបចំបំពាក់ម៉ាស៊ីនព្យាបាលជំងឺមហារីកដ៏ទំនើបដូចបណ្តាប្រទេសជឿនលឿនមួយចំនួន។
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាមន្ទីរពេទ្យតែ១គត់ក្នុងប្រទេសកម្ពុជាដែលមានការព្យាបាលជំងឺមហារីកដោយការបញ្ចាំងកាំរស្មីចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៣មក។
ជារៀងរាល់ថ្ងៃមានអ្នកកើតជំងឺមហារីកគ្រប់វ័យមកពីគ្រប់ទិសទីតែងតែមកអង្គុយរង់ចាំដើម្បីទទួលការពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ នៅក្នុងចំណោមអ្នកកើតជំងឺមហារីកទាំងនោះក៏មានកូនក្មេងដែលនៅមិនទាន់ចេះនិយាយនិងដើរផងដែរ។ កុមារទាំងនោះភាគច្រើនកើតមហារីកសួតនិងតម្រងនោម។
លោកវេជ្ជបណ្ឌិត គួយ សំណាង ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានមានប្រសាសន៍ថាកត្តាតំណពូជ បរិដ្ឋាន អនាម័យ ចំណីអាហារ ការបណ្តុំរបស់ក្រូម៉ូសូម ខុសប្រក្រតីសុទ្ធតែជាកត្តាជំរុញឱ្យកើតមានជំងឺមហារីកនេះ។
លោកបានបញ្ជាក់ថាដើម្បីឱ្យជៀសផុតពីការប្រឈមមុខខ្ពស់ពីការស្លាប់ដោយសារជំងឺមហារីកប្រជាពលរដ្ឋត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់និងនៅពេលមានរោគសញ្ញាសង្ស័យណាមួយ ពីព្រោះជំងឺមហារីកអាចសង្ឃឹមព្យាបាលបានជាជាង៩០ភាគរយនៅក្នុងដំណាក់កាលទី១។
«ប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការយល់ដឹងទាក់ទងជាមួយនឹងសុខភាពរបស់ខ្លួនផ្ទាល់ ទី១ប្រាកដអនាម័យហើយ អនាម័យតាំងពីចំណីអាហារ។ បើសិនជាវាកើតហើយធ្វើដូចម្តេច
រកឃើញនៅដំណាក់កាលដំបូង។ នេះគឺជាការយល់ដឹងរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាហើយដែលត្រូវតែខំប្រឹងស្តាប់ការអប់រំអីចឹងដើម្បីជៀសវាងការប្រឈមរបស់យើងគឺមានតែយើងទៅរក
សេវាណាដែលមានជំនាញពិតប្រាកដ ឱ្យគាត់ពិនិត្យមើល នៅពេលនោះដែលយើងអាចរកឃើញជំងឺមហារីកនោះនៅដំណាក់កាលដំបូងហើយយើងអាចជួយអ្នកជំងឺនោះជាបាន»។
អ្នកជំងឺមហារីកដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតភាគច្រើនមិនបានដឹងថាអ្វីទៅជាជំងឺមហារីកនោះទេនៅមុនពេលគាត់កើតជំងឺនេះហើយអ្នកខ្លះទៀតក៏នៅតែមិនទាន់ដឹងថាខ្លួនមានជំងឺមហារីកដែរគឺពួកគាត់គ្រាន់តែដឹងថាមានដុះសាច់កាចតែប៉ុណ្ណោះ។
អ្នកស្រី ហួយ សេង អាយុ៤៨ឆ្នាំមកពីខេត្តកំពង់ចាមបានមកសម្រាកព្យាបាលជំងឺមហារីកដោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតអស់រយៈពេលជិត២ខែកន្លងមកនេះបានឱ្យដឹងថាគាត់មិនដែលបានដឹងថាមានជំងឺមហារីកអាចបណ្តាលធ្វើឱ្យដោះខាងឆ្វេងរបស់គាត់ដំបៅរីករាលដាលឈឺចាប់ជាខ្លាំងបែបនេះនោះទេ។
«ឥតមានចាប់អារម្មណ៍សោះព្រោះដឹងថាជាដុំគីសហ្នឹង ឥតមានដឹងថាអាហ្នឹងវារីកយ៉ាងណា។ អត់ដឹងហ្នឹងហើយ គ្រូអើយ! បើដឹងមិនទុកដល់ប៉ុណ្ណឹងទេ។ ខ្ញុំមិនដឹងថាជំងឺមហារីក ហ្នឹង តើវាកាចប៉ុណ្ណា វាលោតប៉ុណ្ណា។ វាមិនដឹង។ សោកស្តាយណាស់ ស្តាយខ្លួន ស្តាយជីវិតណាស់ ស្តាយមិនដឹងយល់ អត់ដឹងថាដូចគ្មានអ្នកណាពន្យល់យើងឲ្យចេះដឹង»។
ចំណែកឯលោក កេត ហុង អាយុ៤៩ឆ្នាំមកពីខេត្តកំពតកំពុងសម្រាកព្យាបាលមានដំបៅមហារីកលើគូទរបស់គាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងដែរថាគាត់មិនមានជំងឺមហារីកនោះទេគឺគ្រាន់តែមានសាច់កាចតែប៉ុណ្ណោះ។
«ពេទ្យគ្រាន់តែថាយើងសាច់កាច ឲ្យយើងបាញ់កាំរស្មី និងចាក់គីមី។ ធ្លាប់លឺតែគេ និយាយថាជំងឺមហារីកៗ ប៉ុន្តែមិនដែលធ្លាប់ជួបប្រទះអីចឹង»។
