អន្តរជាតិ​ផ្តល់​សម្ភារៈបច្ចេក​​វិទ្យាព័ត៌មាន​វិទ្យា​ឲ្យ​កម្ពុជា ដើម្បី​ពង្រឹង​គុណភាព​នៅតាម​មូលដ្ឋាន



ក្រុម​អង្គការ​អន្តរជាតិ​ និង​ប្រទេស​ជា​ដៃ​គូ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រគល់​សម្ភារៈ​សិក្សា​បច្ចេក​វិទ្យា​ព័ត៌មា​នវិទ្យា ដល់​ក្រសួង​អប់រំ​កម្ពុជា ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​តាម​មូលដ្ឋាន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បាន​ថ្លែង​ថា សម្ភារៈ​ព័ត៌មាន​វិទ្យា​ទាំង​នេះ នឹង​ជួយ​
ឱ្យ​ការិយាល័យ​អប់រំ​ស្រុក​ជា​ច្រើន ធ្វើ​ការ​ប្រមូល វិភាគ និង​ប្រើប្រាស់ ព័ត៌មាន​អប់រំ​កាន់តែ​សុក្រឹត និង​កាន់តែ​មាន​ប្រសិទ្ធភាព​ជាងមុន សំដៅ​ធ្វើឱ្យ​ការរៀបចំ​ផែនការ និងការ រាយការណ៍​​កាន់តែ​មានភាពប្រសើរ​ជាងមុន។
លោក​បន្ត​ថា ការិយាល័យ​អប់រំស្រុក ក៏​នឹង​ប្រើប្រាស់​បរិក្ខារ​ទាំង​នេះ ដើម្បី​ធ្វើការកែ​លម្អ​ការងារ​ប្រាស្រ័យទាក់ទង​របស់ពួកគេ ដូចជា ការស្គែនឯកសារ និង​ការផ្ញើអ៊ីម៉េល ទៅកាន់មន្ទីរអប់រំ យុវជន និង​កីឡារាជធានីខេត្ដ និង​ទៅកាន់​ស្រុក​ដទៃទៀត នៅក្នុងខេត្ដ។
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យា​ដទៃទៀត ដូចជា ម៉ាស៊ីនថតចម្លង និងម៉ាស៊ីនស្គេន នឹងផ្ដល់​លទ្ធភាពឱ្យអ្នក រៀបចំ​ផែនការ​អប់រំ នៅតាមនាយកដ្ឋានជំនាញ មន្ទីរអប់រំ យុវជន និងកីឡា​រាជធានី-ខេត្ដ ការិយាល័យអប់រំ ស្រុក ជាពិសេស ដែល​នៅតាមតំបន់ដាច់ស្រយាល ធ្វើការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និងធ្វើការប្រាស្រ័យ ទាក់ទង​កាន់តែងាយស្រួល ដែលនាំឱ្យមានការសម្រួល​ដល់​ការចែក​រំលែក​ព័ត៌មាន និង​សេចក្ដីសម្រេចចិត្ដ​នានា និង​អាចឱ្យ​ថ្នាក់ជាតិផ្ដល់​ការគាំទ្រ​ដល់ថ្នាក់​ក្រោមជាតិ បានគាប់​ប្រសើរជាងមុន។
បើតាមអង្គការយូនីសេហ្វ ការិយាល័យអប់រំស្រុកចំនួន៩៦ មន្ទីរអប់រំ យុវជន និងកីឡា​២៤​រាជធានី​ខេត្ដ នាយកដ្ឋាន​ជំនាញ​ចំនួន១២ និងគ្រឹះស្ថានអប់រំឧត្ដមសិក្សាចំនួន២។ ជាសរុប សម្ភារៈ​ព័ត៌មាន​វិទ្យា ដែលផ្ដល់ឱ្យនេះ រួមមាន កុំព្យូទ័រ​ចំនួន ១៨០ គ្រឿង, ម៉ូនីទ័រ​ចំនួន ១៨០ គ្រឿង, UPS ចំនួន ១៨០ គ្រឿង, ម៉ាស៊ីន​ទប់ភ្លើងស្វ័យប្រវត្ដិ ១៨០ គ្រឿង, ម៉ាស៊ីន​ថតចម្លង​ដែលមានមុខងារច្រើន​យ៉ាង​ចំនួន ១៣៤ គ្រឿង, ទូឯកសារ ១៤៤, ម៉ាស៊ីនបញ្ចាំង LCD និង​ផ្ទាំងបញ្ចាំង ៦ គ្រឿង, ម៉ាស៊ីនស៊ើវើ ១ គ្រឿង និង កុំព្យូទ័រយួរដៃ ២ គ្រឿង។ តម្លៃសរុបរបស់សម្ភារៈទាំងនេះគឺ ៤៩.៥៤៣៥ ដុល្លារ រាប់បញ្ចូលទាំងការដឹក ជញ្ផូន ការដំឡើង និងការបណ្ដុះបណ្ដាលដល់អ្នកប្រើប្រាស់ផង​៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors