លោក Kevin Rudd អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីបានទទួលការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ឲ្យបម្រើតួនាទីជាសភាតំណាងរាស្ត្រ នៅមណ្ឌល Griffith ក្នុងរដ្ឋ Queensland នៅឆ្នាំ ១៩៩៨។ដប់ប្រាំឆ្នាំបន្ទាប់ គឺថ្ងៃម្សិលមិញនេះ លោក Kevin Rudd បានប្រកាសថា
លោកនឹងលាលែងពីដំណែងជាតំណាងរាស្ត្រសភានៅចុងសប្តាហ៍នេះ ដោយលោកបានបង្ហើបថា នេះគឺជាពេលវេលា ដែលលោកត្រូវគិតគូរពីក្រុមគ្រួសាររបស់លោកវិញម្តង។ សូមចាក់ជូននូវប្រសាសន៍ផ្ទាល់របស់លោក Kevin Rudd ដែលថ្លែងទៅកាន់សភា ទាំងទឹកមុខក្តុកក្តួលក្នុងចិត្ត៖
(សំឡេង លោក Kevin Rudd)
លោក Kevin Rudd មានប្រសាសន៍អម្បាញ់មិញថា ក្រុមគ្រួសាររបស់លោកបានបូជាអ្វីៗគ្រប់យ៉ាងដើម្បីរូបលោក និងសាធារណជន និងប្រទេសជាតិ ហើយនេះគឺជាពេល ដែលលោកធ្វើអ្វីដើម្បីក្រុមគ្រួសារវិញម្តង។ លោកថា ការសម្រេចចិត្តនេះ គឺជាលទ្ធផលនៃអ្វីដែលគ្រួសាររបស់លោកបានព្យាយាមស្វែងរក ក្នុងអំឡុងពេលពីរបីខែចុងក្រោយនេះ។ លោក Kevin Rudd បានពោលដូច្នេះ ទាំងខំទប់ទឹកភ្នែកមិនឲ្យស្រក់ ហើយបានបន្តថា ការសម្រេចចិត្តលាលែងពីសភានេះ មិនបានធ្វើឡើងដោយមិនមានការគិតគូរដិតដល់នោះទេ។
ជាមួយគ្នានេះដែរ លោក Kevin Rudd បានថ្លែងជូនពរចំពោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបច្ចុប្បន្ន ដែលធ្លាប់តែប្រឈមមុខដាក់គ្នាផ្នែកនយោបាយជាមួយលោក ឲ្យមានសំណាងល្អក្នុងការដឹកនាំប្រទេស។
ទូរទស្សន៍អូស្ត្រាលី បានផ្តិតជាប់រូបភាពរបស់លោក Kevin Rudd ជូតទឹកភ្នែកបន្ទាប់ពីការប្រកាសចាកចេញពីនយោបាយនេះរួច៕