ជាមួយគ្នានេះដែរអ្នកស្រី សួស ណារី កំពុងអង្គុយនៅមុខបន្ទប់គ្រូពេទ្យក្នុងមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀតជាមួយកូនរបស់គាត់ដើម្បីរង់ចាំចូលពិនិត្យនិងពិភាក្សាជាមួយគ្រូពេទ្យ។
អ្នកស្រីបានឱ្យដឹងថាកូនរបស់គាត់មានអាយុ១៩ឆ្នាំបានកើតជំងឺមហារីកនៅបំពង់កហើយគាត់បានព្យាបាលកូនរបស់គាត់អស់រយៈពេល២ឆ្នាំកន្លងមកហើយតែមិនដឹងថាកូនរបស់គាត់កើតជំងឺមហារីកនោះទេដូច្នេះគាត់បានចំណាយលុយឥតប្រយោជន៍ជាច្រើនទៅលើការព្យាបាលនេះ។
អ្នកស្រីបានឱ្យដឹងបន្ថែមថាទំរាំតែដឹងថាកូនរបស់គាត់មានជំងឺមហារីកគាត់ត្រូវលក់ផ្ទះនិងខ្ចីលុយគេសម្រាប់ធ្វើការព្យាបាលនេះ។
«ដឹងថាសាច់កាច អត់ដឹងមហារីក។ គ្រាន់ថាខ្ញុំចាក់តាមគ្លីនិក វាអស់ច្រើន ទំរាំចំពេទ្យហ្នឹង។ បើមកចំពេទ្យតែម្តង វាមិនសូវអស់ច្រើន។ ប៉ុន្តែយើងអត់ដឹង យើងរាវរហូតប៉ុន្មានឆ្នាំ យើងរាវ។ អត់ស្គាល់ អត់ដឹង ដឹងថាក្នុងស្បូន ហើយលឺតែគេនិយាយថាមហារីកស្បូន ដល់ក ដល់ សាច់អីចឹង ខ្ញុំមិនដែលដឹងសោះ»។
លោកទីវ សុថាន មកពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមកំពុងអង្គុយលើគ្រែមើលថែប្រពន្ធរបស់គាត់ដែលកើតជំងឺមហារីកសួតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោកបានឱ្យដឹងថាការផ្សព្វផ្សាយពីជំងឺមហារីករបស់រដ្ឋាភិបាលនៅមានកម្រិតទាបដែលជាហេតុបណ្តាលឱ្យ ប្រជាពលរដ្ឋមានការយល់ដឹងតិចតួចពីជំងឺនេះ។
«ជំងឺមហារីកហ្នឹងមិនមែនប្រជាជនហ្នឹងមិនចង់យល់ដឹងទេ ប៉ុន្តែទី១ ការផ្សព្វផ្សាយ ក៏នៅមានកម្រិត។ ទី២ កម្រិតជីវភាពប្រជាជននៅក្រ អត់សូវយល់ដឹងពីបញ្ហាហ្នឹង បើទោះជាកើត ហើយក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ព្រោះអាហ្នឹងថ្លៃថ្នាំវាថ្លៃណាស់។ អីចឹង វាមានតែតាមយថាកម្ម ហ្នឹងហើយ តាមព្រេងវាសនាហ្នឹង។ សព្វថ្ងៃហ្នឹង រឿងចំណីអាហារហ្នឹងពោរពេញដោយជាតិ គីមី ច្រើន ខ្ញុំបារម្ភៗក្មេងសារក្រោយទេ ដែលទើបនឹងកើត និងធំឡើង ហើយនៅថ្ងៃក្រោយ ទៅក្មេងកើតខ្លាំង»។
យោងតាមលទ្ធផលស្រាវជ្រាវស្តីពីវត្តមាននៃសារធាតុគីមីដែលមានគ្រោះថ្នាក់ក្នុងម្ហូបអាហារ របស់លោកស្រីបណ្ឌិត ចេក សុថាប្រធានផ្នែកគីមី និងចំណីអាហាវិទ្យាស្ថានវិទ្យាសាស្ត្រនិង បច្ចេកវិទ្យារាជបណ្ឌិតសភាកម្ពុជាបង្ហាញឱ្យដឹងថាសារធាតុគីមីមួយចំនួនដែលមាននៅក្នុងចំណីអាហារក្នុងប្រទេសកម្ពុជាអាចបង្កឱ្យមានជំងឺជាច្រើនក្នុងនោះក៏អាចបង្កឱ្យមានជំងឺមហារីកផងដែរ។
មន្ត្រីជំនាញផ្នែកជំងឺមហារីកបានឱ្យដឹងថាតាមការសិក្សារបស់អង្គការសុខភាពពិភពបានបង្ហាញឱ្យដឹងថាប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកប្រមាណជា១៥.០០០នាក់ក្នុង១ឆ្នាំ។ អ្នកកើតមហារីកប្រមាណជា១៧ភាគរយក្រោមអាយុ៣៥ឆ្នាំហើយចាប់ពីអាយុ៣៦ឆ្នាំដល់អាយុ៦០មាន៧០ភាគរយ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនកើតជំងឺមហារីកក្នុងវ័យក្មេងគឺភាគច្រើនមានអាយុពី៤៨ឆ្នាំដល់៥១ឆ្នាំក៏ប៉ុន្តែប្រជាជននៅប្រទេសដទៃកើតជំងឺនេះភាគច្រើនពីអាយុ៥៨ឆ្នាំឡើង៕
Labels:
សុខភាព
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនកើតជំងឺមហារីកក្នុងវ័យក្មេងគឺភាគច្រើនមានអាយុពី៤៨ឆ្នាំដល់៥១ឆ្នាំក៏ប៉ុន្តែប្រជាជននៅប្រទេសដទៃកើតជំងឺនេះភាគច្រើនពីអាយុ៥៨ឆ្នាំឡើង៕